អភិបាលខេត្ត​កំពង់ចាម ជម្រុញ​ឲ្យ​ម្ចាស់​ដីឡូត៍ និង​សំណង់​ផ្ទះល្វែង ចងក្រង​ឯកសារ​ឱ្យ​ត្រឹមត្រូវ​តាម​នីតិវិធី មុននឹង​ដាក់​មក​ជំនាញ ព្រោះថា ឯកសារ​ត្រឹមត្រូវ ជា​មូលដ្ឋានគ្រឹះ នៃ​ការផ្តល់សេវា​បាន​លឿន​

អត្ថបទ៖ ចិន សារ៉ាត

នា​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ចាម ណែនាំ​ឲ្យ​ម្ចាស់​ដីឡូត៍ និង​ម្ចាស់​សំណង់ផ្ទះ​ល្វែង រៀបចំ​ចងក្រង​ឯកសារ ឱ្យបាន​ត្រឹមត្រូវ​តាម​នីតិវិធី មុននឹង​ដាក់​មក​ជំនាញ ព្រោះថា ឯកសារ​ត្រឹមត្រូវ ជា​មូលដ្ឋានគ្រឹះ នៃ​ការផ្តល់សេវា​បាន​លឿន និង​ឆាប់រហ័ស ទៅដល់​អតិថិជន​រប​ស់​ខ្លួន ក៏ដូចជា ប្រជាពលរដ្ឋ​ទូទៅ។

ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស ដឹកនាំ​មន្ត្រី​ជំនាញ ប្រជុំពិភាក្សា​ការងារ ជាមួយ​ម្ចាស់​ដីឡូត៍ និង​ម្ចាស់​សំណង់ផ្ទះ​ល្វែង នៅ​ក្រុង​កំពង់ចាម និង​ស្រុក​កំពង់សៀម នា​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ។ កិច្ចប្រជុំ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម ពី​ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត និង​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ នៃ​មន្ទីរ អង្គភាព ពាក់ព័ន្ធ ព្រមទាំង លោក លោកស្រី ជា​តំណាង​ម្ចាស់​ដីឡូត៍ និង​ម្ចាស់​សំណង់ផ្ទះ​ល្វែង នៅក្នុង​ក្រុង​កំពង់ចាម និង​ស្រុក​កំពង់សៀម ជាច្រើន​នាក់ ផងដែរ ។​

ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍ថា ការរៀបចំ​ឯកសារ​ត្រឹម​តាំងពី​ដើមទី​មក គឺជា​ការ​ជម្រុញ ក្នុង​ការផ្ដល់សេវា ឲ្យ​បាន​លឿន និង​ឆាប់រហ័ស ។ ផ្ទុយទៅវិញ បើ​ក្រុមហ៊ុន​នីមួយៗ មិនបាន​អនុវត្ត​ត្រឹមត្រូវ​តាម​នីតិវិធី​នោះទេ មន្ត្រី​ជំនាញ​យើង នឹង​អាច​រុញ​ឯកសារ​ខុស​នោះ ត្រឡប់​ទៅវិញ ពោលគឺ ពួកគាត់​មិន​អនុវត្ត​ឲ្យ​ខុសពី​តួនាទី​ភារកិច្ច​ឡើយ ។ ដូច្នេះ ចាំបាច់​ណាស់ ម្ចាស់​ដីឡូត៍ និង​ម្ចាស់​សំណង់ផ្ទះ​ល្វែង​ទាំងអស់ ត្រូវ​រៀបចំ​ឯកសារ​ឲ្យ​បាន​សមស្រប ដែល​ឈានទៅដល់​ការផ្ដល់ជូន​ប័ណ្ណ​កម្ម​សិទ្ធ នៅពេល​បំបែក​ឡូត៍ ទៅ​ឲ្យ​អតិថិជន​របស់ខ្លួន​នោះ ។ ទន្ទឹមនឹង​ជាមួយ នឹង​ការអនុវត្ត​នូវ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ក្នុងការ​បង្ខិត​សេវា មក​កៀក​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដែល​បច្ចុប្បន្ន រដ្ឋបាលខេត្ត​កំពង់ចាម កំពុង​ដឹកនាំ​អនុវត្ត តាមរយៈ អង្គភាព និង​ការិយាល័យ​ច្រកចេញចូល​បណ្ដា​ក្រុង ស្រុក​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ក៏បាន​ស្នើ និង​លើកទឹកចិត្ត ឱ្យ​ម្ចាស់​ដី​ឡូ​តិ៍ ម្ចាស់​សំណង់​ផ្ទះល្វែង និង​បងប្អូន​ប្រជាពលរដ្ឋ ប្រើប្រាស់​យន្តការ​ច្រកចេញចូល​តែមួយ ក្នុងការ​មក​ទទួល​សេវាសាធារណៈ​នេះ ឲ្យ​បាន​គ្រប់ៗ​គ្នា ។

ដោយឡែក លោក លោកស្រី ប្រធាន​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ប្រកាន់ខ្ជាប់ នូវ​យន្តការ​ច្រកចេញចូល​តែមួយ ដែល​បាន​កំណត់ដោយ​រាជរដ្ឋាភិបាល និង​មិនត្រូវ​ចាត់ការ​លើ​ឯកសារ​ណាមួយ ដែល​ផ្ទុយ​ពីនេះ​ឡើយ ។ ក្រៅពីនោះ ក៏ត្រូវ​តាមដាន​ការអនុវត្ត​ការងារ​ប្រចាំថ្ងៃ របស់​មន្ត្រី​ខ្លួន លើ​ការ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ និង​ត្រូវ​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ មន្ត្រី​អសកម្ម ជាពិសេស មន្ត្រី​ទារក​ម្រៃ​ក្រៅ​សេវា​កំណត់ ដែល​នាំ​ឲ្យ​យឺតយ៉ាវ ដល់​ការ​បម្រើសេវា និង​បាត់បង់​ទំនុកចិត្ត ចំពោះ ប្រជាពលរដ្ឋ​ទូទៅ​នោះ ។​

សូមបញ្ជាក់ថា កន្លងមក មាន​ក្រុមហ៊ុន ក៏ដូចជា ម្ចាស់​ដីឡូត៍ និង​ម្ចាស់​សំណង់ផ្ទះ​ល្វែង បាន​លើក​ការ​រ​ត្អូញត្អែរ ចំពោះ ការ​យឺត​យាវ​របស់​អាជ្ញាធរ ក្នុង​ការផ្ដល់សេវា ដល់​អតិថិជន របស់ខ្លួន ។ ផ្អែក​តាម​ការស្រាវជ្រាវ និង​ការអនុវត្ត​ផ្ទាល់ របស់​មន្ត្រី​ជំនាញ ភាពយឺត​យាវ​មួយចំនួន ដោយសារ​ម្ចាស់​ដីឡូត៍ និង​ម្ចាស់​សំណង់​ផ្ទាល់ ដែល​នៅ​ខ្វះចន្លោះ​ក្នុងការ​រៀបចំ​ឯកសារ​ស្នើសុំ​សេវា មកកាន់​អង្គភាព ឬ​ច្រកចេញចូល របស់​រដ្ឋបាល នីមួយៗ ៕​