ថ្នាក់ដឹកនាំ ខេត្តកំពង់ចាម បានស្នើ ឲ្យ ក្រុមជំនាញទាំង ៦ នៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរួបរួមគ្នាបញ្ចេញ សមត្ថភាពរបស់ខ្លួន

អត្ថបទ៖ លឹ​ម ប៉ៃលិន

លោកជំទាវ ប៉ាង ដា​នី អភិបាល រង ខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន សំណូមពរ ដល់ ក្រុម ការងារ ជំនាញ ទាំង ៦ ឲ្យ មានការ រួបរួម គ្នា និង បញ្ចេញ សមត្ថភាព របស់ ខ្លួន ក្នុង ការ គោរព នូវ ផែនការ ព្រមទាំង គោរព​តាម តួនាទី របស់ ខ្លួន ក្នុង ការ ប្រយុទ្ធ ប្រឆាំង អំពើ ជួញដូរ មនុស្ស ខណៈ ដែល មេខ្យល់ ត្រូវ បាន ចាប់ខ្លួន ជា​បន្តបន្ទាប់ ព្រម ជាមួយ ការ រំដោះ ជនរងគ្រោះ បាន ជាច្រើន រូប ផង ដែរ ។ ការ ស្នើ ឡើង យ៉ាង ដូច្នេះ ក្នុង កិច្ច ប្រជុំ ត្រួតពិនិត្យ ការ រៀបចំ ផែនការ សកម្មភាព របស់ គណៈកម្មាធិការ ខេត្ត ប្រយុទ្ធ ប្រឆាំង អំពើ ជួញដូរ មនុស្ស​(​គ ខ ប ជ ) នា​ព្រឹក ថ្ងៃ ទី ២០ ខែតុលា ឆ្នាំ ២០២០ នៅ សាលា ខេត្ត កំពង់ចាម ។

​ថ្លែង ក្នុង កិច្ច ប្រជុំ នោះ ដែរ លោកជំទាវ ប៉ាង ដា​នី អភិបាល រង ខេត្ត បាន វាយ តម្លៃ ខ្ពស់ និង កោតសរសើរ ចំពោះ​ស្មារតី​ទទួលខុសត្រូវ និង​ការខិតខំ​បំពេញការងារ ជូន​រដ្ឋបាលខេត្ត ពី​សំណាក់​ក្រុមការងារ​ទាំង​៦ និង​លេខាធិការដ្ឋាន ជាពិសេស ការងារ​ប្រយុទ្ធប្រឆាំង​អំពើរ​ជួញដូរ​មនុស្ស និង​ទប់ស្កាត់​ការធ្វើ​ចំណាកស្រុក មិន​ស្របច្បាប់ រហូត​ឈានទៅដល់​ការ ចាប់ខ្លួន​មេខ្យល់ និង​ជួយសង្គ្រោះ​ជនរងគ្រោះ​បានជា​បន្តបន្ទាប់ ក្នុងពេល​អនុវត្ត​ការងារ កន្លងមក ។

លោកជំទាវ បាន បន្តថា ក្នុង កំឡុងពេល​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ និង​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ហេ​ី​យ​គាត់​បាន​ត្រលប់​មកពី​ការធ្វើ​ចំណាកស្រុក​វិញ​ជា​បន្តបន្ទាប់ ចាប់ពី​ដើមឆ្នាំ​២០២០​រហូតដល់​បច្ចុប្បន្ន អ្នក​ចំណូលស្រុក​កើន​ដល់​៤,៦២៥​នាក់ ទន្ទឹមនេះដែរ​ក្រុមការងារ​យើង​ក៏បាន ខិតខំ​បន្ត​កិច្ចសហការ​ជាមួយ អ្នកពាក់ព័ន្ធ ក៏ដូចជា​អង្គការ​ដៃគូ​នានា ដើម្បី​បន្ត​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក​ក្នុងកំឡុងពេល​កូ​វីដ​១៩ នេះ​ផងដែរ ។

ជាមួយគ្នា នោះ លោកជំទាវ ប៉ាង ដា​នី ក៏បាន សំណូមពរ ឲ្យ​បណ្តា អង្គការ​ពាក់ព័ន្ធ​នានា​ផ្សេងទៀត មេត្តា​ចូលរួម​សហការ និង​គាំទ្រ​ដល់​ក្រុមការងារ​យើង​ជា​បន្តទៀត ដើម្បី​ទប់ស្កាត់ ការ​ចំណាកស្រុក​មិន​ស្របច្បាប់ និង​ប្រយុទ្ធប្រឆាំង​អំពើរ​ជួញដូរ​មនុស្ស ជាពិសេស​គាំទ្រ​ដល់​សកម្មភាព​ដែល​ក្រុម ការងារ​ទាំង​៦ និង​លើក​ឡើងជា​ផែនការ​សកម្មភាព​រប​ស់​ខ្លួន​ក្នុង​កិច្ចប្រជុំ​នេះ​។ ព្រមទាំង​សូម​ឲ្យ​ប្រធាន និង​សមាជិក​នៃ​ក្រុមការងារ​ទាំង​៦ ត្រូវខិតខំ​លើក​សកម្មភាព​ឆ្លើយតប ឲ្យ​បានច្បាស់លាស់ និង​អនុវត្ត​ន៏​បាន ដើម្បី​សម្រេចបាន​លទ្ធផល​កាន់តែ​ល្អប្រសើរ​ក្នុង​ឆ្នាំ​២០២១​ខាងមុខនេះ ផងដែរ ៕​