ភ័ណ្ឌ ប៉ាង

នាព្រឹកថ្ងៃទី១៩ ខែឧសាភា ឆ្នាំ២០២៣ នេះ នៅមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ចាម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងពន្យាល់ណែនាំ ទៅដល់អាជ្ញាធរឃុំ ភូមិ និងពលករ បម្រុងធ្វើចំណាក់ស្រុក ឲ្យមានសុវត្ថិភាព ដើម្បី បង្ការ និងទប់ស្តាត់គ្រោះថ្នាក់ ពេលចេញទៅបំពេញការងារ នៅឯក្រៅប្រទេស ដែលសិក្ខាសាលានេះ ធ្វើឡើងក្រោមប្រធានបទ «ទំនួលខុសត្រូវ និងក្រមសីលធម៌ក្នុងការផ្សព្វផ្សាយជ្រើសរើសពលករ ចំណាក់ស្រុកប្រកបដោយសុវត្ថិភាព» ក្រោមវត្តមាន លោក ចេង ហ៊ាង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងលោក ពិន វិរះ នាយកប្រតិបត្តិសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ហៅកាត់ថា (ACRA) និងដោយការចូលរួមពី លោក លោកស្រី មេឃុំ មេភូមិ អនុភូមិ មកពីស្រុកចំនួន ៣ (កំពង់សៀម ស្រុកស្ទឹងត្រង់ ស្រុកចំការលើ) និងពលករ ធ្លាប់មានបទពិសោធន៍ ធ្វើចំណាក់ស្រុក ជាច្រើនរូបទៀត ផងដែរ ។
លោក ចេង ហ៊ាង បានគូសបញ្ជាក់ថា ភាគច្រើនពលកររបស់យើង នាពេលចង់ធ្វើចំណាក់ស្រុក ទៅរកការងារធ្វើ ឯក្រៅប្រទេស គឺបានធ្វើតាមរយៈ បងប្អូន មិត្តភ័ក្ត និងមេខ្យល់ ដែលនាំឲ្យពួកគាត់ ចាញ់បោកមេខ្យល់ មិនទទួលបានប្រាក់ខែ ថៅកែគេងប្រវ័ញ្ចកំលាំងពលកម្ម ជាពិសេស គ្មានសុវត្ថិភាពការងារតែម្តង ។ លោកបន្តថា ដើម្បី ឲ្យបងប្អូនចេញទៅធ្វើការងារ នៅឯក្រៅប្រទេស ប្រកបដោយសុវត្ថិភាព សូមឲ្យបងប្អូនពលករយើង ទៅធ្វើការ តាមរយៈក្រុមហ៊ុន ដែលមានចុះក្នុងបញ្ជី របស់ក្រសួងការងារ ឲ្យបានច្បាស់លាស់ និងសាកសួរព័ត៌មាន ពីក្រុមហ៊ុន ថាតើមានច្បាប់អនុញ្ញាតពីក្រសួងការងារ ដែរ ឬទេ?។ ដូច្នេះ សូម លោក លោកស្រី ដែលជាអាជ្ញាធរ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន សូមធ្វើការផ្សព្វផ្សាយ ពន្យល់ ណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋ ឲ្យយល់ដឹងពីរបៀប នៃការធ្វើចំណាក់ស្រុក ប្រកបដោយសុវត្ថិភាព ជៀសវាង ពួកគាត់ចាញ់បោកមេខ្យល់ នាំទៅធ្វើការនៅឯក្រៅប្រទេស ។ លោកប្រធានមន្ទីរការងារ ក៏បានចាត់ទុកសិក្ខាសាលា រយៈពេល១ព្រឹកនេះ ពិតជាមានសារៈសំខាន់ ដែលទាមទារឲ្យអាជ្ញាធរ ភូមិ ឃុំ និងពលករ ដែលធ្លាប់ចំណាក់ស្រុក នៅឯប្រទេស យកចិត្តទុកដាក់ស្តាប់ សិក្សាស្វែងយល់ នូវការពន្យល់ របស់លោកគ្រូ អ្នកគ្រូ ទៅលើប្រធានបទនីមួយៗ ។ ទន្ទឹមនឹងនោះ ប្រសិនបើ លោកគ្រូ អ្នកគ្រូ ពន្យល់មិនទាន់ច្បាស់ សូមធ្វើការសាកសួរបន្ថែម ដើម្បី ទទួលបានព័ត៌មាន និងចំណេះដឹងថ្មីៗ យកទៅផ្សព្វផ្សាយបន្ត ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទទួលបានជ្រួតជ្រាប ផងដែរ ។
ជាមួយគ្នានោះដែរ លោក ពិន វិរះ នាយកប្រតិតបត្តិសមាគម ទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា បានលើកឡើងដែរថា ការងារចំណាក់ប្រកបដោយសុវត្ថិភាពនោះ បើពឹងផ្អែកមកលើម្ចាស់ក្រុមហ៊ុន ក៏ដូចជាបុគ្គលិក និងមន្រ្តីមន្ទីរការងារ តែប៉ុន្មាននាក់នេះ គឺមិនអាចទប់ស្តាត់ និងកាត់បន្ថយគ្រោះថ្នាក់បានទេ ។ ដូច្នេះ ទាមទារឲ្យមានការចូលរួមចំណែក ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅក្នុងមូលដ្ឋាននីមួយៗ ដើម្បី បានផ្សព្វផ្សាយណែនាំ និងពន្យល់ ទៅកាន់ប្រជាពលរដ្ឋ របស់ខ្លួនជានិច្ច ។
សូមជម្រាបថា សិក្ខាសាលា ខាងលើនេះ មានគោលបំណង ៖ ទី១.ដើម្បី បង្កើនការយល់ដឹងបន្ថែមអំពីព័ត៌មានជាក់លាក់ ពាក់ព័ន្ធនិងការងារនៅបរទេស ។ ទី២.ទទួលបានការពន្យល់ និងផ្សព្វផ្សាយអំពីការជ្រើសរើស ប្រកបដោយក្រមសីលធម៌ ។ និងទី៣.ផ្តល់ឱកាស ដល់អ្នកចូលរួមក្នុងការសាកសួរ និងសំណូមពរផ្សេងៗ ទាក់ទងទៅនឹងការធ្វើចំណាក់ស្រុក ប្រកបដោយសុវត្ថិភាព ៕



