ដោយ៖ ចិន សារ៉ាត
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ នៅព្រឹកថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២០ បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ សព លោកអនុសេនីយ៍ឯក កែវ ណារិន ដែលបានជួបគ្រោះថ្នាក់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ខណៈដែលភ្លើងឆេះផ្ទះរបស់ខ្លួន ហើយបណ្ដាលឲ្យរងរបួសធ្ងន់នោះ ។
គួរំលឹកផងដែរថា កាលពីថ្ងៃទី១០ ខែមីនា កន្លងទៅ មានករណីភ្លើងឆេះផ្ទះចំនួន ២ខ្នង ក្នុងនោះគឺមានផ្ទះ លោក វរសេនីយ៍ត្រី កែវ ណារិន មានអត្តលេខ ៤៨២៩៣ ជាមន្ត្រីនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ។ ពេលនោះ គាត់ក៏បានចូលរើនូវសម្ភារៈ ខណៈដែលភ្លើងកំពុងឆាបឆេះ ហើយក៏បានជួបគ្រោះថ្នាក់រងរបួសជាទម្ងន់ ហើយក៏បានទទួលមរណៈភាព កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ កន្លងទៅ នៅគេហដ្ឋានសព ស្ថិតនៅភូមិស្វាយជ្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា និងមន្ត្រីអមដំណើរ ក៏បានចូលរួមរំលែកទុក្ខគ្រួសារសព និងអញ្ជើញដាក់កូរោណផ្កា និងអុចធូប បួងសួងឧទ្ទិស ទៅដល់វិញ្ញាណក្ខ័ន្ធសព ដោយសម្ដែងនូវអារម្មណ៍ក្ដុកក្ដួល និងសេចក្ដីសោកសង្រេងជាខ្លាំង ចំពោះ ការបាត់បង់នូវមន្ត្រីសកម្មម្នាក់ ដែលធ្លាប់បានលះបង់គ្រប់យ៉ាង ក្នុងបុព្វហេតុ បម្រើ ការពារជាតិ មាតុភូមិ ជាច្រើនឆ្នាំកន្លងមក ។ លើសពីនេះទៅទៀតនោះ ក៏សូមឲ្យវិញ្ញាណក្ខ័ន្ធសព បានសោយសុខទៅដ្ឋានសុគតិភព កុំបីភ្លាំងភ្លាត់ឡើយ ។
ក្រៅពីការចូលរួមរំលែកទុក្ខនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានចូលរួមបច្ច័យ ដល់គ្រួសារសព នូវថវិកាចំនួន ១.០០០.០០០រៀល ផងដែរ ៕