លឹម ប៉ៃលិន
កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានអញ្ជើញទទួលអំណោយពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានចូលរួមឧបត្ថម្ភ ថវិកា ចំនួន១០០,០០០,០០០រៀល ម៉ាស ២៥០,០០០ម៉ាស និង ទឹក អាល់កុលចំនួន ៣០០០លីត្រ សម្រាប់ ប្រេីប្រាស់ ក្នុង យុទ្ធនាការ បង្ការ និង ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ក្នុង ភូមិសាស្ត្រ ខេត្តកំពង់ចាម ។
ក្នុង ឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅ បំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញទៅដោយសទ្ធាជ្រះថ្លារបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារ ដែលបានចំណាយ ថវិកា និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាល ខេត្ត កំពង់ចាម ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពីគុណធម៌ សប្បុរសធម៌ និង ការចេះជួយគ្នាក្នុង គ្រាលំបាកទៀតផង ។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា អំណោយមនុស្សធម៌របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋបាលខេត្ត កំពង់ចាម ក្នុងការចូលរួមប្រយុទ្ធ ប្រឆាំង នឹង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលជំងឺដ៏កាចសាហាវនេះកំពុងតែគម្រាមកំហែងដល់អាយុជីវិត មនុស្ស និង សេដ្ឋកិច្ច ប្រចាំថ្ងៃ របស់ បងប្អូនប្រជាពលរដ្ឋ ខណៈ សាលា រៀន មួយ ចំនួន ក្នុង ខេត្តកំពង់ចាម ត្រូវ បាន បេីកឲ្យ ដំណេីរការ ឡេីងវិញ ផងដែរ ៕