​អភិបាលខេត្ត​កំពង់ចាម លើកទឹកចិត្ត​ដល់​យុវជន​ស្ម័គ្រចិត្ត​ដើម្បី​សហគមន៍ ឲ្យ​ខិតខំ​អភិវឌ្ឍន៍​ចំណេះដឹង​បន្ថែម ដើម្បី​បម្រើ​សង្គមជាតិ

នួន សត្យា

(​កំពង់ចាម​)៖ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែង​លើកទឹកចិត្ត​ដល់​ក្រុមយុវជន​ស្ម័គ្រចិត្ត​ដើម្បី​សហគមន៍ ឲ្យ​ខិតខំ​អភិវឌ្ឍន៍​ចំណេះដឹង​បន្ថែមទៀត ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​សង្គមជាតិ ។

​ ឯកឧត្តម ​អភិបាលខេត្ត បានលើកឡើង​ដូច្នេះ ខណ​:​ពេលដែល​ក្រុមយុវជន​ស្ម័គ្រចិត្ត​ដើម្បី​សហគមន៍ ចូលជួប​សំដែង​ការគួរសម នា​ព្រឹក​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ នៅ​សាលាខេត្ត​កំពង់ចាម ។

​ ឯកឧត្តម អភិបាលខេត្ត​បាន​មានប្រសាសន៍ថា ក្រុមយុវជន​ស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​ដែល​បាន​បង្កើតឡើង​នេះ គឺ​ធ្វើ​កិច្ចការ​ផ្តោតទៅលើ​វិស័យ​អប់រំ​, សុខាភិបាល និង​សហគ្រិន ។ ក្នុង​វិស័យ​ទាំង ៣​នេះដែរ លោក​អភិបាលខេត្ត មាន​ចំណាប់អារម្មណ៍​ខ្លាំង​ទៅលើ​វិស័យ​សហគ្រិន​ដោយហេតុថា ការបង្កើត​ឲ្យ​មាន​សហគ្រិនភាព គឺជា​ការ​ផ្ដល់ឱកាស ដល់​យុវជន​របស់​យើង ក្នុង​ការពង្រឹង​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​ក្នុង​សហគមន៍ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ។

​ដូច្នេះហើយ​យុវជន​របស់​យើង ចាំបាច់​ត្រូវ​សិក្សា​ស្វែងយល់​បន្ថែមទៀត ពី​បណ្ដា​សហគមន៍​ផ្សេងៗ ក៏ដូចជា​សមាគម​ចលនា​យុវជន​ដូចគ្នា ដើម្បី​ដុសខាត់​ខ្លួន​ឱ្យមាន​ការរីកចម្រើន នូវ​ចំណេះដឹង បង្កើន​ភាពខ្លាំង​នៅក្នុង​សហគមន៍ និង​ឈានទៅ​ប្រកួតប្រជែង​ថ្នាក់ជាតិ ជាមួយ​ក្រុមយុវជន នៃ​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​នាពេល​ឆាប់ៗ​ខាងមុខ​ផងដែរ ។​