នាយក​ល្អ និង​គ្រូ​ឆ្នើម ១៥ នាក់​បានទទួល​ពានរ​ង្វាន់ សម្ដេច​តេ​ជោ ហ៊ុន សែន​

អត្ថបទ៖ នួន សត្យា

រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា ឯកឧត្តមបណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន និង​លោក អ៊ុន ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម នៅ​រសៀល​ថ្ងៃទី ១៥ ខែមិថុនា​ឆ្នាំ ២០២០ បានរៀបចំ​ពិធី​ប្រគល់​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ជូន​ដល់ នាយក​ល្អ និង​គ្រូ​ឆ្នើម​ចំនួន ១៥​នាក់ នៅ​សាលា​គរុ កោសល្យ និង វិ​ក្រិត​ការ ខេត្តកំពង់ចាម ។

​ក្នុងឱកាស​នោះ ឯកឧត្តមបណ្ឌិតសភា​ចា​រ្យ​ហង់ ជួនណា​រ៉ុ​ន បាន​មាន​ប្រា​សាសន៍​ថា កន្លងមក មានតែ​លោកគ្រូ អ្នកគ្រូ​ក្នុង​ខេត្តកំពង់ចាម ដែល​បានទទួល​ពានរង្វាន់​ច្រើនជាង​តាម​បណ្ដាល​ខេត្ត​ផ្សេងៗ​ទៀត​រួមទាំង​ក្នុង​ពេលនេះ សម្រាប់​ខេត្តកំពង់ចាម បានទទួល​នូវ​ពានរង្វាន់ សម្ដេច​អគ្គមហាសេនាបតី តេ​ជោ​ហ៊ុន សែន ដោយ​ក្នុងនោះ​មាន​នាយក​ល្អ​ចំនួន ៥ នាក់ , គ្រូ​ល្អ​ចំនួន ៣ នាក់ , គ្រូ​ឆ្នើម​ភាសា​ខ្មែរ​ចំនួន ៤​នាក់ , និង​គ្រូ​ឆ្នើម​គណិត​ចំនួន ៣ នាក់​ផងដែរ ។

​ឯកឧត្តមបណ្ឌិតសភា​ចា​រ្យ បាន​ថ្លែងបន្តថា នៅក្នុង​ខណៈពេលដែល​ពិភពលោក​រួមជាមួយ​ក​ម្ពុ​ជា​យើង​ផងដែរ ដែល​កើតមាន​ជំងឺ​កូ​វីដ​១៩ ក្រោម​វិធានការ​ដឹកនាំ​របស់​ស​ម្ដេច​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​យើង មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ នេះ ចំនួន​តិចតួច​ជាងគេ​នៃ​ប្រទេស​ក្នុង​តំបន់ ។

​ទន្ទឹមនឹង​នេះដែរ​ក្នុងកំឡុងពេល​ប្រទេសជាតិ​កំពុង​ប្រើ​វិធានការ​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ក្រសួង​អប់រំ​យុវជន​និង​កីឡា​សហការ​ជាមួយ ក្រសួង​ព័ត៌មាន បាន​បង្កើត ឲ្យ​សិស្ស​បាន​សិក្សា​រៀនសូត្រ​តាម​ប្រព័ន្ធ​អន​ឡាញ និង​បង្កើត ទូរទស្សន៍​តាម​ផ្កាយរណប​មួយ ដើម្បីឱ្យ​សិស្ស​ដែល​នៅ​តំបន់​ដាច់ស្រយាល​គ្មាន​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​សិក្សា​តាម​ទូរទស្សន៍​នោះ​ផងដែរ ។​