ឯកឧត្តម លី សារ៉ារិទ្ធ ដឹកនាំកិច្ចប្រជុំ បិទសវនកម្ម រវាងអាជ្ញាធរសវនកម្មជាតិ និងអង្គភាពសវនកម្មក្នុងខេត្ត

លី ស៊ីយ៉ា

នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរង តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ បិទសវនកម្ម រវាងអាជ្ញាធរសវនកម្មជាតិ និងអង្គភាពសវនកម្មក្នុងខេត្ត ។ ដែលកិច្ចប្រជុំនេះ បានរៀបចំនៅសាលប្រជុំបន្ទប់ Video Conference សាលាខេត្ត តាមរយៈ ប្រព័ន្ធវីដេអូ Zoom ដោយមានការចូលរួម ពីលោក លោកស្រី ប្រធាន អនុប្រធាន តំណាងមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប ផងដែរ​ ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បី កែម្រួលលទ្ធផលសវនកម្ម ដែលប្រតិភូអាជ្ញាធរសវនកម្មជាតិបានរកឃើញ   អោយថ្នាក់ដឹងនាំមន្ទីរពាក់ព័ន្ធទាំងអស់ បានជ្រាប ដើម្បី កែលំអរទាំងអស់គ្នា នូវលទ្ធផល នៃការធ្វើសវនកម្មនេះ ។ ក្នុងនោះដែរ អាជ្ញាធរសវនកម្មជាតិ បានផ្ដល់អនុសាសន៍ថ្មីចំនួន ៦ចំណុចទៀត ដែលក្រុមការងារបានរកឃើញ ក្នុងចំណោមអនុសាសន៍ចាស់ចំនួន ០៩ ដែលនៅបន្តកើតឡើង ដើម្បី ដាក់ជូនដល់ថ្នាក់ដឹកនាំខេត្ត ជួយពិនិត្យ ផងដែរ ។

អាជ្ញាធរសវនកម្មជាតិ បានលើឡើងថា  ចំពោះ ការតាមដានការអនុវត្តអនុសាសន៍ ក្នុងចំណោម៣ចំណុចដែល ឯកឧត្តម បណ្ឌិត ឡុង អាទិច្ចបូរា អគ្គលេខាធិការ នៃអាជ្ញាធរសវនកម្មជាតិ បានលើកឡើង មាន ៖ ទី១.ការបំបែកគម្រោងចំណាយ ដើម្បី តម្រូវសិទ្ធិសម្រេចរបស់ខ្លួន ។ ទី២.ការចំណាយពុំសមស្របតាមចំណាក់ថ្នាក់ សេដ្ឋកិច្ច នៃមាតិកាថវិកា ។ ទី៣.សមាសភាពគណៈកម្មការបញ្ចីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃរដ្ឋបាលខេត្តពុំសមស្រប ។   

នាឱកាសនោះដែរ អាជ្ញាធរសវនកម្ម  ក៏បានជម្រាបជូនខ្លឹមសារសង្ខេប នៃកិច្ចការកែសម្រួលសវនកម្ម  ជូនឯកឧត្តមអភិបាលរងខេត្ត សម្របសម្រួល និងពិភាក្សាគ្នា ដើម្បី ឲ្យការអនុវត្តការងារសមស្របទៅនឹងអនុសាសន៍ ដែលបានដាក់ដោយអាជ្ញាធរសវនកម្មជាតិ ។ ក្នុងនោះដែរ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត ក៏បានសម្ដែងនូវការកោតសរសើរ ចំពោះ ការខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធនានា ជាពិសេស ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តទទួលបានលទ្ធផលល្អប្រសើរ ស្របតាមបទដ្ឋានគតិយុតផ្សេងៗ   នឹងខិតខំអនុវត្ត នូវកិច្ចការងារដែលមិនទាន់បានសម្រេច ដើម្បី ឲ្យស្របតាមគោលនយោបាយចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ៕