អត្ថបទ៖ ចិន សារ៉ាត
លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាង ឯកឧត្ដមអភិបាល ខេត្តកំពង់ចាម មានប្រសាសន៍ ចាត់ទុកថា បងប្អូនដែលមកផ្ដល់ឈាម នៅថ្ងៃនេះ គឺសុទ្ធតែជាវីរៈជន និងវីរៈភាពស្នេហាជីវិតមនុស្ស និងសង្គមជាតិ ពីព្រោះថា បងប្អូនកំពុងរួមគ្នាធ្វើបុណ្យ ដើម្បី សង្គ្រោះជីវិតមនុស្ស ។ ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសដែលលោកជំទាវ រួមជាមួយ លោកជំទាវ តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម អនុប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកព្រៃឈរ អញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងទទួលអំណោយឈាម ក្រោមប្រធានបទ ៖ «ផ្ដល់ឈាម ផ្ដល់សេចក្ដីស្រឡាញ់» ដែលរៀបចំនៅរដ្ឋបាលសាលាស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នេះ ។
ស្ថិតក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី អភិបាលរង ខេត្តកំពង់ចាម និងលោកជំទាវ តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះ លោក លោកស្រី បងប្អូនជនរួមជាតិ ទាំងអស់ ដែលបានជួយគាំទ្រនូវកម្មវិធីយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងទទួលអំណោយឈាម គឺផ្ដល់សេចក្ដីស្រឡាញ់ ទឹកចិត្តមនុស្សធម៌ ដំណក់ឈាម នៃក្ដីសង្ឃឹម ជាពិសេស បាននឹងកំពុងបរិច្ចាកឈាម ដោយស្ម័គ្រចិត្ត ។
ជាមួយនោះ កាយវិការទាំងអស់នេះ ក៏បានបង្ហាញនូវការចូលរួមយ៉ាងសកម្ម ក្នុងការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា និងការចូលរួមបរិច្ចាករបស់បងប្អូន ដើម្បី យកទៅប្រើប្រាស់ ក្នុងរណីសង្គ្រោះបន្ទាន់ និងជួយដល់អ្នកជម្ងឺ ដែលកំពុងខ្វះឈាម និងអ្នកជួបគ្រោះថ្នាក់ផ្សេងៗ ។ ដូច្នេះ ការបរិច្ចាកឈាម ដើម្បី សង្គ្រោះជីវិតមនុស្ស គឺមានសារៈសំខាន់ណាស់ ពីព្រោះថា ការបរិច្ចាកឈាម គឺដើម្បី បញ្ឈប់បញ្ហាកង្វះឈាម ឬនិន្នាការ នៃការជួញដូរឈាម ដោយខុសច្បាប់ ខណៈពេលដែលតម្រូវការឈាម មានការកើនឡើងជារៀងរាល់ឆ្នាំ ក្នុងរង្វង់ប្រមាណពី ១៥% ទៅ ២០% នោះ ។
លើសពីនេះទៅទៀតនោះ អំណោយឈាមដោយស្ម័គ្រចិត្ត ពីក្នុងចំណោមបងប្អូនជនរួមជាតិ ពូ មីង មន្ត្រី បុគ្គលិកធ្វើការ គឺជាផលប្រយោជន៍ ក្នុងការជួយសង្គ្រោះអ្នកជម្ងឺ ដែលកំពុងត្រូវការឈាម នៅតាមមន្ទីរពេទ្យនានា នៅរាជធានីភ្នំពេញ និងទូទាំងប្រទេស ដែលក្នុងមួយថ្ងៃៗ កំពុងត្រួវការឈាមយ៉ាងច្រើន ដែលចំនួននេះ បន្តកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ ផងដែរ ។
បើតាមឲ្យដឹង ពីលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បញ្ជាក់ថា ការប្រារព្ធពិធីផ្ដល់ឈាម នាពេលនេះ ដើម្បី ៖ ១.បង្កើតទម្លាប់ និងវប្បធម៌ នៃការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត និងជម្រុញលើកកម្ពស់ឲ្យយុវជន ប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាព ជាមួយសេវាកម្មជាតិផ្ដល់ឈាម នៅទូទាំងប្រទេស ដើម្បី ធានាឲ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជម្ងឺ ដែលកំពុងត្រូវការឈាម នៅគ្រប់មន្ទីរពេទ្យ ដោយគ្មានការរើសអើង និងមប្រកាន់ជាតិសាសន៍ ឬសាសនា ។ និង២.ផ្សាភ្ជាប់សកម្មភាព នៃការបរិច្ចាកឈាម ដោយស្ម័គ្រចិត្ត ទៅនឹងសកម្មមនុស្សធម៌ ក្នុងសង្គម ។
គូសបញ្ជាក់ដែរថា ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ និងទទួលអំណោយឈាម នេះដែរ គេសង្កេតឃើញថា មានអ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាម សរុបប្រមាណជា ៣២នាក់ និងទទួលបានឈាមចំនួន ៣២ប្លោក ផងដែរ ៕