​ខេត្តកំពង់ចាម បិទ​យុទ្ធនាការ ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ​ចាប់ពី​អាយុ ១២ ឆ្នាំ​ឡើង

នួន សត្យា

(​កំពង់ចាម​)៖ រដ្ឋបាលខេត្ត​កំពង់ចាម នៅ​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ​២០២១ នេះ បាន​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ ចាប់ពី​អាយុ​១២ ឆ្នាំ​ឡើង ដែល​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង នៅ​សាលាខេត្ត​កំពង់ចាម ក្រោម​អធិបតី លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណ​: កម្ម​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ក្របខ័ណ្ឌ​ទូទាំងប្រទេស ។​

​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា ជា​លទ្ធផល នៃ​ការអនុវត្ត​អនុវត្តតាម​ផែនការ យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជម្ងឺ​កូ​វីដ​-១៩ ជូន​
​ដល់​ប្រជាពលរដ្ឋ ដែលមាន​អាយុ​ចាប់ពី ១២​ឆ្នាំ​ឡើង​បាន​ចំនួន ៦៨៥.៦២៤​នាក់ ស្មើនឹង ៨៤,៤២% នៃ​ផែនការ ចំនួន ៨១២.១៣២​នាក់ ក្នុងនោះ ៖

*​ទី​១ ៖​ប្រជាជន​អាយុ​ពី ១៨​ឡើង ដែល​ត្រូវ​ចាក់​វ៉ាក់សាំង ចំនួន​៧០១.៧៣៨​នាក់ ក្នុងនោះ ប្រជាពលរដ្ឋ​ចំណាកស្រុក ចំនួន ១០១.៨១៨ នាក់ ស្មើនឹង ១៤,៥០% អ្នកមាន​បញ្ហា​សុខភាព ចំនួន​៣៣. ៤១៣​នាក់ ស្មើនឹង ៤,៧៦% ប្រជាពលរដ្ឋ ដែល​ត្រូវ​ចាក់​មាន ចំនួន ៥៧១.៩៧០​នាក់​-​ប្រជាជន​បាន​ចាក់​ដូ​ស ទី​១​ហើយ​_​ចំនួន ៥៧៨.៥៨៧​នាក់ ស្មើនឹង​១០១,១៥% ធៀប​នឹង​ប្រជាពលរដ្ឋ ដែល​ត្រូវ​ចាក់​ចំនួន ៥៧១.៩៧០​នាក់​។​

*​ទី​២ ៖ កុមារ និង​យុវវ័យ​ពី ១២​ដល់​ក្រោម ១៨​ឆ្នាំ ដែល​ត្រូវ​ចាក់​វ៉ាក់សាំង ចំនួន ១១០.៣៩៤ នាក់ បាន​ចាក់​ដូ​ស​ទី​១​ហើយ ចំនួន ១០៧.០៣៧​នាក់ ស្មើនឹង ៩៦,៩៦% -​មិនទាន់បាន​ចាក់​ដូ​ស​ទី​១ ចំនួន ៣.៣៥៧​នាក់ ស្មើនឹង ៣,០៤% ផ្អែក​តាម​ទិន្នន័យ​នេះ ខេត្តកំពង់ចាម ចាក់​បាន នឹង​នៅ​បន្ត​ចាក់​សម្រាប់​ប្រជាពលរដ្ឋ​ចំណូលស្រុក និង​អ្នកមាន​សុខភាព​ប្រសើរ​ឡើងវិញ​។

​ដោយ​ពិនិត្យ​លើ​ស្ថានភាព​នេះ រដ្ឋបាលខេត្ត​កំពង់ចាម​បានសម្រេច​គោរព​ស្នើសុំ​បិទ​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទូទាំង​ខេត្តកំពង់ចាម ត្រឹម​ថ្ងៃ​
​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ និង​ស្នើសុំ​បើក​ដំណើរការ​កន្លែង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជា​អចិន្ត្រៃយ៍ នៅតាម​មន្ទីរពេទ្យបង្អែក​ចំនួន​០៩​កន្លែង ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ដែល​ពុំទាន់​ទទួលបាន​ការចាក់​វ៉ាក់សាំង​
​កូ​វីដ​-១៩ មក​ទទួលយក​សេវា ក្រោយពី​បិទ​បញ្ចប់​យុទ្ធនាការ​។​

​ លោកជំទាវ ឱ វណ្ណឌី​ន បាន​មានប្រសាសន៍​ផងដែរ​ថា វឌ្ឍនភាព​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ មិនអាច​ប្រព្រឹត្ត​ទៅដោយ​រលូន​បានទេ ប្រសិនណាបើ​មិនមាន វត្តមាន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ​របស់​សម្ដេច ក្នុងការ​ស្វែងរក​វ៉ាក់សាំង​មក​ផ្ដល់ជូន និង​ចាក់​ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​បាន​ទាន់ពេលវេលា ។

​ជាមួយគ្នា​នោះដែរ លោកជំទាវ ឱ វណ្ណឌី​ន ក៏បាន​ជម្រុញ​ដល់​អាជ្ញាធរខេត្ត​កំពង់ចាម សូមឱ្យ​បន្តធ្វើ​ការផ្សព្វផ្សាយ​អំពី​វិធានការ ការពារ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅតាម​សហគមន៍​បន្ថែមទៀត ដើម្បី​បញ្ជ្រាប​ព័ត៌មាន​នេះ អោយ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ទូលំទូលាយ ដើម្បី​ពួកគាត់​បាន​កែប្រែ​ឥរិយាបថ ងាក​មក​ចូលរួម​ទាំងអស់គ្នា អនុវត្តតាម​សេចក្តីណែនាំ របស់​ក្រសួងសុខាភិបាល ដើម្បី​បញ្ចៀស​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ៕