យោបល់​កុមារ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ដំណើរការ​នៃ​ការបង្កើត​សៀវភៅ​កុមារ​

​ភ្នំពេញ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ – ការប្រើប្រាស់​ធនធាន​អប់រំ​ឌីជីថល មានការ​កើនឡើង​ក្នុងអំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ ១៩ ទាំង​នៅ​ប្រទេស​កម្ពុជា និង​ទូទាំង​សកលលោក​។ អង្គការ​មូលនិធិ​អាស៊ី បានរៀបចំ​កម្មវិធី BookLab (​កម្មវិធី​បង្កើត​សៀវភៅ​) លើក​ទី​ប្រាំបួន របស់ខ្លួន​នៅ​ប្រទេស​កម្ពុជា ដើម្បី​បង្កើត​សៀវភៅ​រឿង​កុមារ​ថ្មី​ចំនួន​ដប់​ចំណងជើង​បន្ថែមទៀត ដើម្បី​ចែកចាយ​ជា​សាធារណ​នៅលើ​បណ្ណាល័យ​ឌីជីថល​។ នៅក្នុង​ដំណើរការ​នៃ​ការសរសេរ​រឿងលើក​នេះ អ្នកនិពន្ធ រួមទាំង​អ្នកដឹកនាំ​កម្មវិធី បានរៀបចំ​កម្មវិធី​ជំនួប​ជាមួយ​កុមារ​ដោយ​ផ្តល់ឱកាស​ឱ្យ​អ្នកនិពន្ធ​ជួប​ជជែក​ពិភាក្សា​ជាមួយ​កុមារ​ដែលជា​អ្នកអាន​គោលដៅ ដើម្បី​ស្វែងយល់​ពី​គំនិត ចំណង់​ចំណូលចិត្ត អារម្មណ៍​របស់​កុមារ ដែល​នេះ​ជា ព័ត៌មាន​ដែល​អ្នកនិពន្ធ​អាច​យកមក​រួមបញ្ចូល​ជា​គំនិត​ក្នុង​ដំណើរការ​នៃ​ការបង្កើត​សាច់រឿង​។

អ្នកស្រី មេ​ឡូ​នី លីន​ប៊ឺ​ក តំណាង​អង្គការ​មូលនិធិ​អាស៊ី​ប្រចាំ​កម្ពុជា និង​លោក គាំ ទី​វា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ នៃ​ក្រុមហ៊ុន ស្មា​ត អ​ស្យា​តា បានផ្តល់​កិត្តិយស​ចូលរួម​បើក​កម្មវិធី BookLab ដែល​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ​ពេញ​។

​អ្នកស្រី មេ​ឡូ​នី លីន​ប៊ឺ​ក មានប្រសាសន៍ថា​៖ “​សៀវភៅ​រឿង​ទាំងនេះ ផ្តោតទៅលើ​ប្រធានបទ​៖​គ្រួសារ សហគមន៍ និង មិត្ត ភាព​។ ក្នុង​កម្មវិធី​BookLab លើក​ទី​៩​នេះ យើង​បាន​បន្ថែម​វិធីសាស្ត្រ​ថ្មី​ក្នុង​ដំណើរការ​នៃ​ការនិពន្ធ​សៀវភៅ​ដោយ​ផ្តល់ឱកាស​ឱ្យ​អ្នកនិពន្ធ​ជួប​ជាមួយនឹង​កុមារ​ដើម្បី​សិក្សា និង​ទទួលបាន​គំនិត យោបល់ និង​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​។ ខ្ញុំ​សង្ឃឹមថា វិធីសាស្ត្រ​នេះ នឹង​ធ្វើឱ្យ​គុណភាព​សៀវភៅ​របស់​យើង​កាន់តែ​ល្អ​បន្ថែមទៀត និង​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​កុមារ​បន្ថែមទៀត នៅពេលដែល​ពួកគេ​អាន​សៀវភៅ​ទាំងនេះ​។​”

អង្គការ​មូលនិធិ​អាស៊ី សហការ​ជាមួយនឹង​អង្គការ​ឆាល​ហ្វា​ន​កម្ពុជា ដើម្បី​រៀបចំ​ការជួបជុំ​រវាង​អ្នកនិពន្ធ និង​កុមា​រស ដើម្បីឱ្យ​ពួកគាត់​អាច​ជជែក​ពិភាក្សា​ដើម្បី​ស្វែងយល់​នូវ​គំនិត​យោបល់​សម្រាប់​ការនិពន្ធ​រឿង​។ មុននឹង​ដាក់ចេញ​សៀវភៅ​ទាំងនោះ​ជា​សាធារណៈ សៀវភៅ​ទាំងនោះ នឹងត្រូវ​បាន​យកទៅដាក់​បង្ហាញ និង​សុំ​មតិយោបល់​បន្ថែមទៀត​ពី​កុមារ​ទាំងនោះ​។
​លោក ប្រា​ស្សាន វើ​ម៉ា នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ឆាល​ហ្វា​ន កម្ពុជា មានប្រសាសន៍ថា​៖ «​ជាទូទៅ គេ​និយាយថា​កុមារ​កម្ពុជា មិន​ចូលចិត្ត​អាន​។ នេះ​មិនមែនជា​ការសន្និដ្ឋាន​ដែល​ត្រឹមត្រូវ​នោះទេ​។ កុមារ​ខ្លួនឯង​ទើប​ដឹង​ច្បាស់​ថា​សៀវភៅ​មួយណា​ដែល​ពួកគេ​ចូលចិត្ត​អាន ដូច្នេះ​ការពិភាក្សា​ជាមួយ​កុមារា កុមារី ទើប​ស្ថាប័ន​អភិវឌ្ឍន៍​វិស័យ​អប់រំ អាច​ផលិត​បាន​នូវ​ធនធាន​អំ​ណាន​ដ៏​សម្បូរបែប​ដែល​សមស្រប​តាម​វប្បធម៌ អាយុ និង​ចំណាប់អារម្មណ៍ របស់​កុមារ​។ យើង​ជឿជាក់ថា ឱកាស​ក្នុងការ​ទទួលបាន​សៀវភៅ​ដែលមាន​គុណភាព ភាព​រីករាយ​ក្នុង​ការអាន និង​ការរីកចម្រើន​ក្នុង​ការអាន ពិត​ជាមាន​ទំនាក់ទំនង​នឹង​គ្នា​»

គម្រោង Let’s Read ត្រូវបាន ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Smart Axiata តាមរយៈ​កិច្ចសហការ​យូរអង្វែង ជាមួយនឹង​អង្គការ​មូលនិធិ​អាស៊ី ដែលជា​ក្រុមហ៊ុន​ស្មា​ត​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​នាំមុខគេ​នៅ​ប្រទេស​កម្ពុជា​។ លោក គាំ ទី​វា មានប្រសាសន៍ថា​៖ “​ការរួមបញ្ចូល​នូវ​គំនិត យោបល់​របស់​កុមារ​នៅក្នុង​ដំណើរការ​នៃ​ការផលិត​រឿងនិទាន​កុមារ ពិតជា​ធ្វើឱ្យ​សៀវភៅ​រឿង​ទាំងនោះ មាន​គុណភាព​ខ្ពស់​។ ខ្ញុំ​សង្ឃឹមថា​សិស្សានុសិស្ស នឹង​រីករាយ​ក្នុង​ការអាន​សៀវភៅ​រឿង​ទាំងនេះ ដែល​យោបល់​របស់​ពួកគេ​ត្រូវបាន​យកចិត្តទុកដាក់ ជាពិសេស​នៅក្នុងពេល​វិបត្តិ​ជំងឺ​កូ​វីដ​១៩​នេះ ដែល​សៀវភៅ​ឌីជីថល ពិត​ជាមាន​សារសំខាន់ និង​ងាយស្រួល​បំផុត​ក្នុង​ដំណើរការ​នៃ​ការរៀន​អាន និង​សិក្សា​រៀនសូត្រ​។ ក្រុមហ៊ុន​ស្មា​ត បាន​ប្តេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​បទ​ពិសោធន៍​នៃ​ការសិក្សា​រៀនសូត្រ​តាម​ប្រព័ន្ធ​ឌីជីថល នៅ​កម្ពុជា​”​។

គួរ​រំ​ឮ​ក​ផងដែរ​ថា ក្នុងពេល​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ដោយ​មានការ​ឧបត្ថម​ពី​ក្រុមហ៊ុន​ស្មា​ត អង្គការ​មូលនិធិ​អាស៊ី បានរៀបចំ​កម្មវិធី​អន​ឡាញ​បកប្រែ​សៀវភៅ​ពីរលើក នៅក្នុង​ខែមិថុនា និង​ខែកក្កដា ២០២០ ដោយមាន​អ្នកស្ម័គ្រចិត្ត និង​អ្នកជំនាញ​ផ្នែក​ភាសា​ខ្មែរ ជាង​១៧០​នាក់ ចូលរួម​គ្នា​ក្នុងការ​បកប្រែ​សៀវភៅ​កុមារ ៦០​ក្បាល ពី​ភាសា​អង់គ្លេស ទៅ​ភាសា​ខ្មែរ​។​
“​យើង​ពិតជា​សប្បាយចិត្ត​ដោយមាន​អ្នកស្ម័គ្រចិត្ត​ជាច្រើន​បានដាក់​ពាក្យ​ក្នុង​ការជួយ​បកប្រែ​សៀវភៅ​កុមារ​ទាំង ទាំង​៦០​ចំណងជើង​នោះ ពី​ភាសា​អង់គ្លេស​មក​ភាសា​ខ្មែរ​” អ្នកស្រី មេ​ឡូ​នី លីន​ប៊ឺ​ក បន្ថែម​។

បណ្ណាល័យ​ឌីជីថល Let’s Read បាន​បង្កើន​ចំនួន​ចំណងជើង​រឿង​កុមារ​ជា​ភាសា​ខ្មែរ រហូតដល់​ជាង ៤០០​ក្បាល និង​មាន​សៀវភៅ​រឿង​សរុប​ជិត ៥០០០ ចំណងជើង សរសេរ​ជា ៣៧ ភាសា​ផ្សេងគ្នា​។ បណ្ណាល័យ​ឌីជីថល​នេះ បាន​ឆក់យក​ឱកាស​ក្នុង​យុគសម័យ​ដែល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​ថេ​ប្លែ​ត​កំពុងតែ​ពេញនិយម ហើយ​សាធារណជន​ក៏​អា​ចរក​អាន ទាញយក ឬ​ព្រី​ន​ចេញ​ជា​សៀវភៅ​តាមរយៈ​គេហទំព័រ និង​កម្មវិធី​ក្នុង​ទូរស័ព្ទ Android​។ ទិន្នន័យ​បង្ហាញថា ក្នុងពេល​វិបត្តិ​ជំងឺ​កូ​វីដ​១៩ បណ្ណាល័យ​ឌីជីថល Let’s Read មានការ​ចូល​អាន​ច្រើនជាង​មុន​ពី​សំណាក់​សាធារណជន​។
​គម្រោង Let’s Read គឺជា​កិច្ច​ផ្តួចផ្តើម របស់​អង្គការ​មូលនិធិ​អាស៊ី ហើយក៏​ជា​គម្រោង​ដែល​កំពុង​រីកដុះដាល​យ៉ាង​លឿន ដោយ​ពឹង​ផ្អែកទៅលើ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង ការិយាល័យ​របស់​មូល​និ​ធិ​អាស៊ី ក្នុងប្រទេស​ទាំង​១៨​នៅ​ទ្វីបអាស៊ី ជាមួយនឹង​សហគមន៍​ក្នុង​តំបន់ ក្នុង​ការកសាង​បណ្ណាល័យ​ឌីជីថល​សម្រាប់​កុមារ ជា​ភាសា​ក្នុង​តំបន់​។ សៀវភៅ​រឿង​ក្នុង​បណ្ណាល័យ​ស្ថិតនៅក្រោម ប្រធានបទ​ផ្សេងៗ​ដូចជា បរិស្ថាន ភាព​ចម្រុះ​គ្នា ការតស៊ូ និង​ការអត់ឱន យេនឌ័រ និង​ស្ទែ​ម (STEM) ល​។ Let’s Read ក៏មាន​គោលបំណង​បណ្តុះ​នូវ​ទម្លាប់​អាន​ដែល​អាចជួយ​ឱ្យ​កុមារ ក្រុមគ្រួសារ​របស់គាត់ និង​សហគមន៍​របស់គាត់ មាន​ភាព​រីកចម្រើន​។ អំឡុងពេល​នេះដែរ​Let’s Read ក​បន្ត​កសាង​និង​ប្រមូលផ្តុំ​សហគមន៍​អ្នកបង្កើត​សៀវភៅ និង​អ្នកបកប្រែ​សៀវភៅ​ដែល​ចង់ឃើញ​អនាគត​ដែល​ពោរពេញ​ទៅដោយ​សៀវភៅ​កុមារ​ដែលមាន​គុណភាព​។ បណ្ណាល័យ​ឌីជីថល Let’s Read អាច​ប្រើប្រាស់​បាន​តាមរយៈ​កម្ម​វិធី​ទូរស័ព្ទដៃ​Andriod ដែលមាន​ឈ្មោះថា​៖ Let’s Read Digital Library for Children ឬ​តាម​គេហទំព័រ​៖ www.LetsReadAsia.org

​អំពី​អង្គការ​មូលនិធិ​អាស៊ី​

​អង្គការ​មូលនិធិ​អាស៊ី គឺជា​អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​មួយ​ដែល​មិន​ស្វែងរក​ប្រាក់ចំណេញ ដែល​ចូលរួម​ក្នុងការ​លើកកម្ពស់​ការ​រស់នៅ​របស់​ប្រជាជន​នៅ​ជុំវិញ​ទ្វីបអាស៊ី​។ អង្គការ​មូលនិធិ​អាស៊ី​មានបទពិសោធន៍​ការ​ជាង​ប្រាំមួយ​ទសវត្សរ៍ ដែល​ការងារ​របស់​អង្គការ​មូលនិធិ​អាស៊ី ផ្តោតទៅលើ​គោលដៅ​ធំៗ​ចំនួន​ប្រាំ រួមមាន ការពង្រឹង​អភិបាលកិច្ច ការលើកកម្ពស់​ស្ត្រី ការលើកកម្ពស់​កលា​នុ​វត្ត​ភាព​សេដ្ឋកិច្ច ការលើកកម្ពស់​បរិស្ថាន និង​ការលើកកម្ពស់​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​នៅក្នុង​តំបន់​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ​របស់​អង្គការ​មូលនិធិ​អាស៊ី www.asiafoundation.org​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​៖
​លោក ឃុ​ត ស៊ន​និមល sornnimul.khut@asiafoundation.org ឬ ០១០ ៥៦៣ ៤៧៤ (​នៅ​កម្ពុជា​)
​លោក Kyle Barker kyle.barker@asiafoundation.org ឬ +១៥១០-៦៦៧-៦៤៧៥ (​នៅ​សហរដ្ឋអាមេរិក​។