ក្នុងរយៈពេល ២សប្ដាហ៍ បទល្មើសនេសាទ នៅក្នុងស្រុកចំនួន៣ នៃខេត្តកំពង់ចាម ត្រូវបានជំនាញបង្រ្កាបទាន់ពេលវេលា

លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ដោយមានការអនុញ្ញាតពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជាអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ខណ្ឌរដ្ឋបាលជលផល បានសហការជាមួយគណៈបញ្ជាការឯកភាពស្រុកទាំង៣ និងប៉ុស្តិ៍នរគបាលក្នុងមូលដ្ឋាន បានចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅក្នុងស្រុកចំនួន ០៣ នៃខេត្តកំពង់ចាម ។


លោកនាយខណ្ឌ បានបញ្ជាក់ថា រាប់ចាប់ពីថ្ងៃទី០១ ដល់១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះប្រតិបត្តិការបង្រ្កាបបទលើ្មស ចំនួន ០៦លើក ស្មើនឹង ១៨ករណី ធ្វើកិច្ចសន្យាមុខសញ្ញាល្មើស ០៧ករណី និងចុះល្បាត ០៤លើក នៅក្នុងស្រុកបាធាយ ជើងព្រៃ និងស្រុកកងមាស ។ លោកបានឲ្យដឹងដែរ ជាក់ស្ដែង ការចុះបង្ក្រាបបទល្មើស នៅក្នុងស្រុកទាំង ៣ យើងសម្រេចបាន ៖ ១.ស្រុកបាធាយ បានរឹបអូស លូស្បៃមុងចំនួន ៧២មាត់ របាំស្បៃមុងប្រវែង ១.៩២០ម៉ែត្រ ស៊ងប្រវែង ៣៥០ម៉ែត្រ បង្កោលចម្រឹងចំនួន ៧៧០ដើម និងកូនត្រីចម្រុះប្រមាណ ២១គក្រ ។ ២.ស្រុកកងមាស រឹបអូស លូស្បៃមុងចំនួន ២៤មាត់  របាំស្បៃមុងប្រវែង ១.១៥០ម៉ែត្រ ស៊ងប្រវែង ២៥០ម៉ែត្រ បង្កោលចម្រឹងចំនួន ៣២០ដើម ។ និង៣.ស្រុកជើងព្រៃ រឹបអូស បានលូស្បៃមុងចំនួន ៧៨មាត់ របាំស្បៃមុងប្រវែង ២.២៧៥ម៉ែត្រ បង្កោលចម្រឹងចំនួន ៧៩៥ដើម កូនត្រីចម្រុះទប្រមាណ ១៦៣គីឡូក្រាម ។

លោកនាយខណ្ឌ បានអះអាងដែរថា ទន្ទឹមនឹងការចុះបង្ក្រាបនេះដែរ ក្រុមជំនាញ ក៏បានចាក់លែងកូនត្រីទៅក្នុងបឹងធម្មជាតិវិញ និងបំផ្លាញឧបរកណ៍ល្មើសនៅនឹងកន្លែងផ្ទាល់ ។ ក្រៅពីនោះ យើងក៏លើកផែនការ ដើម្បី ចុះអនុវត្តការងារបង្ក្រាបបទល្មើសនេសាទនេះ នៅតាមបណ្ដាស្រុកគោលដៅផ្សេងៗទៀត ដើម្បី ការពារធនធានជលផល នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ផងដែរ ៕