ឯកឧត្ដម លន់ លឹមថៃ និងលោកជំទាវ នាំយកបច្ច័យ និងទេយ្យទានអង្គត្រៃធំ វេរប្រគេនព្រះសង្ឃ វត្តកោះកុក ស្រុកកំពង់សៀម

អត្ថបទ៖ ចិន សារ៉ាត

ដោយទឹកចិត្តសទ្ធាជ្រះថ្លា ចំពោះ វិស័យព្រះពុទ្ធសាសនា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម លន់ លឹមថៃ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងលោកជំទាវ អមដំណើរ ដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរ អង្គភាព ក្នុងខេត្ត បាននាំយកបច្ច័យ និងទេយ្យទានអង្គត្រៃធំ ទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តគង់វង់រង្សី ហៅវត្តកោះកុក ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

បន្ទាប់ពី ឯកឧត្ដម លន់ លឹមថៃ និងលោកជំទាវ ព្រមទាំង សហការីអមដំណើរ វេរនូវទេយ្យទាន និងបច្ច័យចំនួន ១លាន ២សែនរៀល វេរប្រគេនព្រះសង្ឃ ទៅតាមកិច្ចសាសនា រួចមក ព្រះចៅអធិការ វត្តកោះកុក ក៏បានមានថេរដិកា ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្ដម លន់ លឹមថៃ និងលោកជំទាវ ព្រមទាំង សហការីអមដំណើរទាំងអស់ សូមជួបប្រទះតែសេចក្ដីសុខ សេចក្ដីចំរើន និងជោគជ័យក្នុងភារកិច្ចការងារ ផងដែរ ។

សូមបញ្ជាក់ថា ដើម្បី ប្រមូលបច្ច័យកសាងសមិទ្ធផលបន្ត ព្រះសង្ឃ គណៈកម្មការអាចារ្យ និងប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្ត បានផ្ដើមកឋិនសាមគ្គីមួយ ដង្ហែរចូលវត្ត គង់វង់រង្សី កោះកុក ដែលជាផ្នែកមួយ នៃការលើកកម្ពស់ ដល់វិស័យព្រះសាសនា ឱ្យមានការរីកចម្រើនថ្កុំថ្កើងរុងរឿង ផងដែរ ។

គួរកត់សម្គាល់ថា ការប្រារព្ធពិធីបុណ្យផ្សេងៗ ជាពិសេស ការប្រារព្ធអង្គកឋិនសាមគ្គី នាពេលនេះ ទៅបាន ក៏អាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូរណ៍ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ សន្តិភាព ជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋយើង មានឱកាសសព្វបែបយ៉ាង ក្នុងការធ្វើបុណ្យទានផ្សេងៗ ដើម្បី បំពេញនូវកុសលផលបុណ្យ ទៅតាមជំនឿសាសនា ។ សន្តិភាព ផ្ដល់ឱកាសឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ៕