មេគណ​ខេត្តកំពង់ចាម ដឹកនាំ​មន្ត្រី​សង្ឃ​ប្រគល់​អំណោយ​ដល់​សាខា​កាកបាទក្រហម​ខេត្ត ចូលរួម​ក្នុង​កិច្ចការ​មនុស្សធម៌

អត្ថបទ៖ នួន សត្យា

ព្រះ​តេជគុណ ប៊​ត តាំង​ឆេង មេគណ​ខេត្តកំពង់ចាម នៅ​រសៀល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ បាន​ដឹកនាំ​មន្ត្រី​សង្ឃ នាំនូវ​អំណោយ​មាន​គ្រឿង​ឧបភោគបរិភោគ យកមក​ប្រគល់ជូន ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅ​សាលាខេត្ត​កំពង់ចាម​ដើម្បី​ចូលរួម​ក្នុង​កិច្ចការ​មនុស្សធម៌ ។

​តាម​ព្រះ​មេគណ​ខេត្តកំពង់ចាម​បាន​មាន​សង្ឃដីកា​ថា អំណោយ​សប្ប​រសធម៌​ទាំងនោះ មានការ​ចូលរួម​ចែករំលែក​ពី​មន្ដ្រី​សង្ឃ ក្នុង​ខេត្ដ​កំពង់ចាម មាន​ព្រះ​អនុគណ និង​សហការី ទាំង​១០ ក្រុង​/​ស្រុក​ក្នុង​ខេត្តកំពង់ចាម​តែម្តង​។ ដែល​អំណោយ​រួមមាន អង្ករ ១០០​បាវ (១​បាវ ស្មើនឹង ៥០​គីឡូក្រាម​), ឃី​ត (​បន្លុង​) ១០០ កញ្ចប់ និង​ថវិកា ៦​លាន​រៀល​។​

​ព្រះអង្គ ប៊​ត តាំង​ឆេង មាន​សង្ឃដីកា អោយដឹងទៀតថា អំណោយ​ទាំងអស់​ត្រូវបាន​ប្រគល់​ជូន សាខា​កាកបាទក្រហម​ខេត្ត ទុក​សម្រាប់​ជា​អំណោយ​មនុស្សធម៌ ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ តាម​ការចាត់ចែង របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម ។

​ជាមួយគ្នា​នោះដែរ អភិបាលខេត្ត​ឯកឧត្តម អ៊ុន ចាន់​ដា បាន​សំដែង​ការគួរសម និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ព្រះអង្គ​មេគណ​ខេត្ត និង​មន្ដ្រី​សង្ឃ​សាលា​គណ​ខេត្ដ​កំពង់ចាម .​ព្រះ​អនុគណ ព្រមទាំង​សហការី ទាំង​១០ ក្រុង​/​ស្រុក ដែលមាន​សទ្ធា​ជ្រះថ្លា បាន​ចូលរួម​ក្នុង​កិច្ចការ​មនុស្សធម៌​នេះ ។ ទន្ទឹមនឹងនោះ​លោក​អភិបាលខេត្ត ក៏បាន​ប្រគេន នូវ​លិខិត​ថ្លែងអំណរគុណ ប្រគេន​គ្រប់​វត្ត​ទាំង ៣៧៦ វត្ត​ផងដែរ​៕​