ឯកឧត្តម ខ្លូត ចិន្តា អញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធ ស្តីពី ការចាប់ដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម

ឯកឧត្តម ខ្លូត ចិន្តា អញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធ ស្តីពី ការចាប់ដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម

នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នេះ លោក ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ មួយភាគីពាក់ព័ន្ធ ស្តីពី ការចាប់ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានការអញ្ជើញ ចូលរួមពី កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី អភិបាលរង តំណាងអភិបាល នៃគណៈអភិបាលក្រុង-ស្រុក និងលោក លោកស្រី តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ។

លោក ឈីម ចាន់ធឿន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម បានឱ្យដឹងថា៖ កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនាពេលនេះ ក្នុងគោលបំណង ប្រកាសអំពី ការចាប់ផ្ដើមដំណើរការនៃការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ។ លោកបន្តថា យោងតាមច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ត្រូវធ្វើឡើងរៀងរាល់ ៥ឆ្នាំម្ដង តាមរយៈ ការបោះឆ្នោតជាសកល។

កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ត្រូវកំណត់ និងប្រកាសដោយនាយករដ្ឋមន្ដ្រីតាមសំណើ របស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ។ យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៤៦ សសរ ចុះនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។

ជាមួយនោះ គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម បានត្រៀមលក្ខណៈជាស្រេច ដើម្បី អនុវត្តតាមផែនការមេ ប្រតិទិនការងារ និងបានត្រៀមខ្លួនផងដែរសម្រាប់អនុវត្តតាមការធ្វើបច្ចុប្បន្នភាព លើ បទបញ្ជា និងនីតិវិធី រួមឯកសារគតិយុត្ត ផ្សេងៗទៀត ដើម្បី ធានាឱ្យការរៀបចំនិងចាត់ចែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព រលូន និងជោគជ័យ។
នាឱកាសនោះដែរ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង ខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ អស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ នៃគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបំពេញការងាររបស់ខ្លួន យ៉ាងមមាញឹក ក្នុងដំណើរការបោះឆ្នោតជ្រើសជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដ៏មានសារៈសំខាន់បំផុត ចំពោះ ខេត្តកំពង់ចាម ក៏ដូចនៅក្នុងប្រទេសកម្ពុជា ទាំងមូល ។

ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ ផងដែរថា ៖ ដើម្បី ឱ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយរលូន ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌តម្លាភាព សូមលោក លោកស្រី ជាមន្ត្រីបម្រើការងារនៅ គណៈកម្មការរៀបចំការបោះឆ្នោត អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ អង្គការមិនមែនរដ្ឋាភិបាល គ្រប់គណបក្សនយោបាយ ត្រូវចូលរួមសហការគ្នាទៅវិញទៅមក ព្រោះច្បាប់តម្រូវឱ្យ គ.ជ.ប រៀបចំដំណើរការប្រព្រឹត្ត ទៅដោយរលូន ៕