អភិបាលខេត្ត​កំពង់ចាម ផ្ដល់​ការលើកទឹកចិត្ត ដល់​តំណាង​ខ្មែរឥស្លាម​ ​កុំ​ជឿ​ទៅតាម​ការ​ញុះញង់ បើ​មាន​បញ្ហា​អី ត្រូវ​ទំនាក់ទំនង​ព័ត៌មាន ​មក​ថ្នាក់ដឹកនាំ​រដ្ឋ ឬ​ថ្នាក់ដឹកនាំ ក្នុង​ជួរ​សាសនា​

អត្ថបទ៖ ចិន សារ៉ាត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនិងឯកឧត្ដម លោកជំទាវ​អភិបាលរង​ខេត្ត ​មន្ត្រី​ជំនាញ និងតំណាង​បងប្អូន​ខ្មែរឥស្លាម ប្រចាំខេត្ត

នៅ​ក្នុងឱកាស​ជួបប្រជុំ ជាមួយ​តំណាង​បងប្អូន​ខ្មែរឥស្លាម ប្រចាំខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល ខេត្តកំពង់ចាម ផ្ដល់​ការលើកទឹកចិត្ត ដោយ​សូម​ឲ្យ​បងប្អូន​ខ្មែរ​ទាំងអស់ កុំ​ជឿ​ទៅតាម​ការ​ញុះញង់ របស់​ជន​អគតិ​ទាំងឡាយ បើ​មាន​បញ្ហា​អី​ត្រូវ​ទំនាក់ទំនង​ព័ត៌មាន មក​ថ្នាក់ដឹកនាំ​រដ្ឋ ឬ​ថ្នាក់ដឹកនាំ ក្នុង​ជួរ​សាសនា ។ ពិធី​នោះ ក៏មាន​ការអញ្ជើញ​ចូលរួម ពី​ឯកឧត្ដម លោកជំទាវ​អភិបាលរង​ខេត្ត និង​មន្ត្រី​ជំនាញ ជាច្រើនរូប​ទៀត ផងដែរ ។​

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម

ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍ថា មកដល់​ម៉ោង​នេះ យើង​ឃើញ​មាន​ជន​បំពុលសង្គម ដើម្បី ប្រយោជន៍​បុគ្គល និង​បក្សពួក បាន​យក​ប្រធានបទ Covid-19 ធ្វើជា​នយោបាយ ដើម្បី បំបែកបំបាក់​ផ្ទៃក្នុង របស់​បងប្អូន​របស់​យើង ។ ចឹ​ង​ទេ​! សូម​បងប្អូន​ខ្មែរ កុំ​ជឿ​ទៅតាម​ការ​ញុះញង់ របស់​ជន​អគតិ​ទាំងឡាយ មាន​បញ្ហា​អី​ត្រូវ​ទំនាក់ទំនង​ព័ត៌មាន មក​ថ្នាក់ដឹកនាំ​រដ្ឋ ឬ​ថ្នាក់ដឹកនាំ ក្នុង​ជួរ​សាសនា ។

លើសពីនេះទៅទៀត​នោះ យើង​ត្រូវ​តាមដាន​ជាប្រចាំ នូវ​សន្និសីទ​សារព័ត៌មាន របស់​ក្រសួងសុខាភិបាល ទើប​ជា​ព័ត៌មាន​ពិត ។ ដោយឡែក ជា​បន្តបន្ទាប់​ទៅមុខ សូម​ឲ្យ​ថ្នាក់ដឹកនាំ​ទាំងអស់ ត្រូវ​ពង្រឹង​នូវ​គោលជំហរ​របស់​ប្រជាពលរដ្ឋ ពីព្រោះថា មកដល់ពេលនេះ ក៏មាន​បងប្អូន​មួយចំនួន​កំពុង​ទន់ជ្រាយ លើ​ផ្នែក​សតិអារម្មណ៍ និង​កំពុងមាន​វិប្បដិសារី ដោយសារ​ការរើសអើង​ជាតិ​សាសន៍ ដែលជា​ទង្វើ​មួយ នាំទៅ​ឲ្យ​ពួកគាត់​ក្លាយជា​មនុស្ស​ឯកា ។

លោកជំទាវ ប៉ាង ដានី, ឯកឧត្តម កៅ សុខអាន, ឯកឧត្តម កែវ នាឬទ្ធិ អភិបាលរងខេត្ត (ឆ្វេងមកស្ដាំ)

យ៉ាងណា​ម៉ិ​ញ មកដល់​ម៉ោង​នេះ យើង​ត្រូវការ​ការ​សាមគ្គី ការលើកទឹកចិត្ត​គ្នា ដើម្បី ឲ្យ​បងប្អូន​យើង​ចេះ​ប្រមូលផ្តុំ​កម្លាំង ប្រឆាំងនឹង Covid-19 ឲ្យ​ទទួលបាន​ជោគជ័យ ព្រោះថា មកដល់​ម៉ោង​នេះ យើង​នូវ​គ្រប់គ្រង​ស្ថានការណ៍​នេះ បានជា​ធម្មតា​នៅឡើយ​ទេ ។ បច្ចុប្បន្ននេះ រដ្ឋាភិបាល​កម្ពុជា សម្រេច​បង្កើត​គណៈកម្មកា​រ​ទប់ស្កាត់ Covid-19 ដោយមាន​សមាសភាព សម្ដេច​តេ​ជោ និង​សម្ដេច​ក្រឡាហោម ជា​ប្រមុខ​ដឹកនាំ ហើយ​រដ្ឋាភិបាល ក៏បាន​សម្រេច​លើក​ពេល​កម្មវិធី​ជួបជុំ​ធំៗ​ទាំងអស់ និង​បិទ​ក្លឹប​សប្បាយដ្ឋាន​នានា ដើម្បី ធានាបាន​នូវ​សុខ​សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង ផងដែរ ៕