ឯកឧត្តម ហ៊ុន ណេង អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន សាងសង់​ស្នាក់ការ​គណបក្ស​មូលដ្ឋាន ស្ថិតនៅ​ឃុំ​ដងក្ដារ ស្រុក​ស្ទឹងត្រង់ ដែល​បច្ចុប្បន្ន សម្រេច​លទ្ធផល បាន​ប្រមាណ​ជា ៤០% ហើយ​

ដោយ៖ ចិន សារ៉ាត

​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ឯកឧត្តម ហ៊ុន ណេង សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ រដ្ឋសភា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន ចុះជួយ​ស្រុក​ស្ទឹងត្រង់ អមដំណើរ​ដោយ​ក្រុមការងារ និង​អាជ្ញាធរ​មូលដ្ឋាន ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ស្នាក់ការ​គណបក្ស​មូលដ្ឋាន ១​កន្លែង ស្ថិតនៅ​ឃុំ​ដងក្ដារ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។​

គូសបញ្ជាក់​ផងដែរ​ថា ដើម្បី សម្រួល​ដល់​ការបំពេញ​ការងារ របស់​មន្ត្រី​ក្នុង​មូលដ្ឋាន ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រ​មណ្ឌល ខេត្តកំពង់ចាម ក៏បាន​ផ្ដួច​ផ្ដើមកសាង​ស្នាក់ការ​គណបក្ស​មូលដ្ឋាន ១​កន្លែង នេះ​ឡើង មាន​ទំហំ ១០ គុណ​នឹង ៦​ម៉ែត្រ ក្រោម​ការជួយឧបត្ថម្ភ​ថវិកា ពី​សំណាក់​ឯកឧត្ដម​ផ្ទាល់ រួមជាមួយ​ក្រុមការងា​រ​ចុះ​ពង្រឹង​មូលដ្ឋាន ក្នុង​ឃុំ​ដងក្ដារ ផងដែរ ។ បច្ចុប្បន្ន អគារ​ខាងលើនេះ សម្រេច​ការងារ​សាងសង់ បាន​ប្រមាណ​ជា ៤០%​ហើយ ។ តាម​ការប៉ាន់ស្មាន គម្រោង​នេះ ចំណាយ​ថវិកា​ប្រមាណ​ជា ២​ម៉ឺន​ដុល្លារ​អាមេរិក ។ ក្រៅពីនោះ ឯកឧត្ដម ហ៊ុន ណេង និង​ក្រុមការងារ ក៏​លើក​គម្រោង ដើម្បី បំពាក់​នូវ​សម្ភារៈ​ផ្សេងៗ​ទៀត ទៅតាម​ស្ថានភាព​ជាក់ស្ដែង ដើម្បី ងាយស្រួល​មន្ត្រី​បំពេញការងារ ។

ក្នុងឱកាស នៃ​ការអញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព របស់​ក្រុម​ជាង ដែល​កំពុង​អនុវត្ត​គម្រោង​នេះដែរ ឯកឧត្តម ហ៊ុន ណេង សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ រដ្ឋសភា អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន ចុះជួយ​ស្រុក​ស្ទឹងត្រង់ បាន​លើក​អនុសាសន៍ ជម្រុញ​ទៅដល់​ក្រុម​ជាង ឲ្យ​យកចិត្តទុកដាក់ លើ​ការងារ​របស់ខ្លួន ដោយ​អនុវត្ត​ទៅតាម​បទដ្ឋាន​បច្ចេកទេស ធ្វើយ៉ាងណា​ឲ្យ​គម្រោង រឹងមាំ ទុក​សម្រាប់​មន្ត្រី​មូលដ្ឋាន​បំពេញការងារ បានយូរ​អង្វែង ។ ជាមួយគ្នា​នោះដែរ ឯកឧត្ដម ក៏បាន​ណែនាំ​ដល់​មន្ត្រី និង​សមត្ថកិច្ច ក្នុង​មូលដ្ឋាន ឲ្យ​យកចិត្តទុកដាក់​ខ្ពស់ លើ​ការងារ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ឆាប់រហ័ស ទាំង​សេវា​តម្រូវការ និង​សេវា​សំណូមពរ ។ ក្រៅពីនោះ ក៏ត្រូវ​យកចិត្ត​ទុក ផងដែរ លើ​ការអនុវត្ត​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ជាពិសេស ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ដើម្បី ផ្ដល់នូវ​ភាពសុខសាន្ត និង​សុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ខណៈដែល​ប្រទេសជាតិ​យើង កំពុង​ទទួលបាន​នូវ​សុខសន្តិភាព​ពេញបរិបូរណ៍ ហើយ​យើង​គ្រប់ៗ​គ្នា កំពុងតែ​ថ្លែងអំណរគុណ និង​អរគុណ ដល់​សន្តិភាព នោះ ។​

​ស្ថិត​ក្នុងឱកាស​នោះដែរ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ឯកឧត្តម ហ៊ុន ណេង សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ រដ្ឋសភា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន ចុះជួយ​ស្រុក​ស្ទឹងត្រង់ ក៏បាន​ផ្ដល់នូវ​ថវិកា​មួយចំនួន ទៅដល់​ក្រុម​ជាង ក្រុមប្រឹក្សាឃុំ និង​សមត្ថកិច្ច ក្នុង​មូលដ្ឋាន ផងដែរ ៕