អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការរៀបចំសម្អាតវិទ្យាល័យសីហនុ ដើម្បីឲ្យសិស្សចូលរៀនវិញ

នួន សត្យា

អភិបាលខេត្តកំពង់ចាម​ ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២១នេះ រួមជាមួយក្រុមការងារបានចុះត្រួតពិនិត្យការរៀបចំសម្អាតបាញ់ថ្នាំសម្លាប់មេរោគវិទ្យាល័យសីហនុប្រគល់ឱ្យមន្ទីរអប់រំយុវជននិងកីឡាដាក់ដំណើរការឲ្យសិស្សចូលរៀន។

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ចាមបានផ្ទេរអ្នកជំងឺកូវីដ១៩ កម្រិតស្រាល យកទៅព្យាបាលនៅមន្ទីរពេទ្យថ្មីស្ថិតនៅក្នុងឃុំក្រឡា ស្រុកកំពង់សៀមដើម្បីយកវិទ្យាល័យសីហនុនេះ ប្រគល់ឱ្យមន្ទីរអប់រំយុវជននិងកីឡាដាក់ដំណើរការឲ្យសិស្សចូលរៀនវិញក្រោយពេលរៀបចំនិងបាញ់ថ្នាំសម្លាប់មេរោគរួចរាល់។

មន្ត្រីដដែលបានបញ្ជាក់ថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់ក្នុងការរៀបចំសម្អាតពិសេសការបាញ់ថ្នាំសម្លាប់មេរោគក្នុងវិទ្យាល័យសីហនុដើម្បីជាទំនុកចិត្តមុនពេលអនុញ្ញាតឲ្យសិស្សចូលរៀនវិញនៅដើមខែវិច្ឆិកាខាងមុខនេះ។

មន្ត្រីដដែលបានបញ្ជាក់ផងដែរថា មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩កម្រិតស្រាល ស្ថិតក្នុងស្រុកកំពង់សៀម គឺត្រូវបានរៀបចំរួចរាល់ជាស្ថាពរហើយដែលអាចផ្ទុកអ្នកជំងឺបានក្នុងរង្វង់ជិត១០០០នាក់៕