ប្រជា​ពលរដ្ឋ​សាទរ​អាជ្ញាធរ​ខេត្តកំពង់ចាម​ដែល​បាន​សាងសង់​ផ្លូវ​បេតុង​ជុំវិញ​ប្រាសាទ​នគរ​បា​ជ័យ

អត្ថបទ៖ នួន សត្យា

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អំពិល តំណាង​ដោយ​អាជ្ញាធរ​ភូមិ និង​ឃុំ នៅ​ព្រឹក​ថ្ងៃទី ១៧ ខែកក្កដា​ឆ្នាំ​២០២០ នេះ បាន​ថ្លែងអំណរគុណ ដល់ អាជ្ញាធរខេត្ត​កំពង់ចាម ជាពិសេស​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត ដែល​បាន​ផ្ដួចផ្ដើម ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ រួចរាល់​ជា​ស្ថាពរ មាន​ប្រវែង​ជិត ២០០០ ម៉ែត្រ ព័ទ្ធជុំវិញ​ប្រាសាទ​នគរ​បា​ជ័យ ស្ថិត​ក្នុងស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

​បើតាម​លោក ឆាយ ស៊ី​ផន អនុ​ភូមិ​ជង្ហុក តំណាងអោយ​ប្រជាពលរដ្ឋ បាន​ថ្លែង​ឲ្យ​ដឹងថា ក្នុងនាម​ប្រជាពលរដ្ឋ​ក្នុងភូមិ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អាជ្ញាធរខេត្ត​កំពង់ចាម ជាពិសេស​លោក​អ៊ុន ចាន់​ដា អភិបាលខេត្ត ដែល​លោក​បាន​យកចិត្តទុកដាក់ គិតគូរ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ ជាងនេះទៅទៀត បាន​ស្ថាបនា​ផ្លូវ​បេតុង​យ៉ាងរឹងមាំ​ព័ទ្ធជុំវិញ​ប្រាសាទ​នគរ​បាយ​ជ័យ ដែល​ប្រការនេះ​បាន​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ​ក៏ដូចជា​ការដឹក​ទំនិញ ឬ​កសិផល​ផ្សេងៗ​យកទៅ​លក់ដូរ​នៅក្នុង​ទីផ្សារ ។

​លោក ឆាយ ស៊ី​ផន បាន​ថ្លែង​ប្ដេជ្ញាចិត្ត និង​ធ្វើការ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ថែរក្សា នូវ​សមិទ្ធផល​ដ៏​ថ្លៃថ្លា​នេះ​ដើម្បី​បាន​ប្រើប្រាស់ លើផ្លូវ​នេះ​យូរអង្វែង​ផងដែរ ។

​សូមបញ្ជាក់​ផងដែរ​ថា ផ្លូវ​បេតុង ប្រវែង ១.៧០០ ម៉ែត្រ​នេះ ទទឹង​ប្រវែង ៦​ម៉ែត្រ សាងសង់​ជុំវិញ​ប្រាសាទ​នគរ​បា​ជ័យ ដែល​ផ្លូវ​១​ខ្សែ​នេះ ប្រើប្រាស់​ថវិការដ្ឋ​បាល​ខេត្ត​ឆ្នាំ​២០២០ ។​

​បច្ចុប្បន្ន​ផ្លូវ​មួយ​ខ្សែ​នេះ​ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ ។ ក្នុងនោះដែរ អាជ្ញាធរខេត្ត​មាន​គម្រោង និង​ដាំ​ដើម​ក្ងោក អម​សងខាង​ផ្លូវ​បេតុង​នោះ នៅពេល​ឆាប់ៗ​ខាងមុខនេះ ផងដែរ ។​