អភិបាលខេត្ត​កំពង់ចាម ណែនាំ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ បំពេញការងារ​ឱ្យ​ល្អប្រសើរ ក្នុងពេល​ប្រារព្ធ​ពិធី​សម្ពោធ​ស្ពាន​ស្ទឹងត្រង់ ក្រូចឆ្មារ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន

នួន សត្យា

(​កំពង់ចាម​)៖ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​ឆ្នាំ​២០២១ នេះ បាន​បើក​កិច្ចប្រជុំ​ដាក់​ផែនការ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ត្រួតពិនិត្យ​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ ក្នុងពេល​ប្រារព្ធ​ពិធី​សម្ពោធ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់ ក្រូចឆ្មារ នា​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែងថា ជា​កិត្តិយស​ណាស់​សម្រាប់​ខេត្តកំពង់ចាម ដែល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ស្ពាន​មិត្តភាព​កម្ពុជា​- ចិន ស្ទឹងត្រង់ ក្រូចឆ្មា និង​សម្ពោធ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ ៧១ សេ ដែលមាន​ប្រវែង​ជាង ១០០ គីឡូម៉ែត្រ ចេញពី​ឃុំ​ស្វាយទាប ស្រុក​ចំការលើ មកទល់នឹង​ទី​រួម​ខេត្ត​ត្បូងឃ្មុំ​តែម្ដង ។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​មានប្រសាសន៍​បន្តថា << ដូច្នេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្ដល់​កិត្តិយស របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវខិតខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​រៀបចំ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ ជូន​ថ្នាក់ដឹកនាំ គ្រប់លំដាប់​ថ្នាក់​ទាំងអស់ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ស្ពាន​មិត្តភាព​ស្ទឹងត្រង់​ក្រូចឆ្មា​នាពេល​ឆាប់ៗ​ខាងមុខនេះ >> ៕​