ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ស្នើសុំមន្ត្រីតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ជួយបណ្ដុះបណ្ដាលជំនាញ សារព័ត៌មាន និងផលិតកម្មវិធី ដល់មន្ត្រី

សុខ សីលា

(កំពង់ចាម)៖ លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម បានស្នើសុំដល់មន្ត្រីតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ឲ្យជួយបណ្ដុះបណ្ដាលជំនាញ សារព័ត៌មាន និងផលិតកម្មវិធី ដល់មន្ត្រីនៃមន្ទីរព័ត៌មាន។

លោកស្រី ប្រធានមន្ទីរព័ត៌មាន បានលើកឡើងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាល ជាមួយលោកស្រី ទី សម្ផស្សវិច្ឆិកា មន្ត្រីកម្មវិធី និង លោកស្រី ឆាយ ដាវីន ជំនួយការកម្មវិធី នៃអង្គការយូណេស្កូ ប្រចាំកម្ពុជា នារសៀលថ្ងៃទី២០ ខែវិច្ចិកា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ចាម ។

លោកស្រី សម ផល្លា បានគូសបញ្ជាក់ថា កន្លងមកប្រព័ន្ធផ្សព្វផ្សាយ ដែលស្ថិតនៅចំណុះមន្ទីរព័ត៌មាន មានដូចជា វិទ្យុ ទូរទស្សន៍ ជាដើម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបម្រើទៅលើសេចក្ដីទុកចិត្តរបស់សាធារណៈជន តាមរយៈ ការផលិតនូវកម្មវិធីព័ត៌មានមួយចំនួន ដូចជា កម្មវិធីសន្ទនាមតិ កម្មវិធីយើងធ្វើបាន កម្មវិធីសំឡេងយុវវ័យ និងកម្មវិធីជម្រើសដើម្បីសុវត្ថិភាព ដោយផ្ដោតទៅលើអភិបាលកិច្ច ក្នុងមូលដ្ឋាន ដែលជាតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានចំណេះដឹងទៅលើការអភិវឌ្ឍន៍នានានៅក្នុងមូលដ្ឋាន និងឆ្លើយតបរបស់អាជ្ញាធរទៅកាន់ប្រជាពលរដ្ឋ។

លោកស្រី បន្តថា នាពេលបច្ចុប្បន្នេះ មន្ទីរបានយកកម្មវិធីនានា ពីប្រព័ន្ធផ្សព្វផ្សាយបុរាណ ប្រែក្លាយទៅជាប្រព័ន្ធផ្សព្វផ្សាយបច្ចេកវិទ្យា ក្នុងយុគសម័យឌីជីថល ដើម្បីសាធារណៈជនទទួលបានព័ត៌មានអោយកាន់តែសំបូរបែបតាមរយៈវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម តាមរយៈការផលិតកម្មវិធីជាដើម។ ដូចនេះ លោកស្រីប្រធានមន្ទីរ បានស្នើសុំអោយអង្គការយូណេស្កូប្រចាំកម្ពុជា ជួយបណ្ដុះបណ្ដាលដល់មន្ត្រី ទៅលើជំនាញផលិតកម្មវីធី និងទម្រង់សរសេរព័ត៌មាន សម្ភាសន៍ ផលិតបទយកការណ៍ ដើម្បីទាក់ទាញអ្នកស្ដាប់ និងទស្សនាឲ្យបានច្រើន។

ឆ្លើយតបទៅនឹងការលើកឡើងរបស់លោកស្រីប្រធានមន្ទីរព័ត៌មាន លោកស្រី ទី សម្ផស្សវិច្ឆិកា មន្ត្រីកម្មវិធី និង លោកស្រី ឆាយ ដាវីន ជំនួយការកម្មវិធី នៃអង្គការយូណេស្កូ ប្រចាំកម្ពុជា ទទួលយកនូវការស្នើសុំ និងពាំនាំនូវសំណើរខាងលើនេះ ដាក់ជូនទៅអង្គការយូណេស្កូ ប្រចាំកម្ពុជា ដើម្បីពិនិត្យ។