លោកជំទាវ​តំណាងរាស្ត្រ​មណ្ឌល កំពង់ចាម​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គណៈ​គ្រប់គ្រង​មន្ទីរពេទ្យ​ខេត្ត

​ដោយ៖ សម ផល្លា

នៅ​រសៀល​ថ្ងៃទី​១៨ មីនា ឆ្នាំ​២០២០ លោកជំទាវ ស្រី គឹម​ឆ​យ លោកជំទាវ កុល ធា​រិ​ន តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ គណៈ​គ្រប់គ្រង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ដើម្បី​លើកទឹកចិត្ត​និង​ថ្លែងអំណរគុណ​ដល់​ក្រូម​គ្រូពេទ្យ​ដែល​សកម្ម​ក្នុងការ​ប្រយុទ្ធប្រឆាំង​នៃ​ការ​រាតត្បាត​នៃ​ជម្ងឺ Covid- 19 ។​

​នៅក្នុង​ពិធី​សំណេះសំណាល លោកជំទាវ ស្រី​គឹម​ឆ​យ បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលកំពង់ចាមទាំងអស់ ដល់ក្រុមគ្រូពេទ្យ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​បេស​សកម្ម​មិន​គិតការ​នឿយហត់​ក្នុងការ ប្រយុទ្ធប្រឆាំង​នៃ​ការ​រាតត្បាត​នៃ​ជម្ងឺ Covid- 19 នៅក្នុង​ខេត្តកំពង់ចាម​។​

​នៅក្នុង​ឱកាស​នោះ​លោកជំទាវ​ទាំងពីរ​ក៍បាន​ប្រគល់ជូន​ថវិកា​ចំនួន​១​លាន​ប្រាំមួយ​សែន​រៀលដល់​គណៈ​គ្រប់គ្រង​មន្ទីរពេទ្យ​ខេត្ត​សម្រាប់​ប្រើប្រាស់​ក្នុងការ​បំពេញការងារ​ដែល​ថវិកា​ទាំងនោះ​បានមកពី​ការឧបត្ថម្ភ​ពី ឯកឧត្តម លន់លឹម​ថៃ​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ចំនួន​៤០​ម៉ឺន លោកជំទាវ ខុង ស៊ុន​អេង តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ចំនួន​៤០ ម៉ឺន​រៀល លោកជំទាវ កុល ធា​រិ​ន តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ចំនួន ៤០ ម៉ឺន​រៀល និង​លោកជំទាវ ស្រី គឹម​ឆ​យ​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ថវិកា​ចំនួន ៤០​ម៉ឺន​រៀល ។​

​លោក យិន ស៊ី​ណាត ប្រធាន​មន្ទីរពេទ្យ​ខេត្ត បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម លោកជំទាវ​តំណាងរាស្ត្រ ដែល​បាន​យកចិត្តទុកដាក់​គិតគូរ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​ជាក់ស្តែង​ថ្ងៃនេះ​បាន​ឆ្លៀត​ពេលវេលា​មក​សួរសុខទុក្ខ​និង​ធ្វើការ​លើកទឹកចិត្ត​ដល់​ក្រុមការងារ​គ្រូពេទ្យ​ដែល​កំពុង​បំពេញភារកិច្ច​យ៉ាងសកម្ម ក្នុងការ ប្រយុទ្ធប្រឆាំង​នៃ​ការ​រាតត្បាត​នៃ​ជម្ងឺ Covid- 19 នៅក្នុង​ខេត្តកំពង់ចាម​។​