អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំ ដើម្បីដាក់ផែនការ ក្នុងការប្រឡងជ្រើសរើសមន្ត្រីនាថ្ងៃទី២៨ ខែវិច្ឆិកាខាងមុខ

ចិន​​ សារ៉ាត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ស្នើឲ្យអនុរក្សត្រូវអនុវត្តនូវតួនាទី និងធ្វើជាគំរូល្អ ព្រោះថានេះជាលើកទីមួយហើយ ដែលការប្រប្រឡងនេះ ធ្វើនៅក្នុងខេត្តរបស់យើង។ ថ្លែងយ៉ាងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តមដឹកនាំកិច្ចប្រជុំនៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីដាក់ផែនការក្នុងការប្រឡងជ្រើសរើសមន្ត្រីនាថ្ងៃទី២៨ ខែវិច្ឆិកា ខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតអនុគណៈកម្មការមេប្រយោគ អនុគណៈកម្មការកណ្ដាល អនុគណៈកម្មការអនុរក្សអនុគណៈ កម្មការអប្បមាទ និងអនុគណៈកម្មការសន្តិសុខនៃអនុគណៈកម្មការរៀបចំប្រលងជ្រើសរើសសិស្ស និងនិស្សិតឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្ត។ ដោយសារកិច្ចការប្រឡងនេះ មានសារសំខាន់និងកិត្តិយសខេត្តរបស់យើងស្នាឲ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ក្នុងតួនាទីរបស់ខ្លួនជាពិសេសការងារសន្តិសុខខាងក្រៅនិងខាងក្នុងមណ្ឌលប្រឡង។ ក្រៅពីនេះ សូមឲ្យបេក្ខជនប្រលងត្រូវយកកាតចាក់វ៉ាក់សាំងមកជាមួយផងបើអត់កាតចាក់វ៉ាក់សាំងមិនឲ្យចូលប្រឡង។ ជាមួយនោះយើងបានសម្រេចយកវិទ្យាល័យដីដុះជាមណ្ឌលប្រឡង៕