អត្ថបទ៖ នួន សត្យា

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារចុះជួយស្រុកស្រីសន្ធរ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានសទ្ធាជ្រះថ្លាបានផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងវត្តកោះកែវ ស្ថិតក្នុងឃុំព្រែកដំបូក ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
កម្មវិធីបុណ្យនេះធ្វើឡើងនារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នេះ ហើយក៏មានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត និងប្រធានមន្ទីរជុំវិញខេត្តកំពង់ចាម អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទមកពីទីជិតឆ្ងាយជាច្រើនទៀត។

អង្គកឋិនទានទទួលបានបច្ច័យចំនួន ១៦១,៤០០,០០០រៀល សម្រាប់កសាង និងផ្គត់ផ្គង់ក្នុងទីអារាមនេះ។

ដោយឡែកនៅព្រឹកថ្ងៃដដែលនេះដែរ ក្រុមសមាគមនារី ដើម្បីអភិវឌ្ឍន៍ខេត្តកំពង់ចាម ដឹកនាំដោយលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានមូលមតិគ្នា ដង្ហែរបុណ្យកឋិនសាមគ្គី ទៅវត្តសិរីវ័ន ហៅវត្តស្រែអំពិល ស្ថិតក្នុងឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ហើយអង្គកឋិននេះ បានប្រមូលបច្ច័យសង្កត់ត្រៃចំនួន១៦.៦០០.០០០រៀល
សម្រាប់កសាង និងផ្គត់ផ្គង់ក្នុងវត្តផងដែរនេះ។
សូមជម្រាបថា នេះគឺជារដូវកាលមួយ ទាំងព្រះសង្ឃ និងទាំងគ្រហស្ថ ទាំងក្នុង និងក្រៅប្រទេស ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែរួបរួមសាមគ្គីឯកភាពគ្នា នៅក្នុងក្រុមគ្រួសារ និងសហគមន៍ ប្រារព្ធធ្វើបុណ្យអង្គកឋិនទាន ដោយសទ្ធាជ្រះថ្លា ក្នុងរយៈពេលតែ២៩ថ្ងៃ ដោយចាប់ពីថ្ងៃ១រោជ ខែអស្សុជ ដល់ថ្ងៃ១៤កើត ខែកក្តិកនៃឆ្នាំនីមួយៗ មិនដែលអាកខានឡើយ។ ដោយហេតុយ៉ាងនេះហើយ បានជាបង្កើតឱ្យមានបុណ្យកឋិនទានសាមគ្គីនេះឡើង ដើម្បីប្រមូល គៀងគររកថវិកាជួយទ្រទ្រង់ដល់វិស័យសាសានារបស់ជាតិយើង ។


