ដោយ៖ សម ផល្លា
បន្ទាប់ពីទទួលបានព័ត៌មាន អំពីហេតុការណ៍ ដ៏រន្ធត់ថា មានបងប្អូនប្រជាពលរដ្ឋទទួលរងគ្រោះ ដោយអគ្គិភ័យឆាបឆេះលំនៅដ្ឋាន ស្ទើគ្មានសល់ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នេះ លោកជំទាវ ជំទាវកុល ធារិន សមាជិករដ្ឋសភា រួមដំណើរដោយ ឯកឧត្តម ច្រឹង គឹមស្រ៊ាងសមាជិកព្រឹទ្ធសភា លោកជំទាវ ស្រី គឹមឆយ សមាជិករដ្ឋសភាអញ្ជើញចុះសួរសុខទុក្ខនិងនាំអំណោយសង្គ្រោះបន្ទាន់របស់ឯកឧត្តម ហ៊ុន ណេង និង លោកជំទាវទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយអគ្គីភ័យ ៣គ្រួសារ ស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
នាឱកាសនោះដែរ ឯកឧត្តម ច្រឹង គឹម ស្រ៊ាង បានពាំនាំ នូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្ដម ហ៊ុន ណេង ជូនចំពោះ បងប្អូនប្រជាពលរដ្ឋរងគ្រោះ ទាំង ៣គ្រួសារ ។ ជាមួយនោះ ឯកឧត្តម ក៏បានចូលរួម នូវការសោកស្ដាយ ចំពោះ គ្រោះថ្នាក់នេះ ដែលបានធ្វើឲ្យបងប្អូនបាត់បង់ ទាំងទ្រព្យសម្បត្តិ និងផ្ទះសម្បែង ដែលបានមកដោយការបាកបំផុត ហើយត្រូវបានបំផ្លាញ តែមួយពព្រិចភ្នែក ដោយសារអគ្គិភ័យ ដូចពាក្យចាស់លោកថា ៖ «ស៊ូស្លាប់បា កុំឲ្យស្លាប់មេ ស៊ូលិចទឹកកណ្ដាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ» នោះ ។
ដោយឡែកជាមួយនឹងការចូលរួមរំលែកទុក្ខលំបាកទាំងអស់នេះដែរ ឯកឧត្តម ក៏បានលើកទឹកចិត្ត ទៅដល់គ្រួសាររងគ្រោះទាំង៣សូមកុំអស់សង្ឃឹមពោលគឺត្រូវប្រឹងប្រែងសារជាថ្មីដើម្បី ស្ដារជីវភាព ឡើង វិញពីព្រោះថាពេលនេះអ្វីៗវាបានរលាយអស់ទៅក៏ពិតមែនប៉ុន្តែយើងនៅមានជីវិតរស់នៅ ដែលចាំបាច់ ណាស់ត្រូវតែជំនះឧបសគ្គ និងតស៊ូព្យាយាមក្នុងជីវិតបន្តទៀត តាមរយៈ ការខិតខំប្រឹងប្រែងបង្កបង្កើនផល និងការប្រកបអាជីវកម្មផ្សេងៗ ដើម្បី ជីវភាពក្នុងគ្រួសារ នាពេលអនាគត ។
នាឱកាសនោះដែរលោកជំទាវសមាជិករដ្ឋសភាឯកឧត្តមសមាជិកព្រឹទ្ធសភាក៏បាននាំយកអំណោយរបស់ឧត្តមហ៊ុន ណេងនិងលោកជំទាវ ទៅចែកជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះទាំង ៣គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ១បេ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រី ១យួរ ប្រេងឆា១ដបនិងថវិកា ៥០ម៉ឺនរៀល ក្នុងនោះថវិកាឯកឧត្តម ច្រឹង គឹមស្រ៊ាង១គ្រួសារ ៥ម៉ឺនរៀល ៕