អាហា​រដ្ឋា​ន ស្មៅ​ទន្លេ ក្រុង​កំពង់ចាម កំពុង​ទាក់ទាញ​អ្នក​ទេសចរណ៍​

ដោយ​គំនិត​ច្នៃប្រឌិត ជា​ប្លង់​ថតរូប​ប្លែកៗ តាម​រចនាបទ​ខ្មែរ រួម​ជាមួយនឹង​ទេសភាព ស្រស់បំព្រង នៅ​អមដោយ​ដង​ទន្លេមេគង្គ ខេត្តកំពង់ចាម ផង​នោះ បាន​ជម្រុញ​ធ្វើ​អាហារ​ដ្ឋា​ន​ស្មៅ​ទន្លេ បានប្រែក្លាយ​ទៅជា​តំបន់​ទេសចរណ៍​មួយ ហើយ​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ចូលមក​កំសាន្ត និង​ថតរូប​បង្ហោះ នៅតាម​បណ្តាញ​សង្គម រាប់រយ​នាក់ ក្នុង​មួយថ្ងៃៗ ។
​អាហា​រដ្ឋា​ន ស្មៅ​ទន្លេ មាន​ទីតាំង​ស្ថិតនៅក្នុង​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម មាន​ចម្ងាយ​ប្រមាណ​ជា ១​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ចាម ។ អាហា​រដ្ឋា​ន​នេះ ស្ថិតនៅក្រោម​ការ​គ្រង​ផ្ទាល់ ពី​សំណាក់​អ្នកជំនួញ​វ័យក្មេង​ម្នាក់ តែមាន​គំនិត​ច្នៃប្រឌិត​ខ្ពស់ ។

ក្នុង​ជំ​ហ៊រ​យ៉ាង​ស្វាហាប់ ផ្ដល់នូវ​បទសម្ភាសន៍​ផ្ទាល់ ជាមួយ​អ្នកយកព័ត៌មាន​យើង ម្ចាស់​អាហា​រដ្ឋា​ន ស្មៅ​ទន្លេ លោក ប៉េង ឈុន បាន​ឲ្យ​ដឹងថា ក្នុងឱកាស នៃ​ថ្ងៃ​ឈប់សម្រាក ដែល​រាជ​រា​ដ្ឋា​ភិ​បាល​កម្ពុជា សង​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នេះ អាហារ​ដ្ឋា​ន​របស់​យើង បាន​ត្រៀម​ទទួលភ្ញៀវ​ទេសចរណ៍​គ្រប់ទិសទី ។ ជាមួយ​នោះ យើង​ក៏បាន​ការកែច្នៃ ជា​ប្លង់​ថតរូប​ថ្មី​មួយទៀត ដោយ​យក​សំបក​កំប៉ុង ដែល​គេ​បោះចោល មក​ច្នៃ​ជា​រូប​អក្សរ អរគុណ សន្តិភាព ដែល​ពាក្យ​នេះ គឺជា​ពាក្យ​មួយ​ធ្វើ​ឲ្យ​ខ្ញុំ និង​បងប្អូន​ប្រជាពលរដ្ឋ​ផ្សេងទៀត មាន​សិទ្ធិ​ដើរ​កម្សាន្ត ដោយ​សេរី មិនមាន​ការភិតភ័យ​អ្វី​ឡើយ ហើយ​ថែមទាំង​នាំ​គ្នីគ្នា មក​ផ្ដិត​យក​រូប​មួយ​នេះ ទៅជា​មួយ ផងដែរ។

ទន្ទឹម​ជាមួយ​នោះ ក្រោយពី​ការដើរ​កំសាន្ត ជាពិសេស ការ​ផ្ដិត​យក​រូបភាព​ផ្សេងៗ នៅតាម​កន្លែង​នីមួយៗ នៃ​អាហារ​ដ្ឋា​ន ខាងលើ អ្នក​ទេសចរណ៍​មួយរូប ដែល​រស់នៅ​ខេត្តកណ្តាល បានបង្ហាញ​នូវ​សេចក្ដី​សប្បាយរីករាយ​ជាខ្លាំង ពីព្រោះថា គាត់​មិន​ធ្លាប់​ឃើញ​ផ្ទាល់​នូវ​ទិដ្ឋភាព​ប្លង់ នៃ​ការច្នៃប្រឌិត របស់​ម្ចាស់​អាហារ​ដ្ឋា​ន​នេះឡើយ ពោលគឺ ធ្លាប់តែ​ឃើញ​គេ​ផុស នៅតាម​ប្រព័ន្ធ​សង្គម ប៉ុណ្ណោះ។ ភ្ញៀវ​រូបនេះ ពិតជា​ស្ងើច​ស​សើរ ចំពោះ​ស្នាដៃ របស់​អ្នក​កំពង់ចាម​ណាស់។

ជា​ចម្លើយ​មិន​ខុសគ្នា​ប៉ុន្មាន​ទេ ភ្ញៀវ​ទេសចរណ៍​ផ្សេងៗ​ទៀត ដែល​មកកាន់​អាហារ​ដ្ឋា​ន​ស្មៅ​ទន្លេ​នេះ គឺមាន​គោលបំណង និង​ចំណង់​ចំណូលចិត្ត ថតរូប​យក​ប្លង់​ស្អាតៗ តាម​សិល្បៈ បែប​ច្នៃប្រឌិត បូករួម​ជាមួយ​ទិដ្ឋភាព ដ៏​ស្រស់ត្រកាល នៃ​ផ្ទៃ​ទឹកទន្លេ​មេគង្គ ដើម្បី បង្ហោះ​លើ​បណ្តាញ​សង្គម​របស់ខ្លួន ជាពិសេស គឺ​ចង់​ចង្អួ​ត​ថា កាលណា​មកដល់​ខេត្តកំពង់ចាម កុំ​ភ្លេច មកកាន់​កន្លែង​កម្សាន្ត​មួយ​នេះ ។​

ដោយឡែក បើទោះបីជា​យើងទាំងអស់គ្នា កំពុងតែ​សប្បាយរីករាយ យ៉ាងណាក៏ដោយ ក៏​សូម​ឲ្យ​ម្នាក់ៗ​មិនត្រូវ​ភ្លេចភ្លាំង ចំពោះ សុវត្ថិភាព​ផ្ទាល់ខ្លួន​នោះឡើយ ជា​ពិ​សស ការការពារ​ទប់ស្កាត់​ជម្ងឺ​កូ​វីដ ១៩ តាមរយៈ ការ​រួមគ្នា​ថែរក្សា​អនាម័យ សម្អាត​ខ្លួនប្រាណ និង​ការអនុវត្ត​ឲ្យ​បាន​ខ្ចា​ប់​ខ្ជួន ទៅតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល។

ក្នុងការ​ចូលរួមចំណែក​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជម្ងឺ ដ៏​កាច​សាហាវ​មួយ​នេះ អាហា​រដ្ឋា​ន​ស្មៅ​ទន្លេ ក៏បាន​រៀបចំ​នូវ​ដប​ទឹក​អាល់កុល ឬ​ជេ​ល​លាងដៃ ដាក់​នៅត្រង់ចំណុច​ច្រកចូល និង​នៅតាម​តុ​ភ្ញៀវ​នីមួយៗ ព្រមទាំង រៀបចំ​តុ​គម្លាត​ពីគ្នា តាម​ការណែនាំ​ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍ ផងដែរ ។​

ម្ចាស់​អាហា​រដ្ឋា​ន​ស្មៅ​ទន្លេ លោក ប៉េង ឈុន បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ដើរ​កម្សាន្ត នៅតាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្តកំពង់ចាម ក៏ដូចជា នៅក្នុង​ប្រទេស​កម្ពុជា សូម​ចូលរួម​សម្អាត​ថែរក្សា អនាម័យ​បរិស្ថាន និង​ចូលរួម​គោរព​ច្បាប់​ចរាចរ ទាំងអស់គ្នា​។

​គូសបញ្ជាក់​ផងដែរ​ថា អាហា​រដ្ឋា​ន ស្មៅ​ទន្លេ ក្រុង​កំពង់ចាម មិន​ត្រឹមតែ​ជា​កន្លែង​ទេសចរណ៍​ថតរូប​ទេស​ភាព នោះទេ តែ​វា​ផ្នែ​មួយ ដ៏​សំខាន់ ក្នុង​លើកកម្ពស់​វិស័យ​ទេសចរណ៍ នៅក្នុង​ខេត្តកំពង់ចាម ផងដែរ៕