ដោយ៖ អឿន ស្រួ
មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម បានជំរុញនិងលើកទឹកចិត្តដល់កម្មករកម្មការិនី ឬនិយោជិតទាំងអស់ ត្រូវហ៊ានរាយការទៅកាន់តំណាងកម្មករនិយោជិតឲ្យជួយដោះស្រាយ បើមានករណីរំលោភបំពានពីនិយោជកឬថៅកែ។ នេះជាការលើកឡើងរបស់លោកស្រី ខៀវ សុជាតិ ប្រធានការិយាល័យអធិការកិច្ចនិងវិវាទការងារនៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម។
លោកស្រី ខៀវ សុជាតិ ប្រាប់វិទ្យុជាតិខេត្តកំពង់ចាមនៅថ្ងៃទី២០ ខែកុម្ភៈ ថា បើខាងភាគីនិយោជកមិនទាន់បានអនុវត្តបានត្រឹមត្រូវនូវច្បាប់ស្តីពីការងាររបស់ប្រទេសកម្ពុជា ដែលធ្វើឲ្យប៉ះពាល់សិទ្ធិ សេដ្ឋកិច្ច និងសុខភាព ឬមានការរំលោភបំពានផ្សេងទៀតដល់កម្មករនិយោជិតកំពុងបំរើការងារនៅតាមគ្រឹះស្ថាន រោងចក្រ សហគ្រាសទេគឺត្រូវតែរាយការណ៍ជាបន្ទាន់ដល់ប្រតិភូបុគ្គលិក សហជីប ភ្នាក់ងារជាតិមុខរបរឬមន្ទីរការងារ ដើម្បីដោះស្រាយជូន។
លោកស្រីបានបន្ថែមថា មន្ទីរការងារបានយកចិត្តទុកដាក់ចុះធ្វើអធិការកិច្ចតាមតាមគ្រឹះស្ថាន រោងចក្រ សហគ្រាសក្នុងឆ្នាំ២០១៩ ជាង១០០ដង ជួបជាមួយនិយោជក និងកម្មករនិយោជិត និងសហការណ៍ជាមួយអាជ្ញាធរឲ្យផ្សព្វផ្សាយឲ្យយល់ពីច្បាប់ស្តីពីការងារ កុំឲ្យមានការជិះជាន់ ឬចាញ់បោកជនខិលខូចមួយចំនួនដែលទាលុយ ឬធ្វើឲ្យបាត់បង់អត្ថប្រយោជន៍កម្មករផ្ទុយពីច្បាប់ការងារនៅកម្ពុជា។
លោកស្រីបញ្ជាក់ទៀតថា បើកម្មករនិយោជិតមានបញ្ហាណាមួយសូមប្រាប់ទៅប្រតិភូបុគ្គលិក ដែលមាននៅគ្រប់រោងចក្រ ហើយមានសហជីបនិងភ្នាក់ងារជាតិមុចរបរឬអាចទាក់ទងលោកស្រីផ្ទាល់តាមទូរស័ព្ទ 012786078 ។
ខេត្តកំពង់ចាមមានរោងចក្រ ១៧កន្លែង គ្រឹះស្ថាន សហគ្រាសចំនួនជាង៤០០កន្លែង ដែលមានកម្មករនិយោជិតចំនួនជាង៤ម៉ឺននាក់កំពុងបម្រើការងារនៅទីនោះ៕