អភិបាលខេត្ត​កំពង់ចាម ៖ វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ គឺជា​ការផ្ដល់​កំណើត​ទី​៣ សម្រាប់​ប្រជាជន​កម្ពុជា

នួន សត្យា

(​កំពង់ចាម​)៖ អភិបាលខេត្ត​កំពង់ចាម​ឯកឧត្តម អ៊ុន ចាន់​ដា បាន​បញ្ជាក់ថា វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ គឺជា​ការផ្ដល់​កំណើត​ទី ៣ សម្រាប់​ប្រជាជន​កម្ពុជា ក្នុង​បរិបទ​នៃ​ការឆ្លង​រាលដាល​ជម្ងឺ​នេះ ។

​ ឯកឧត្តម​អភិបាលខេត្ត​បានលើកឡើង​ដូច្នេះ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ ២០២២ ខណ​: លោក និង​លោក លូ គឹមឈន់ ប្រធាន​ក្រុមការងារ ចុះជួយ​ស្រុក​ស្រី​សន្ធរ​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ស្នាក់ការ​គណបក្ស​ប្រជាជន​ឃុំ​ស្វាយ​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។

​ ឯកឧត្តម ​អភិបាលខេត្ត​បានបញ្ជាក់​ទៀតថា ក្នុងកំឡុងពេល​នៃ​ការឆ្លង​រាតត្បាត​ជម្ងឺ​កូ​វីដ​១៩ ទូទាំង​សាកលលោក រហូតមកដល់​បច្ចុប្បន្ន​នេះ យើង​សង្កេតឃើញថា នៅមាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​នេះ​ជា​បន្តបន្ទាប់​នៅឡើយ ។ ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា​យើង ក្នុងកំឡុងពេល​ជាង ៤០ ថ្ងៃ​កន្លងទៅនេះ​គ្មាន​ប្រជាពលរដ្ឋ​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ នោះទេ បើទោះជា​ក្រសួងសុខាភិបាល​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មីៗ បន្តបន្ទាប់​ក៏ដោយ​។ ដែល​កត្តា​នោះ ដោយសារ​ប្រជាពលរដ្ឋ​យើង​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ​រួចមកហើយ ។

​ដូច្នេះ វ៉ាក់សាំង​គឺជា​អាវ​ក្រោ​ស សម្រាប់​ការពារ​អាយុជីវិត​រប​ស់​ប្រជាពលរដ្ឋ​យើង ឲ្យ​រួច​ផុតពី​ជំងឺ​កូ​វីដ​១៩ ដែល​យើង​អាច​និយាយបានថា វ៉ាក់សាំង​នេះ​គឺជា​ការផ្ដល់ជូន​នូវ​កំណើត​ទី​៣ ដល់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ក្នុងនោះ កំណើត *​ទី​១ ៖ ប្រសូត្រ​ចេញពី​ផ្ទៃ​ម្តាយ *​ទី​២ ៖ ថ្ងៃ ៧ មករា និង *​ទី​៣ ៖ គឺ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​នេះ​តែម្តង ដែល​បានមកពី​ការខិតខំ​ប្រឹងប្រែង​រប​ស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យកមក​ចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា ដោយ​ស្ម័គ្រចិត្ត និង​ឥតគិតថ្លៃ​ដើម្បី​សង្គ្រោះ​អាយុជីវិត​បងប្អូន ឲ្យ​រួច​ផុតពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ នេះ ។ ទន្ទឹមនឹងនេះ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ និង​ដូ​ស​ទី​៤ ដែលជា​ដូ​ស​ជំរុញ សូម​រួសរាន់​ទៅ​ចាក់ តាម​កាលកំណត់​របស់​គ្រូពេទ្យ ។

​ជាមួយគ្នា​នោះដែរ ឯកឧត្តម ​អភិបាលខេត្ត បាន​ជំរុញ​ដល់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ខិតខំ បំរើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ជាពិសេស សេវា​ដែល​នៅ​សេសសល់ ត្រូវធ្វើ​ឲ្យ​ហើយ​មុនពេល​ដល់​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុង​ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ​៕​