ឯកឧត្ដម លន់ លឹម​ថៃ និង​លោកជំទាវ រួមជាមួយ​សាខាសមាគម​នារី ដើម្បី សន្តិភាព និង​អភិវឌ្ឍ ខេត្តកំពង់ចាម នាំយក​បច្ច័យ និង​គ្រឿង​អង្គ​ត្រៃ វេរ​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​ខែល​ជ័យ ស្រុក​កំពង់សៀម​

អត្ថបទ៖ ចិន សារ៉ាត

កាលពី​រសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ ឯកឧត្ដម លន់ លឹម​ថៃ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​លោកជំទាវ និង​លោកជំទាវ ញូ​ង ចរិយា អ៊ុន ចាន់​ដា ប្រធានកិត្តិយស​សាខាសមាគម​នារី ដើម្បី សន្តិភាព និង​អភិវឌ្ឍ ខេត្តកំពង់ចាម អមដំណើរ ដោយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​មន្ទីរ អង្គភាព ក្នុង​ខេត្ត បាន​នាំយក​បច្ច័យ និង​ទេយ្យទាន​អង្គ​ត្រៃ ទៅ​វេរ​ប្រគេន​ព្រះសង្ឃ គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស នៅ​វត្ត​ខែល​ជ័យ ស្ថិតនៅ​ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។​

នាឱកាស​នោះ ឯកឧត្ដម លន់ លឹម​ថៃ និង​លោកជំទាវ បាន​នាំនូវ​គ្រឿង​អង្គ​ត្រៃ ១​សម្រាប់ និង​បច្ច័យ ៥០០​ដុល្លារ លោកជំទាវ ញូ​ង ចរិយា អ៊ុន ចាន់​ដា ព្រមទាំង សហការី​អមដំណើរ មាន​ត្រៃ​អង្គ​ធំ និង​បច្ច័យ សរុប​ចំនួន ១​លាន ៣​សែន​រៀល ដើម្បី វេរ​ប្រគេន​ព្រះសង្ឃ ទៅតាម​កិច្ចសាសនា ផងដែរ ។

សូមបញ្ជាក់ថា ព្រះសង្ឃ គណៈកម្មការ​អាចារ្យ និង​ប្រជា​ពុទ្ធបរិស័ទ ចំណុះជើងវត្ត បាន​ផ្ដើម​កឋិន​សាមគ្គី​មួយ ដង្ហែរ​ចូល​វត្ត​ខែល​ជ័យ ដើម្បី ប្រមូល​បច្ច័យ​កសាង​សមិទ្ធផល​បន្ត ដែលជា​ផ្នែក​មួយ​បាន​ចូលរួមចំណែក លើកកម្ពស់​ដល់​វិស័យ​ព្រះ​សាសនា ដែលជា​សាសនា​របស់​រដ្ឋ ឲ្យ​រីកចម្រើន​ថ្កុំថ្កើង​រុងរឿង តទៅ​អនាគត ។

​គួររំលឹកថា បុណ្យ​កឋិនទាន ជា​បុណ្យប្រពៃណី​ជាតិខ្មែរ ក្នុងចំណោម​បុណ្យ​ជាច្រើន​ទៀត ដែល​ពុទ្ធសាសនិក​ខ្មែរ​យើង តែងតែ​ប្រារព្ធ​ធ្វើឡើង ក្នុង​រយៈពេល ២៩​ថ្ងៃ ចាប់ពី​ថ្ងៃទី ០១​រោច ខែអស្សុជ រហូត ដល់​ថ្ងៃទី ១៥​កើត ខែ​ក​ក្ដឹ​ក រៀងរាល់ៗ​ឆ្នាំ ដោយ​វត្ត​នីមួយៗ ទទួលបាន​អង្គ​កឋិន​ដង្ហែរ​ចូល បានតែ​ម្តង ប៉ុណ្ណោះ ។ ក្នុងនោះដែរ វត្ត​អារាម​នានា ត្រូវតែ​មានការ​ដង្ហែរ​អង្គ​កឋិន​ចូល ដោយ​ពុំមាន​ការខកខាន​ឡើយ ។ ទន្ទឹមនឹងនោះ បើទោះបីជា មិន​មានការ​ដង្ហែ​រម​ក​ពី​មជ្ឈដ្ឋាន​ខាងក្រៅ យ៉ាងណាក៏ដោយ ក៏​គណៈកម្មាការ អាចារ្យវត្ត រួមជាមួយ​បរិស័ទ ចំណុះជើងវត្ត នាំ​គ្នីគ្នា រៀបចំ​ជា​អង្គ​កឋិន​សាមគ្គី ដើម្បី ដង្ហែរ​ទៅ​ប្រគេន​ព្រះសង្ឃ នៅក្នុង​វត្ត​របស់ខ្លួន ផងដែរ ៕