អភិបាលខេត្ត​កំពង់ចាម បង្ហាញ​ពី​សក្តានុពល លើ​ដំណាំ​កសិឧស្សាហកម្ម ក្នុងស្រុក​ស្ទឹងត្រង់

នួន សត្យា

(​កំពង់ចាម​)៖ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​មានប្រសាសន៍​បង្ហាញ​អំពី​សក្តានុពល លើ​ដំណាំ​កសិឧស្សាហកម្ម ក្នុងស្រុក​ស្ទឹងត្រង់ ។​លោក​អភិបាលខេត្ត បានលើកឡើង​ដូច្នេះ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​ឧសភ ឆ្នាំ​២០២២ ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ DBST ចំនួន ៥​ខ្សែ ប្រវែង ២៧,៩៧ គីឡូ​ម៉ែត នៅ​ស្រុក​ស្ទឹងត្រង់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន មាំ​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​
​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​

​ឯកឧត្តម អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា ស្រុក​ស្ទឹងត្រង់ មាន​សក្តានុពល​លើ​ដំណាំ​កសិឧស្សាហកម្ម ក្នុងនោះ​មាន​ក្រុមហ៊ុន ឡុង ស្រេង បាន​ដាំ​ដុះ​ចេក​អំបូល​លឿង​លើ​ផ្ទៃដី​កសិកម្ម​ចំនួន ២.៥០០ ហិច​តា ដំណាំ​កៅស៊ូ ៣.២០០​ហ​.​ត និង​ដំណាំ​ហូប​ផ្លែ​(​ធុ​រេ​ន ក្រូចថ្លុង តា​ង៉ែ​ន​) ២៥០ ហិច​តា ហើយ​ក្រុមហ៊ុន បាន​ស្រូបយក​កម្លាំង​ពលកម្ម​ប្រមាណ ៦.៥០០ នាក់ និង​បាន​នាំចេញ នូវ​ចេកអំបូង​លឿង​ដែល​ដាំ​ដុះ​បាន​នៅលើ​ទឹកដី​ស្រុក​ស្ទឹងត្រង់​យើង ចូលក្នុង​ទីផ្សារ​អន្តរជាតិ ថែម​ទៀតផង​។​

​ទន្ទឹមនឹងនេះ ការកសាង និង​អភិវឌ្ឍន៍​វិស័យ​គមនាគមន៍​ត​ភ្ជាប់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ដើម្បី​បម្រើឱ្យ​ការធ្វើដំណើរ ការផ្លាស់ប្ដូរ​ពាណិជ្ជក​ម្ម និង​ដឹក​សិ​ផល​ទៅកាន់​ទីផ្សារ​។ ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ បាន​បម្រើ​ដល់​វិស័យ​កសិកម្ម​នៅក្នុង​ខេត្តកំពង់ចាម ដែលជា​វិស័យ​ចំបង និង​អាទិភាព​មួយ​ក្នុង​ខេត្ត និង​ជា​ប្រភព​ចំណូល​យ៉ាងសំខាន់​សម្រាប់​ប្រជាជន​ក្នុង​ខេត្ត ក៏​កំពុងមាន​ការប្រែប្រួល​ថ្មី តាមរយៈ​ការយល់ដឹង​ការប្រែប្រួល​ទម្លាប់​អន់ថយ ការផលិត​សម្រាប់តែ​ផ្គត់ផ្គង់​គ្រួសារ ទៅជា​ការផលិត​សម្រាប់​បម្រើឱ្យ​ការនាំចេញ រីឯ​ផលិតកម្ម កសិកម្ម​ភាគច្រើន​ប្រើប្រាស់​គ្រឿងចក្រ​កសិកម្ម​។​
​បច្ចុប្បន្ន​ការវិនិយោគ លើ​វិស័យ​កសិកម្ម កំពុងមាន​សកម្មភាព​យ៉ាងសកម្ម ពី​សំណាក់​វិស័យ​ឯកជន ជាពិសេស​ដំណាំ​ស្រូវ កៅស៊ូ ចេក ជាដើម​។ ចំពោះ​បណ្តាញ​អគ្គិសនី ក៏បាន​ត​ភ្ជាប់ និង​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​គ្រប់គ្រាន់​ផងដែរ​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម​អភិបាលខេត្ត បាន​យក​ឱកាស​នោះ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ប្រកបដោយ​ក្តី​ក​ត្ត​ញូ ចំពោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ដែលជា​និច្ចកាល​តែង​យកចិត្តទុកដាក់ ជួយ​ទំនប់​បម្រុង ឧបត្ថម្ភ​គាំទ្រ​ដល់​សកម្មភាព​របស់រ​ដ្ឋ​បាល​ខេត្តកំពង់ចាម និង​បាន​នាំមក​នូវ​សមិទ្ធផល​
​នានា​ជាច្រើន ជូន​ដល់​ប្រជាជន​ខេត្តកំពង់ចាម​៕​