ឯកឧត្តម អ៊ុន ចាន់ដា ៖ ក្បាលដីដែលបានចុះបញ្ជី និងទទួលបានកម្មសិទិ្ធនេះ គឺបានបំពេញលក្ខខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់

ចិន សារ៉ាត

ក្បាលដី ដែលបងប្អូនបានចុះបញ្ជី នៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានកម្មសិទិ្ធនេះ គឺជាការបានបំពេញលក្ខខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់ សម្រាប់ការប្រើប្រាស់ប័ណ្ណដី ដោយការដាក់ធានា ខ្ចីប្រាក់នៅធនាគារ ដើម្បី យកដើមទុនមកប្រើប្រាស់ សម្រាប់ធ្វើអាជីវកម្មផ្សេងៗ ក្នុងការកែលម្អជីវភាពរស់នៅ ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ថ្លែងយ៉ាងដូច្នេះ នាឱកាសអញ្ជើញក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅភូមិស្វាយព័ន្ធទី១ ឃុំខ្ចៅ ស្រុកកងមាស ចំនួន ៩៣៧ក្បាលដី ដែលពិធីនេះ បានរៀបចំនៅបរិវេណវត្តស្វាយព័ន្ធ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត និងលោក លោកស្រី ជាប្រធាន អនុប្រធាន មន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត ព្រមទាំង អាជ្ញាធរមូលដ្ឋាន និងតំណាងប្រជាពលរដ្ឋ ជាម្ចាស់កម្មសិទ្ធិជាច្រើននាក់ ផងដែរ ។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវ ក្តីរីករាយយ៉ាងក្រៃលែង ដោយបានមកចូលរួមពិធីចែកប័ណ្ណកម្មសិទិ្ធនាថ្ងៃនេះ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី ចំនួន ៩៣៧ក្បាលដី ស្មើនឹង ៤៤៣ម្ចាស់កម្មសិទិ្ធករ  នៅក្នុងភូមិ ស្វាយពាន់ទី១ ឃុំខ្ចៅ ស្រុកកងមាស នាថ្ងៃនេះ ។ លទ្ធផល សម្រេចបាននាថ្ងៃនេះ គឺបានមកពីក្រុមការងារចុះបញ្ជីដីធ្លី និងស្ថាប័ន-អង្គភាពពាក់ ព័ន្ធទាំងអស់ និងការចូលរួមរបស់ប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ និងតម្លាភាព រហូតដល់ភារកិច្ចចុងក្រោយគឺការមក ទទួលប័ណ្ណកម្មសិទិ្ធ នៅពេលនេះ ។ ដូច្នេះ ការចុះបញ្ជីដីធ្លី គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដែលនឹងជំរុញការប្រើប្រាស់ដី ឲ្យអស់សក្តានុពល ហើយកត្តានេះ ពិតជានឹងកាត់បន្ថយភាពក្រីក្រ ដែលជាគោលដៅចុងក្រោយ នៃគោលនយោបាយជំរុញការចុះបញ្ជីដីធ្លី របស់រាជរដ្ឋាភិបាល ។

ម្យ៉ាងវិញទៀត ដោយសារប័ណ្ណកម្មសិទិ្ធ ដែលបងប្អូនទទួលនៅថ្ងៃនេះ គឺជាឯកសារមួយសំខាន់ ជាឯកសារតំណាងអោយទ្រព្យ របស់បងប្អូន ជាឯកសារតំណាងអោយសិទិ្ធនៃកម្មសិទិ្ធ ដែលជាសិទិ្ធផ្តាច់មុខ របស់កម្មសិទិ្ធករ លើដីធ្លីរបស់ខ្លួន ក្នុងការប្រើប្រាស់ និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរមរតក ទៅឲ្យកូន ចៅ ដោយអនុលោមតាមការកំណត់ នៃច្បាប់ អាស្រ័យហេតុនេះ សូមរក្សាប័ណ្ណកម្មសិទិ្ធនេះ ឲ្យបានល្អបំផុត ។ ដោយឡែក ដើម្បី បន្តជំរុញការចុះបញ្ជីដីធ្លី នៅខេត្តកំពង់ចាម ពិសេស ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅតាមតំបន់វិនិច្ឆ័យ នៃបណ្តាលភូមិជាបន្តបន្ទាប់ទៀត និងរួមចំណែកក្នុងការសម្រេចផែនការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋា ភិបាល ឯកឧត្តម អ៊ុន ចាន់ដា សំណូមពរដល់សមាសភាពមកពីតំណាងអាជ្ញាធរពាក់ព័ន្ធគ្រប់ផ្នែក គ្រប់ថ្នាក់ ជួយបំផុសការចូលរួម របស់គ្រប់សមត្ថកិច្ច និងប្រជាពលរដ្ឋជាម្ចាស់ដី សហការជាមួយក្រុមការងារជំនាញចុះបញ្ជីដីធ្លីដើម្បីសម្រេចការ ងារនេះដោយជោគជ័យ ផងដែរ ៕