នួន សត្យា

(កំពង់ចាម)៖ ឯកឧត្តម ខ្លូត ចិន្តាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាមនិងលោកជំទាវព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បាននាំយកនូវទេយ្យទាន (សម្រាប់ព្រះសង្ឃចូលព្រះវស្សា) ជារបស់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចំការលើ និងលោកជំទាវ ទៅប្រគេនព្រះសង្ឃចំនួន៣វត្ត គឺវត្ត ពោធិអង្គសិរីវន្ត(វត្តអូរវាយ) វត្តព្រហ្មារាម (ពព្រេង) និងវត្តពោធិមារាម(ស្ពឺ) ក្នុងឃុំស្ពឺ ។
ឯកឧត្តម ខ្លូត ចិន្តា បានមានប្រសាសន៍ឲ្យដឹងថា ទេយ្យទានដែលបានប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត នៅពេលនោះ ដោយក្នុង ១វត្ត មានទៀនចំណាំព្រះវស្សា, សំពតស្លាដក,អង្ករ,មី,ទឹកត្រី,ទឹកស៊ីវអ៉ីវ, និងទឹកបរិសុទ្ធ,ព្រមទាំងបច្ច័យមួយចំនួនផងដែរ ។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ផងដែរថា បុណ្យកុសលដែលកើតមាននាក្នុងថ្ងៃនេះ លោក សូមឧទ្ទិសជូនអ្នកដ៏មានគុណទាំងឡាយ ដែលបានទៅកាន់បរលោកហើយ និងសូមឲ្យ ពុកម៉ែ មាមីបងប្អូនប្រជាពលរដ្ឋ មានសុខភាពល្អ ពិសេសសូមឲ្យជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា និងសូមឲ្យជំងឺដ៏កាចសាវនេះ អន្តរធានរសាយបាត់ពីភពផែនដីនេះក្នុងពេលឆាប់ៗនេះ។