អភិបាលខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​ស្ថានភាព​ស្រែ​ស្រូវ ក៏ដូចជា ​ការងារ​បង្កបង្កើនផល ដំណាំ​ស្រូវវស្សា របស់​ប្រជាកសិករ នៅ​ស្រុក​ជើងព្រៃ និង​ស្រុក​ព្រៃឈរ​

អត្ថបទ៖ ចិន សារ៉ាត

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ចាម រួមជាមួយ​លោកជំទាវ​អភិបាលរង​ខេត្ត នា​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ នេះ បាន​ដឹកនាំ ថ្នាក់ដឹកនាំ​មន្ត្រីរាជការ មន្ទីរ អង្គភាព ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ​ស្ថានភាព​ស្រែ​ស្រូវ ក៏ដូចជា ការងារ​បង្កបង្កើនផល ស្រូវ​រដូវវស្សា របស់​បងប្អូន​ប្រជាកសិករ នៅក្នុង​ស្រុក​ជើងព្រៃ និង​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។​

ក្នុងនោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល ខេត្តកំពង់ចាម និង​មន្ត្រី​ជំនាញ នៃ​មន្ទីរ អង្គភាព ពាក់ព័ន្ធ បាន​អញ្ជើញ​ស្ដាប់​របាយការណ៍ របស់​អាជ្ញាធរ​មូលដ្ឋាន អំពី​បញ្ហា​ប្រឈម​នានា ជាពិសេស គ្រោះមហន្តរាយ ក្នុង​កំឡុង ខែមិថុនា កន្លងទៅ ដំណាំ​ស្រូវ​ប្រជាកសិករ នៅក្នុង​ស្រុក​ជើងព្រៃ ស្កក​អស់​ជាច្រើន​ហិកតា ដោយសារ​កង្វះ​ទឹកភ្លៀង ។ ប៉ុន្តែ នា​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ដោយសារ​ទឹកភ្លៀង​ធ្លាក់​ផ្ទួនៗ​គ្នា ធ្វើ​ឲ្យ​ជំនន់​ទឹកភ្លៀង ប៉ះពាល់ ដល់​ដំណាំ​ស្រូវ​តិចតួច​បំផុត ។ ជាមួយ​នោះ ក៏មាន​ដំណាំ​ស្រូវ​ជាច្រើន​ហិកតា របស់​ប្អូន​កសិករ​យើង ដែល​ធ្លាប់តែ​អស់សង្ឃឹម នាពេល​ទៅ បាន​ប្រែជា​ដុះ​លូតលាស់ យ៉ាង​ស្រស់បំព្រង​ឡើងវិញ ផងដែរ ។

គួរ​បញ្ជាក់ថា សម្រាប់​ខេត្តកំពង់ចាម ២០២០ នេះ ការបង្កបង្កើន​ផលដំណាំ​ស្រូវ​រដូវវស្សា អនុវត្តបាន ៖ ការ​ភ្ជួរ​រាស់ ៩២.៧១៥​ហិច​តា សំណាប ១៤៧​ហិច​តា និង​ការដាំដុះ ៩២.៧១៥​ហិច​តា ស្មើនឹង ១០៧.២៣% នៃ​ផែនការ ៨៦.៤៦១​ហិច​តា លឿន​ជាង​ឆ្នាំមុន ៣.៤២៤​ហិច​តា បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៃ​ឆ្នាំ​កន្លងទៅ ។ ចំពោះ ការប្រមូល​ផល​បាន​នឹង​កំពុង​ចាប់ផ្តើម​លើ​ផ្ទៃដី សរុប​ចំនួន ២២.៩១៨​ហិច​តា ស្មើនឹង ២៤.៧២% នៃ​ផ្ទៃដី​អនុវត្ត ។

ដោយឡែក ដំណាំ​រួមផ្សំ​រដូវវស្សា​ឆ្នាំ​២០២០ វិញ អនុវត្តបាន ៖ ការ​ភ្ជួរ​រាស់ ៥១.១២៩​ហិច​តា និង​ការដាំដុះ ៥១.១២៩​ហិច​តា ស្មើនឹង ១០១.០០% នៃ​ផែនការ ៤៩.៦៣៣​ហិច​តា យឺត​ជាង​ឆ្នាំមុន ចំនួន ២៩៥​ហិច​តា បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ។ ចំណែកឯ ការប្រមូល​ផល​វិញ គឺ​បាន​នឹង​កំពុង​ចាប់ផ្តើម​លើ​ផ្ទៃដី សរុប​ចំនួន ២០.៧៤៩​ហិច​តា ស្មើនឹង ៤១.៣៩% នៃ​ផ្ទៃដី​អនុវត្ត ។
​យោងតាម​របាយការណ៍ របស់ លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧ​ត្តុ​និយម ខេត្តកំពង់ចាម បាន​បញ្ជាក់ថា ចាប់​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ នេះ ទឹកទន្លេ​មេគង្គ ខេត្តកំពង់ចាម មាន កម្ពស់​១១,១៣ បើ​ប្រៀបធៀប នឹង​ថ្ងៃ​ម្សិលមិញ ឡើង ០,១៣​ម៉ែត្រ ។ ចំពោះ កម្រិត​ទឹក ដែល​ត្រូវ ប្រកាស​ប្រុងប្រយ័ត្ន​មាន​កម្ពស់ ១៥,២០​ម៉ែត្រ ។ ដោយឡែក ឆ្នាំ​២០១៩ កន្លងទៅ ទឹក​មាន​កម្ពស់​ត្រឹមតែ ៦.១៦​ម៉ែត្រ ប៉ុណ្ណោះ៕