សំណួរ និង​សំណូមពរ ចំនួន ០៧ ត្រូវបាន​អ្នកចូលរួម​លើកឡើង នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត លើក​ទី​២ អាណត្តិ​ទី​៣ នៅ​ស្រុក​ព្រៃឈរ​

អត្ថបទ៖ ចិន សារ៉ាត

​សំណួរ និង​សំណូមពរ ចំនួន ០៧ ទាក់ទង​ទៅនឹង​ការស្នើសុំ ៖ ផ្លូវលំ កា​រត​បណ្ដាញ​អគ្គិសនី ដល់​គ្រួសារ​ប្រជាពលរដ្ឋ ដែល​នៅ​សេសសល់ និង​ការជួយ​សម្រួល​សណ្ដាប់ធ្នាប់​ផ្សារ​ព្រៃទទឹង ត្រូវបាន​អ្នកចូលរួម​លើកឡើង នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត លើក​ទី​២ អាណត្តិ​ទី​៣ ដែល​ប្រារព្ធ នៅក្នុង​បរិវេណ​វត្ត​មង្គល​រាម ហៅ​វត្ត​ទួល​ខ្ពស់ ស្ថិតក្នុង​ឃុំ​ក្រូច ស្រុក​ព្រៃឈរ ក្រោម​អធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម អ៊ុំ​ភឿន គុណ​វុ​ឌ្ឍ អភិបាលរង​ខេត្ត តំណាង​អភិបាល ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

វេទិកា​នេះ មានការ​ចូលរួម ពី ឯកឧត្តម លោកជំទាវ ជា​សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី ជា​ប្រធាន អនុប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន ក្រុមប្រឹក្សាឃុំ និង​តំណាង​បងប្អូន​ប្រជាពលរដ្ឋ សរុប​ប្រមាណ​ជា ១៥០​នាក់ ផងដែរ ។

ឯកឧត្តម អ៊ុំ​ភឿន គុណ​វុ​ឌ្ឍ អភិបាលរង ខេត្តកំពង់ចាម មានប្រសាសន៍ថា វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត​នេះ មាន​គោលបំណង​ដើម្បី ផ្តល់ឱកាស ជូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ បាន​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ នៃ​ការអភិវឌ្ឍន៍​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហា​ប្រឈម​នានា ដែល​កើតមាន នា​រយៈកាល​កន្លងមក ។ ក្រៅពីនោះ វេទិកា​នេះ ក៏​នឹង​ផ្តល់នូវ​ឱកាស ផងដែរ ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ផងដែរ ក្នុងការ​បញ្ចេញមតិរ​បស់​ខ្លួន ពាក់ព័ន្ធ​នឹង​ក្តីកង្វល់ សំណូមពរ និង​តម្រូវការ​ជាក់ស្តែង នៅក្នុង​មូលដ្ឋាន ដើម្បី ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដោះស្រាយ និង​ឆ្លើយតប ចំពោះ​តម្រូវការ និង​សំណូមពរ ដែល​បាន​ស្នើឡើង ។

​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា ខេត្តកំពង់ចាម គូសបញ្ជាក់ថា វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នេះ បានបង្ហាញ​នូវ​តួនាទី​ក្រុមប្រឹក្សា ព្រមទាំង​លទ្ធផល​សំខាន់ៗ ដែល​រដ្ឋបាលខេត្ត​សម្រេចបាន តាមរយៈ ការអនុវត្ត​សកម្មភាព ក្នុង​រយៈពេល​កន្លងមក ដើម្បី ឆ្លើយតប​ជាមួយ​ម្ចាស់ឆ្នោត ជាពិសេស ប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ចាម ។ ឯកឧត្តម បញ្ជាក់ដែរថា ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ យើងទាំងអស់គ្នា បាន​ពិភាក្សា ពិគ្រោះ​យោបល់ ជាមួយ​អ្នកចូលរួម​ទាំងអស់ បាន​ឆ្លើយ​នូវ​បញ្ហា​អាទិភាព​សំខាន៎ៗ សម្រាប់​រដ្ឋបាល​ក្នុង​ខេត្ត ជាពិសេស ការពង្រឹង​ការចូលរួម​របស់​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល ក្នុង​កិច្ច​អភិវឌ្ឍ​ខេត្ត ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង ក្នុង​គោលបំណង​ពង្រឹង​យន្តការ​តម្លាភាព ព្រមទាំង​លើកកម្ពស់​គោលការណ៍​អភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ ។

លើសពីនេះ​ទៀត​នោះ តាមរយៈ ការសម្របសម្រួល​វេទិកា ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​មានការ​ចូលរួម របស់​ប្រជាពលរដ្ឋ យ៉ាងសកម្ម ក្នុង​ការលើក​ឡើងជា​សំណើ សំណូមពរ កង្វល់ និង​ទំនាស់ ។ អង្គ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ បាន​ឆ្លើយតប និង​បកស្រាយ​បំភ្លឺ​នូវ​សំណួរ និង​សំណូមពរ នៅ​កន្លែង បាន​ចំនួន ០៣ ក្នុងចំណោម​សំណួរ និង​សំណូមពរ​ទាំង ០៧ ដែល​ប្រជាពលរដ្ឋ​ស្នើឡើង ។ ដោយឡែក សំណួរ និង​សំណូមពរ ដែល​នៅ​សេសសល់ ក្រុមប្រឹក្សា នឹងត្រូវ​យកទៅ​ពិភាក្សា និង​ដោះស្រាយ ជា​បន្តទៀត ៕