អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​បច្ចេកទេស ការស្ថាបនា ការពារ​បាក់​ច្រាំងទន្លេ

នួន សត្យា

(​កំពង់ចាម​)៖ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា នៅ​ព្រឹក​ថ្ងៃទី​១៥ មិថុនា ២០២១​នេះ បាន​ដឹកនាំ​ក្រុមការងារ មន្ទីរជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​បច្ចេកទេស ការងារ​ស្ថាបនា ទប់​ការបាក់​ច្រាំងទន្លេ ៣​កន្លែង នៅ​ស្រុក​ស្រី​សន្ធរ និង​ស្រុក​កងមាស ដែលមាន​ប្រវែង សរុប ២.០០០ ម៉ែត្រ ។​

​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ចំណុច​ស្ថាបនា ការពារ​បាក់​ច្រាំងទន្លេ ចំនួន ៣​កន្លែង ១​កន្លែង​ស្ថិតនៅក្នុង​ឃុំ​ឬ​ស្សី​ស្រុក ,២ នៅក្នុង​ឃុំ​កោះអណ្តែត ក្នុងស្រុក​ស្រី​សន្ធរ និង​កន្លែង​ទី​៣ ស្ថិតក្នុង​ឃុំ​សូ​គង ស្រុក​កងមាស ដែល​សរុប ប្រវែង ២.០០០ ម៉ែត្រ ។​

​ ឯកឧត្តម អភិបាលខេត្ត បាន​បន្តថា កន្លងមក នៅ​រដូវ​ទឹកជំនន់ ច្រាំងទន្លេ​ក្នុងភូមិ​សាស្ត្រ នៃ​ស្រុក​ទាំងពីរ​ខាងលើ គឺមាន​ការបាក់​ច្រាំងទន្លេ និង​ប៉ះពាល់​ដល់​ដីធ្លី បង្កបង្កើត​ផល​របស់​ប្រជាពលរដ្ឋ ។

ឯកឧត្តម ​អភិបាលខេត្ត បាន​ឲ្យ​ដឹង​ទៀតថា ដោយ​មើលឃើញ​អំពី​បញ្ហា​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ដូច្នេះ ទើប​អាជ្ញាធរខេត្ត​កំពង់ចាម បានស្នើ​សុំ​ទៅ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​សម្ដេច បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន ធ្វើការ​ស្ថាបនា ដើម្បី​ការពារ​ច្រាំងទន្លេ​នេះ កុំ​ឲ្យ​បាក់​បន្តទៀត ។

ឯកឧត្តម ​អភិបាលខេត្ត បាន​បញ្ជាក់ថា ការស្ថាបនា ការពារ​ច្រាំងទន្លេ​ខាងលើ ជា​លទ្ធផល​រហូតមក​ដល់ពេលនេះ គឺ​ខាង​ក្រុមបច្ចេកទេស សាងសង់​បាន​ក្នុង​រង្វង់ ៦០ ភាគរយ ហើយ ។ ជាមួយគ្នានេះ​អាជ្ញាធរខេត្ត​រំពឹងទុក​ថា កិច្ចការ​ខាងលើ​នឹង​ស្ថាបនា​រួចរាល់ នៅក្នុង​ដើមរដូវ​វស្សា​នេះ ពោលគឺ​មុន​ទឹកទន្លេ​មេគង្គ​ឡើង ។​