អាជ្ញាធរខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៦ នៅ​វត្ត​បុ​ទុម​រតនៈ ដីដុះ និង​វត្ត​សុ​ទស្សនា​រាម ជ្រោយ​ថ្ម ក្នុង​ក្រុង​កំពង់ចាម

​កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត នា​ព្រឹក ថ្ងៃ ទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ នេះ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​៦ នៅ​វត្ត​បុ​ទុម​រតនៈ ដីដុះ និង​វត្ត​សុ​ទស្សនា​រាម ជ្រោយ​ថ្ម ស្ថិតក្នុង​ក្រុង​កំពង់ចាម ដោយ មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ព្រមទាំង មន្ត្រីរាជការ អាជ្ញាធរ មូលដ្ឋាន និង ពុទ្ធបរិស័ទ ជិត​ឆ្ងាយ​ផងដែរ ។

​ក្នុង ឱកាស​នោះ ដែរ ឯកឧត្តម អ៊ុន ចាន់​ដា និង លោក ឯកឧត្តម ខ្លូត ផន ព្រមទាំង សហការី បាន ឧទ្ទិស សូម ឲ្យ ដួង វិញ្ញាណក្ខន្ធ បុព្វការី ជន បាន យោង យកកំណើត កើត នៅ ក្នុង ទីឋាន ដ៏ ខ្ពង់ខ្ពស់ និង ងាក ក្រោយ ឲ្យ ពរជ័យ ដល់ កូន ចៅ បាន សេចក្តីសុខ សេចក្តីចម្រើន ជាពិសេស សូម ឲ្យ ព្រះ បារមី ដ៏ សក្ដិ​សិទ្ធិ នៅក្នុង លោក ព្រះ បារមី​នៅ​វត្ត​បុ​ទុមរ​តនៈ ដីដុះ និង​វត្ត​សុ​ទស្សនា​រាម ជ្រោយ​ថ្ម តាម ជួយ បីបាច់ ថែរក្សា សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត មាន សុខ ភាព ល្អ បរិបូរណ៍ ជន្មាយុ យឺនយូរ ដើម្បី សម្តេច បាន ដឹកនាំ ការពារ ព្រះរាជាណាចក្រ កម្ពុជា ឲ្យ រក្សា បាន ជា​និរន្តរ៍ នូវ សន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង ការអភិវឌ្ឍ រីកចំរើន ថ្មីៗ បន្ថែមទៀត ដើម្បី ជា សេចក្តីសុខ សេចក្តីចម្រើន របស់ ប្រជាពលរដ្ឋ ខ្មែរ ទូទាំងប្រទេស​។ ព្រមទាំង ឧទ្ទិស នូវ មហា កុសលផល បុណ្យ សូម ឲ្យ បាន ដល់ វិញ្ញាណក្ខន្ធ វីរៈ កម្មាភិបាល យុទ្ធជន យុទ្ធ នារី អ្នកស្នេហាជាតិ ដែល បាន បាត់បង់ ជីវិត ដើម្បី បុព្វ ហេតុ ជាតិ មាតុភូមិ ជាតិ ស្នេហា នៃ យើង ផងដែរ ។

​នាឱកាស ឯកឧត្ដម ខ្លូត ផន និង​ឯកឧត្ដម អ៊ុន ចាន់​ដា ព្រមទាំង​សហការី បាន​នាំយក​ទេយ្យវត្ថុ​ប្រគេន ដល់​វត្ត​ទាំង ២​ខាងលើ ដោយ​ក្នុង ១​វត្ត ៖ អង្ករ ១០០​គីឡូ ក្រាម ទឹក​សុទ្ធ ៥​កេស ទឹកក្រូច ៥​កេស ទឹកដោះគោ​ខាប់ ១​កេស ធំ តែ ៥​កញ្ចប់ ស្ករស ៥​គ​.​ក្រ ត្រីខ ១​កេស ទឹកត្រី ៥​យួរ និង​បច្ច័យ​កសាង​ជាង ៥ លាន​រៀល ។ ដោយឡែក ព្រះសង្ឃ ៧​អង្គ ក្នុង ១​អង្គៗ ប្រគេន ទេយ្យវត្ថុ ចំនួន ១ បច្ច័យ ១០​ម៉ឺន​រៀល ចង្ហាន់ ១​ស្រាក់ និង​ផ្លែឈើ ១​កន្ត្រក ផងដែរ ៕​