រដ្ឋលេខាធិការក្រសួងកិច្ចការនារី ជំរុញឲ្យមានការ លើកកម្ពស់សមភាពយេនឌ័រ និងចូលរួមការលុបបំបាត់ការរើសអើងចំពោះជនមានពិការភាព

(កំពង់ចាម) លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ សកម្មភាពជនពិការ នៃក្រសួងកិច្ចការនារី ជំរុញឲ្យមានការយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់លើការចូលរួមគាំទ្រ លើកកម្ពស់សមភាពយេនឌ័រ និងចូលរួមការលុបបំបាត់ការរើសអើងចំពោះជនមានពិការភាព ជាពិសេសស្ត្រីមានពិការភាព។

ថ្លែងបែបនេះនាឱកាស លោកជំទាវ អញ្ជើញចូលរួម ពិធីបើកវគ្គបណ្តុះបណ្ដាល ស្ដីពី «ជំនាញស្វែងរកការគាំទ្រមកលើបញ្ហាយេនឌ័រ និងពិការភាព» នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។

លោកជំទាវរដ្ឋលេខាធិការ បានបន្តថា យោងតាមការសិក្សាស្រាវជ្រាវការប៉ាន់ប្រមាណអំពីយេនឌ័រនៅកម្ពុជា បានបង្ហាញឲ្យឃើញដែរថា ស្ត្រីពិការងាយនឹងទទួលរងគ្រោះដោយសារអំពើហឹង្សាផ្លូវភេទ ផ្លូវកាយ និងផ្លូវចិត្ត នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃច្រើនជាងអ្នក ដែលមានកាយសម្បទាគ្រប់គ្រាន់។ ប៉ុន្តែបច្ចុប្បន្ននេះស្ត្រី និងជនពិការ មានស្ថានភាពល្អប្រសើរជាងមុន ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានការយល់ដឹងកាន់តែច្រើនពីសំណាក់ប្រជាពលរដ្ឋ។ ជាងនេះទៅទៀតដោយសារ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំ និងបង្កើតគោលនយោបាយយន្តការច្បាប់នានាជាច្រើន ដើម្បីជួយសម្រួលដល់ជីវភាពជនមានពិការភាព ដូចជាផ្តល់ ប័ណ្ណមូលនិធិសមធម៌សុខាភិបាល កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បើករបបគោលនយោបាយដល់ជនពិការក្រីក្រនៅតាមសហគមន៍។

បើតាមរបាយការណ៍របស់ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានឲ្យដឹងថា ខេត្តកំពង់ចាមមានជនមានពិការភាពសរុបចំនួន១៦.៧៩៨នាក់ក្នុងនោះអាយុក្រោម១៨ឆ្នាំ មានចំនួន ១.៣៩៤នាក់ និងជនមានពិការភាពស្ថិតក្នុង គ្រួសារមានប័ណ្ណសមធម៌មានចំនួន ៣.៩៨៩នាក់ ក្នុងនោះជនមានពិការភាពចំនួន ១.៤២៦ នាក់បានចុះឈ្មោះចូលក្នុងកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារទទួលបានប្រាក់ឧបត្ថម្ភ ប្រចាំខែពីរដ្ឋាភិបាល និងជនពិការភាពចំនួន ១២.៩០២នាក់ ទទួលបានបណ្ណសំគាល់ជនមានពិការភាព។

សូមបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះដែរក៏មានការចូលរួមពី ឯកឧត្ដម អនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោកជំទាវ អនុរដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី, លោកស្រី អនុប្រធានមន្ទីរកិច្ចការនារីខេត្ត, លោក លោកស្រី តំណាងមន្ទីរពាក់ព័ន្ធ, មន្ត្រីមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ចំនួន ៧ខេត្ត រួមមាន៖ ខេត្តកំពង់ចាម, ត្បូងឃ្មុំ, ខេត្តក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី, រតនគិរី និងខេត្តព្រៃវែង, ធ្វើឡើងរយៈពេល ៣ថ្ងៃ ។