លោក មឿ​ន ឈាន​ណា​រិ​ទ្ធ​៖ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​នៅតាម​បណ្តាញ​សង្គម​

ដោយ​លោក អឿន ស្រួ​

លោក​សាស្ត្រាចារ្យ​ព័ត៌មាន មឿ​ន ឈាន​ណា​រិ​ទ្ធ ជាទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន​មានប្រសាសន៍ថា មួយរយៈ​ចុងក្រោយ​នេះ ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ក្លែងក្លាយ បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​រដ្ឋាភិបាល និង​ក្រសួង​ព័ត៌មាន​ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​ទប់ស្កាត់ ដូច​ច្នេះ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ជាពិសេស Facebook ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​នេះ​។​

លោក​សាស្ត្រាចារ្យ មឿ​ន ឈាន​ណា​រិ​ទ្ធ ថ្លែង​បែបនេះ ក្នុង​កម្មវិធី​សន្ទនា​មតិ​នៃ​វិទ្យុជាតិ​ភ្នំ​ប្រុស​ភ្នំ​ស្រី​ខេត្តកំពង់ចាម នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០​។ លោក​លើកឡើងថា ព័ត៌មាន​តាម​បណ​ញ​តា​ញ​សង្គម​លឿន​ប្រាកដ​មែន ប៉ុន្តែ​ភាគច្រើន​អាចជា​ព័ត៌មាន​មិន​ពិត មិន​ច្បាស់លាស់​និង​មិនអាច​យក​ធ្វើជា​ផ្លូវការ​បាន ហើយ​ព័ត៌មាន​ក្លែងក្លាយ ឬ​ព័ត៌មាន​មិន​ពិត​នេះ ពិតជា​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ប្រជាពលរដ្ឋ ធ្វើឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​បុគ្គល​ឬ​ស្ថាប័ន បង្ក​ជា​ភាពចលាចល និង​បញ្ហា​ផ្សេងៗ​ក្នុងសង្គម​។​

​សាស្ត្រាចារ្យ​ព័ត៌មាន​ជើងចាស់​រូបនេះ​បាន​បន្ថែមថា លើកទឹកចិត្ត​ឲ្យ​អ្នកសារព័ត៌មាន​ព្យាយាម​ចូលរួម​វគ្គ​បណ្តុះបណ្តាល ចំណែក​អ្នកប្រើប្រាស់​កុំ​ខ្លាច​បណ្តាញ​សង្គម តែ​ត្រូវ​ផ្សព្វផ្សាយ និង​ចែករំលែក​ព័ត៌មាន​ដែល​ពិត ព្យាយាម​ទាញយក​ប្រយោជន៍​ពី​ការប្រើប្រាស់​បណ្តាញ​សង្គម​។ ចេះ​ស្វែងយល់ថា​តើ​ព័ត៌មាន​បែបណា​ពិត បែបណា​មិន​ពិត ត្រូវធ្វើ​ការវិភាគ និង​ចេះ​ប្រៀបធៀប​ជាមួយ​សារព័ត៌មាន​ធំៗ​ដែលមាន​វិជ្ជាជីវៈ និង​ក្រមសីលធម៌ និង​ស្វែងរក​ប្រភពព័ត៌មាន​ពី​ស្ថាប័ន​សាមី​ដែល​ទទួលបន្ទុក​ឆ្លើយតប​។​


​លោក មឿ​ន ឈាន​ណា​រិ​ទ្ធ ក៏​បញ្ជាក់ថា នៅ​ប្រទេស​កម្ពុ​ជាប​ច្ចប្ប​ន្ន​មិនទាន់​មានច្បាប់​សម្រាប់​គ្រប់គ្រង​បណ្តាញ​សង្គម​ទេ អ្នក​ប្រកប​អាជីប​ផ្នែក​សារព័ត៌មាន ចង់​លើកស្ទួយ​នូវ​សេរីភាព​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន ចង់​ឲ្យ​សាធារណៈជន ក៏ដូចជា​អ្នកសារព័ត៌មាន​អនុវត្ត​វិជ្ជាជីវៈ​ស្របទៅតាម​ក្រមសីលធម៌​ឲ្យ​បាន​ត្រឹមត្រូវ ប្រើប្រាស់​បណ្តាញ​សង្គម​ឲ្យ​មាន​លក្ខណៈ​វិជ្ជមាន ផ្តល់​ផល់​ប្រយោជន៍​ល្អ​ដល់​សង្គម ជាជាង​មានច្បាប់​រិត​ត្បិត​។

​លោក​បន្តថា ទោះយ៉ាងណា​ក៏មាន​ច្បាប់​ព្រម្ម​ទណ្ឌ​និង​ច្បាប់​ដ៏ទៃទៀត ដូច្នេះ​សាធារណៈជន​ទូទៅ​គួរតែ​យល់ថា ទោះបី​មិនទាន​មានច្បាប់​គ្រប់គ្រង​បណ្តាញ​សង្គម​ក៏ដោយ ក៏​អាច​ទទួល​ការ​ចោត​ប្រកាន់​ប្រសិនបើ​រាយការណ៍​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ក្លែងក្លាយ ដែលមាន​លក្ខណៈ​បរិហាកេរ្តិ៍ ប៉ះពាល​ដល់​ស្ថេ​ភាព​នយោបាយ សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ​៕