ឯកឧត្តម​អភិបាល ខេត្តកំពង់ចាម ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា អំពី​ការរៀបចំ​គម្រោង​ថវិកា​អភិវឌ្ឍ ​សម្រាប់​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០២២

ចិន សារ៉ាត

​នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ នេះ រដ្ឋបាល ខេត្តកំពង់ចាម បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា អំពី​ការរៀបចំ​គម្រោង​ថវិកា​អភិវឌ្ឍ សម្រាប់​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០២២ ក្រោម​អធិបតីភាព ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ។ កិច្ចប្រជុំ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្ដម លោកជំទាវ ជា​អភិបាលរង​ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ស្ថាប័ន​ក្នុង​ខេត្ត ព្រមទាំង មន្ត្រី​ពាក់ព័ន្ធ ជាច្រើនរូប​ទៀត ផងដែរ ។​

​បញ្ជាក់​អំពី​គោលបំណង នៃ​កិច្ចប្រជុំ ខាងលើ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍ថា ថ្ងៃនេះ យើង​ជួបជុំគ្នា ដើម្បី រៀបចំ​គម្រោង​ចំណូល ចំណាយ​ថវិកា របស់​រដ្ឋបាលខេត្ត សម្រាប់​ការគ្រប់គ្រង នា​ឆ្នាំ​២០២២ ខាងមុខ ។ ជាមួយ​នោះ កិច្ចប្រជុំ​នេះ ក៏​ដើម្បី ធ្វើការ​ពិភាក្សា​លម្អិត អំពី​ការ​ពិ​ត្យ​លទ្ធភាព ក្នុងការ​គៀងគរ​ចំណូល ដើម្បី ឈានទៅដល់​ការចំណាយ សម្រាប់​រដ្ឋបាលខេត្ត​ទាំងមូល នា​ឆ្នាំ​២០២២ ខាងមុខ ផងដែរ ។ ឯកឧត្ដម​អភិបាលខេត្ត បានលើកឡើង​ដែរ​ថា នៅក្នុង​តួលេខ របស់​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ តម្រូវ​ឲ្យ​រដ្ឋបាលខេត្ត​កំពង់ចាម រៀបចំ​ឲ្យ​បាន​នូវ​ចំណូល ក្នុង​រង្វង់​ប្រមាណ​ជា ៣៤.៨៤៥​លាន​រៀល ក្នុងនោះ​ចំណូល​សារពើពន្ធ​មាន​ចំនួន ២៤.៦៨៧​លាន​រៀល ចំណូល​មិនមែន​សារពើពន្ធ ចំនួន ៦.២៥៨​លាន​រៀល និង​ការឧបត្ថម្ភ​ធន់​ពី​ថវិកាជាតិ ៣.៩០០​លាន​រៀល ។ ដូច្នេះ យើង​កត់សម្គាល់​ដែរ​ថា ការឧបត្ថម្ភ​ធន់​ពី​ថវិកា​ថ្នាក់ជាតិ មាន​ថវិកា​ប្រហាក់ប្រហែល​ឆ្នាំ​២០២១ ក៏ប៉ុន្តែ ចំណូល​សារពើពន្ធ​មានការ​កើនឡើង ។​

បើតាម​របាយការណ៍​ប​ឋ​ម របស់ លោក គ្រុយ ខន នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ រដ្ឋបាល​សាលាខេត្ត បាន​គូសបញ្ជាក់ថា ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០២១ គម្រោង​ថវិកា ក្នុង​ផែនការ​ថវិកា​ឆ្នាំ​២០២២ នេះ មាន​កើនឡើង ដល់​ទៅ​ចំនួន ១០.៤២០​លាន​រៀល ក្នុងនោះ ចំណូល​សារពើពន្ធ កើនឡើង​ចំនួន ១៤.៣៦៧​លាន​រៀល ចំណូល​មិនមែន​សារពើពន្ធ ទាប​ជាង ៤៧​លាន​រៀល និង​ចំណូល​ពី​ថវិកាជាតិ ទាប​ជាង ៣.៩០០​លាន​រៀល ។

​នៅក្នុង​អង្គប្រជុំ​នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា បាន​ណែនាំ​ដល់​ស្ថាប័ន មន្ទីរ ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បង្កើន​ការប្រមូល​សារពើពន្ធ និង​មិនមែន​សារពើពន្ធ​បន្ថែមទៀត ដើម្បី យកទៅ​ប្រើប្រាស់ ក្នុង​កិច្ចការងារ​សង្គម និង​កិច្ចការងារ​រដ្ឋបាល ក៏​ព្រោះតែ​ថវិកា​ក្នុង​ឆ្នាំ​២០២២ មានការ​កើនឡើង ។ ក្រៅពីនោះ ស្ថាប័ន មន្ទីរ អង្គភាព ក្នុង​ខេត្ត ក៏ត្រូវ​ខិតខំ​ស្វែងរក​ដៃគូ​អភិវឌ្ឍ នៅក្នុង​ខេត្តកំពង់ចាម ដើម្បី បាន​ប្រាក់ចំណូល​បន្ថែម ប្រមូល​ជូន​រដ្ឋ ផងដែរ ៕