រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងអភិបាលខេត្តកំពង់ចាម សំណេះសំណាលជាមួយលោកតាអាចារ្យ និងបរិស័ទចំណុះជើងវត្តបឹងទីង មុនពេល ផ្លាស់ប្ដូរចៅអធិការវត្ត

នួន សត្យា

​ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ២០២៤ នេះ បានសំណេះសំណាលជាមួយលោកតាអាចារ្យគណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តបឹងទីង មុនពេលធ្វើការផ្លាស់ប្ដូរចៅអធិការវត្ត ស្ថិតនៅក្នុងភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ។

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា គោលបំណងក្នុងការជួបសំណេះសំណាលជាមួយលោកតា លោកយាយ ពុទ្ធបរិស័ទចំណុះជើងវត្តបឹងទីង នាឱកាសនេះ គឺដោយសារត្រូវនិមន្តព្រះអង្គ ប៉ាង សូដា មកធ្វើជាចៅអធិការវត្ត ជំនួសចៅអធិការវត្តមុន ដែលព្រះអង្គមានជំងឺ មិនអាចបន្តដឹកនាំបាន ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ប្រការដែលធ្វើកិច្ចជាបន្ទាន់នេះ ដោយសារប្រញាប់ឲ្យបានមុនពេលចូលវស្សា ដើម្បីកុំឲ្យប៉ះពាល់ដល់កិច្ចប្រតិបត្តិ ធម៌វិន័យរបស់ព្រះសង្ឃ ។ ដូច្នេះការធ្វើកិច្ចបែបសាសនា ក្នុងការតែងតាំងព្រះចៅអធិការវត្តថ្មី និងប្រព្រឹត្តទៅនាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ ខាងមុខនេះ ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាបានមានប្រសាសន៍នាឱកាសនោះផងដែរថា បន្ទាប់ពីបានធ្វើដំណើរឆ្លងកាត់ស្រុកស្រីសន្ធរ ឃើញថា ក្នុងមូលដ្ឋាននេះ ក៏មានការអភិវឌ្ឍច្រើនផងដែរ ដែលទាំងនោះគឺដោយសារប្រទេសយើង មានសុខសន្តិភាព ។ ទន្ទឹមនិងនេះ វិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ក៏បានសម្រេច និមន្តព្រះអង្គ ប៉ាង សូដា មកគង់នៅធ្វើព្រះចៅអធិការវត្តបឹងទីងនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា ប្រការដែលធ្វើឲ្យមានការផ្លាស់ប្ដូរ ព្រះចៅអធិការវត្តនាពេលនេះ គឺដោយសារកត្តា ទ្រើសចៅអធិការវត្តព្រះនាម ទូច សុខេន ដែលមានព្រះជន្ម ៧៣ ព្រះវស្សា មានរោគាពាធមិនអាចបន្តដឹកនាំវត្តនេះបាន។ ម្យ៉ាងទៀត ដោយសារ ការចូលព្រះវស្សា និងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៤ ខាងមុខនេះ ដូច្នេះទើបមានការរៀបចំឲ្យមានអ្នកគ្រប់គ្រងវត្ត ដើម្បីដឹកនាំវត្តនេះ ឲ្យមានការរីកចម្រើនបន្ថែមទៀត ៕