អភិបាលខេត្ត​កំពង់ចាម​៖ កន្លែង​បាក់ស្រុត​សួនច្បារ​មាត់ទន្លេ នឹង​ចាប់ផ្ដើម​ស្ថាបនា​ឡើងវិញ​នៅ​ថ្ងៃទី ២១ ខែកញ្ញា

អត្ថបទ៖ នួន សត្យា

អភិបាលខេត្ត​កំពង់ចាម​ឯកឧត្តម អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា កន្លែង​បាក់ស្រុត​សួនច្បារ​មាត់ទន្លេ នឹង​ចាប់ផ្ដើម​សាងសង់​ឡើងវិញ​នៅ​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ​២០២០ នាង​មុខ​នេះ ។

ឯកឧត្តម អភិបាលខេត្ត បាន​ថ្លែងប្រាប់​ដូច្នេះ​នា​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ ខណៈពេល​ចុះ​ពិនិត្យ កន្លែង​បាក់ស្រុត​សួនច្បារ​មាត់ទន្លេ ស្ថិតក្នុង​សង្កាត់​វាលវង់​ក្រុង​កំពង់ចាម ។

​សូម​រំលឹក​ផងដែរ​ថា សួនច្បារ​នៅ​មាត់ ទន្លេ​ក្នុង​ក្រុង​កំពង់ចាម បាន​បាក់ស្រុត នៅវេលា​ម៉ោង​ប្រមាណ​ជាង​១២ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ​២០២០ ហើយ​ការបាក់​ស្រុត​នេះ​មិន​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​នោះទេ ។​

​បើតាម​មន្ត្រី​សាលាក្រុង​កំពង់ចាម បាន​ឲ្យ ដឹងថា ក្រោយ​កើតហេតុ​នោះ​ភ្លាមៗ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​បញ្ជា​ឱ្យ​មន្ត្រី នៃ​មន្ទីរជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត ចុះ​សិក្សា​ជាបន្ទាន់ ដើម្បី​រក​មូលហេតុ នៃ​ការបាត់​ស្រុត​សួនច្បារ​នោះ​។​

​ជា​លទ្ធផល តាម​ការសន្និដ្ឋាន​រប​ស់​មន្ត្រី​ជំនាញ​ថា ការបាក់​ស្រុត​នេះ​អាច​បណ្តាលមកពី​ប្រព័ន្ធ​លូបង្ហូរទឹក​ចេញពី​ក្រុង​កំពង់ចាម ចូលក្នុង​ទន្លេ​មាន​សភាព​ចាស់​ទ្រុឌទ្រោម គឺជា​ប្រព័ន្ធ​លូ​សាងសង់​តាំងពី​សង្គមចាស់​មក​ម្លេះ ហើយ​មុនពេល​កើតហេតុ​ក៏មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​ក្រុង​កំពង់ចាម​នេះ​ផងដែរ ។

​ប៉ុន្តែ​យ៉ាងណាក៏ដោយ បន្ទាប់ពី​ការចុះពិនិត្យ និង​ទទួល​ព័ត៌មាន​ពី​ការស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ឯកឧត្តម ​អភិបាលខេត្ត​កំពង់ចាម បានសម្រេច​រៀបចំ​ស្ថាបនា​ឡើងវិញ​នៅ​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០​ខាងមុខនេះ នៅ​ចំណុច​សួនច្បារ​មាត់ច្រាំង​ទន្លេ ដែល​បាន​បាក់ស្រុត​នោះ ។