អភិបាលខេត្ត​កំពង់ចាម ណែនាំ​ឲ្យ​មន្ត្រី​មូលដ្ឋាន​ត្រៀមលក្ខណៈ ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ ក្នុងករណី​កើតមាន​គ្រោះធម្មជាតិ​

អត្ថបទ៖ នួន សត្យា

អភិបាលខេត្ត​កំពង់ចាម​ឯកឧត្តម អ៊ុន ចាន់​ដា នៅ​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ​២០២០ នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ការ​ស្ថាបន​ឃឿន​ការពារ​ច្រាំងទន្លេ ដែល​បាន​សាងសង់​រួច ១០០% នៅ​ភូមិ​ពង្រ​លិច ឃុំ​ពង្រ ស្រុក​កោះសូទិន ដែល​កន្លងមក​ធ្លាប់​ទទួលរង​ការវាយប្រហារ ពី​ទឹកជំនន់​ដែល​បណ្តាល​ឲ្យ​បាក់​ច្រាំង​ជារឿយៗ ស្ទើរតែ​ខូច​ផ្លូវ ដែល​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់ ។

​បន្ទាប់ពី​អញ្ជើញ​ចុះ​ពិនិត្យ​ច្រាំងទន្លេ នោះ ឯកឧត្តម​អភិបាលខេត្ត និង​ក្រុមការងារ​ បាន​បន្តដំណើរ ចុះ​ពិនិត្យ​ស្ថានីយ​បូមទឹក​នៃ​ប្រព័ន្ធធារាសាស្ត្រ​វ៉ៃ​កូ និង​ស្ថានភាព​ទឹក​នៅ​ទ្វារ​ទឹក​ប្រព័ន្ធធារាសាស្ត្រ​វ៉ៃ​កូ ស្ថិតនៅ​ភូមិ​រកា​កោង​ត្បូង ឃុំ​មហាលាភ ស្រុក​កោះសូទិន​ផងដែរ​។​

​ក្នុងឱកាស​នៃ​ការចុះពិនិត្យ​នោះ លោក​អភិបាលខេត្ត បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក ឃុំ និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​ថែរក្សា​សមិទ្ធិផល​ថ្មី​នេះ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយៗ​។ ជាមួយគ្នា​នោះ​លោក​អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​អភិបាលស្រុក និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ស្រុក លោក​មេឃុំ ឲ្យ​បន្ត​ការតាមដាន​ស្ថានភាព​អាកាសធាតុ និង​ផលប៉ះពាល់​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ហើយ​ត្រូវ​ត្រៀមលក្ខណៈ​ជាស្រេច ដោយ​ប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប ដើម្បី​ត្រៀម​ឆ្លើយតប និង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា ក្នុងករណី​កើតមាន​ជាយថាហេតុ​នូវ​គ្រោះមហន្តរាយ​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​។

​សូម​រំលឹក​ផងដែរ​ថា ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ចាម​ពេលបច្ចុប្បន្ន​នេះ មិនទាន់មាន​រង​ផលប៉ះពាល់​ដោយ​គ្រោះទឹកជំនន់​នោះទេ​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី គណៈ​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា តែងតែ​ឆ្លៀតពេល​ដឹកនាំ​មន្ត្រីក្រោមឱវាទ ចុះ​ពិនិត្យ​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ជាប្រចាំ ។​