រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចុះ​ពិនិត្យ​វឌ្ឍនភាព និង​សំណេះសំណាល​ជាមួយ​មន្ត្រី នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម

នួន សត្យា

(​កំពង់ចាម​)៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ឯកឧត្តម ខៀវ កាញារីទ្ធ នៅ​ព្រឹក​ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២២​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​វឌ្ឍនភាព និង​សំណេះសំណាល ជាមួយ​មន្ត្រី នៃ​អង្គភាព​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម ។

​ស្ថិតក្នុង​ឱកាស​នោះ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម លោកស្រី សម ផល្លា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា បច្ចុប្បន្នភាព​ការងារ​របស់​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម ដែល​កំពុងដំណើរការ​ផ្សព្វផ្សាយ​មានដូចជា ផេ​ក​ចំនួន ៤ , Telegram Channel ១ , គេហទំព័រ ១ , វិទ្យុ អន​ឡាញ ១ , ទូរទស្សន៍​ផ្សាយ​លំហ ១ , ផ្សាយ​តាមរយៈ ទូរទស្សន៍​ខ្សែកាប ៣ Channel និងផ្សាយផ្ទាល់កម្មវិធីសន្ទនាមតិ ពីថ្ងៃចន្ទ ដល់សុក្រ នៅវិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHz។ ទន្ទឹមនឹង​នេះដែរ អង្គភាព​មន្ទីរ​ព័ត៌មាន​ខេត្ត បាន​ផលិត​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ក្នុង​មួយថ្ងៃ ២​ម៉ោង​ផងដែរ ។​

​លោកស្រី សម ផល្លា បាន​បញ្ជាក់ថា អ្វីៗ​ដែល​ធ្វើ​ឲ្យ​មានការ​រីកចម្រើន​ដល់​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម​ដូច​ពេលនេះ គឺ​ដោយសារ​មានការ​សហការ​ល្អ​ពី​អាជ្ញាធរ និង​មន្ទីរ​ស្ថាប័ន​គ្រប់​ជំនាញ ដែល​រួមសហការ ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន តាមរយៈ​នាទី​សន្ទនា​មតិ ជាដើម ។​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​ផងដែរ​ថា ការផ្សព្វផ្សាយ​ព័ត៌មាន​តាម facebook បើ​និយាយ​ប្រៀបធៀប​លើ​ឧស្សាហកម្ម បានន័យថា វា​ជា​ផលិតផល​ពាក់កណ្ដាល​ស​ម្រេច ប៉ុន្តែ​ព័ត៌មាន​លើ​ផេ​ក​របស់​មន្ទីរ គឺជា​ផលិតផល​សម្រេច ពោលគឺ បើទោះជា ជួនកាល​ចេញផ្សាយ​យឺត​បន្តិច​ក៏ពិតមែន ប៉ុន្តែ​មាន​មូលហេតុ​គ្រប់គ្រាន់​។​រីឯ​គោលការណ៍​របស់​អ្នកព័ត៌មាន​គឺ លឿន , ប្លែក , ទុកចិត្តបាន , នៅទីណា , ពេលណា , ទាំង​៥ នេះ គឺ​សំខាន់​ជាង គេ គឺ​ព័ត៌មាន​ដែល​ទុកចិត្តបាន​។​

​ ឯកឧត្តម ​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា កន្លងទៅនេះ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម ផលិត​ព័ត៌មាន​បាន​លឿន និង​បានល្អ ។ ទន្ទឹមនឹងនេះ ឯកឧត្តម ​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​អោយ​អង្គភាព​មន្ទីរ​ព័ត៌មាន​ខេត្ត ត្រៀម​រៀបចំ​ផលិត​ព័ត៌មាន អំពី​ការអភិវឌ្ឍ ៥​ឆ្នាំ​របស់​ខេត្ត ដែលមាន​រយៈពេល​យ៉ាងច្រើន​ត្រឹម ៣០​នាទី ដើម្បី​ទុក​ចូលរួម​ផ្សព្វផ្សាយ ក្នុង​ពិធី បិទ​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​ព័ត៌មាន​នាពេលខាងមុខ ៕​