អភិបាលខេត្តកំពង់ចាម ​ចុះពិនិត្យការរៀបចំ បើកវិទ្យាល័យ​ព្រះសីហនុ​ ដើម្បីឲ្យសិស្សានុសិស្សបានចូលរៀនវិញក្នុងពេលឆាប់ៗនេះ

លឹម ប៉ៃលិន

ឯកឧត្តម ​អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ ​និង​អាជ្ញាធរ​មូលដ្ឋាន​ នាព្រឹក​ថ្ងៃទី​១៩ ​ខែតុលា​ ឆ្នាំ​២០២១​នេះ​ បានអញ្ជេីញ​ចុះពិនិត្យ​ការ​រៀបចំ​បេីកសាលាវិទ្យាល័យព្រះសីហនុ​ដេីម្បីឲ្យ​សិស្សានុសិស្ស​បាន​ចូលរៀនវិញក្នុងពេលឆាប់ៗនេះ ខណៈ​ក្រុមការងារបានធ្វេីការបាញ់ថ្នាំសម្លាប់មេរោគ​បន្ទាប់ពី​អ្នកជំងឺកូវីដ​-១៩​​ កម្រិតស្រាល ​​ត្រូវបានប្តូរទៅ​សម្រាក​ព្យាបាលនៅឃ្លាំងពាណិជ្ជកម្ម​ក្នុង​ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម​ ហេីយនោះ​។​

ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​ការ​រៀបចំ​​បេីកវិទ្យាល័យព្រះសីហនុ​ឡើងវិញ​នេះដែរ​ ឯកឧត្ដម ​អ៊ុន ​ចាន់ដា ​អភិបាលខេត្តកំពង់ចាម​ បាន​ជំរុញ​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ធ្វើយ៉ាងណា​ក្នុង​រយៈពេល​៣ថ្ងៃ​ទៀត​ត្រូវ​រៀបចំ​ដឹក​ជញ្ជូន​គ្រែ​និង​សម្ភារ​ផ្សេងៗ​ ចេញ​ពី​សាលា​ឲ្យ​អស់​ជាពិសេស​ត្រូវរៀបចំ​​សំអាត​បរិស្ថាន​ទាំង​ក្នុង​បន្ទប់​និង​ទីធ្លា​ជុំវិញ​ខាង​ក្រៅ​សាលា​​ លេីសពីនោះ ត្រូវ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ឲ្យ​បាន​គ្រប់សព្វទីកន្លែងទៀតផង។ ជាមួយគ្នានោះ​ ឯកឧត្តមអភិបាលខេត្ត ​ក៏បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន ​ដល់​គណៈគ្រប់គ្រង​សាលា​​ដេីម្បី​ប្រេីប្រាស់​តាម​តម្រូវការ​ចាំបាច់​ផ្សេងៗ​ក្នុង​ដំណេីរការ​បេីក​សាលា​រៀន​នេះ​ផងដែរ​។

​គួរ​រំលឹក​ផងដែរ​ថា កន្លងទៅនេះ ​រដ្ឋបាលខេត្ត​កំពង់ចាម បានរៀបចំ​ឃ្លាំង​ពាណិជ្ជកម្មចំនួន​៣ទីតាំង​​ សម្រាប់​ធ្វើជា​​មន្ទីរពេទ្យ​ពិនិត្យ​ព្យាបាល​ជំងឺ​កូ​វីដ-​១៩ កម្រិត​ស្រាល ​និង​កន្លែង​សម្រាប់​ធ្វើ​ច​ត្រា​ឡី​ស័កដោយទីតាំងទី១-​​ឃ្លាំង​ពាណិជ្ជកម្ម​​ ស្ថិត​ក្នុងស្រុក​កំពង់សៀមគឺ​ត្រូវ​បានរៀបចំ​ជា​មន្ទីរពេទ្យ​ សម្រាប់​ពិនិត្យ​​ព្យាបាល​អ្នកជំងឺ​កូ​វីដ-​១៩​ កម្រិត​ស្រាល ដែល​អាច​ផ្ទុក​អ្នកជំងឺ​បាន​ក្នុង​រង្វង់​ជិត១០០០​នាក់។ ទីតាំងទី២-​​​ឃ្លាំងនៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ចាមក្នុង​ក្រុង​កំពង់ចាម ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័កដែលអាចដាក់​ប្រជាពលរដ្ឋ​ក្នុង​រង្វង់​ពី៨០០ទៅ១០០០នាក់។ និងទីតាំង​ទី៣-ឃ្លាំង​នៅក្នុង​ស្រុក​កងមាសធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័កដែលអាចដាក់​ប្រជាពលរដ្ឋធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​រង្វង់​ពី ៨០០ ទៅ១០០០នាក់​ផងដែរ៕