អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រគេន និង​ផ្ដល់ជូន​ព្រះសង្ឃ​មួយអង្គ និង​យាយ​ម្នាក់ មាន​អាយុ​លើសពី ១០០​ឆ្នាំ ដែល​បាន​ស្ម័គ្រចិត្ត​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ ១៩

ចិន សារ៉ាត

​កាលពី​រសៀល​ថ្ងៃទី​២០ ខែ កញ្ញា ឆ្នាំ ២០២១ នេះ ឯកឧត្ដម​វេជ្ជបណ្ឌិត គីម​សួរ ភិ​រុណ ជាទី​ប្រឹក្សា​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ដ​កំពង់ចាម និង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​អមដំណើរ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស បាន​អញ្ជើញ​សួរសុខទុក្ខ និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រគេន និង​ផ្ដល់ជូន​លោកតា លោកយាយ ដែលមាន​អាយុ​លើសពី ១០០​ឆ្នាំ ដែល​បាន​ស្ម័គ្រចិត្ត​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​-១៩ ។

​លោកជំទាវ ក៏បាន​ពាំនាំ​ផ្តាំផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សូមឱ្យ​រក្សា​នូវ​វិធាន​ការពារ របស់​ក្រសួងសុខាភិបាល​កម្ពុជា ៣​ការពារ ៣​កុំ ឱ្យបាន​ខ្ជាប់ខ្ជួន និង​អញ្ជើញ​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ទាំង​មនុស្ស​ចាស់ យុវវ័យ និង​កុមារ​ឱ្យបាន​គ្រប់ៗ​គ្នា ។

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោកជំទាវ​រដ្ឋលេខាធិកា​រ បាន​ប្រគេន​បច្ច័យ​ចំនួន ៥០​ម៉ឺន​រៀល ដល់​ព្រះ​ឧ​ត្ត​ម​ចរិយា ស៊ា​ង លាង ព្រះ​នា​គស​ត្ថា​បាឡាត់​គណ​ខេត្ត និង​ជា​ព្រះ​អនុគណ​ស្រុក​ស្ទឹងត្រង់ ។ ក្រៅពីនោះ ក៏បាន​ប្រគេន​បច្ច័យ ដល់​ព្រះសង្ឃ​ចំនួន ៦​អង្គ ១​អង្គៗ ២​ម៉ឺន​រៀល យាយជី តាជី​ចំនួន ៣៨​នាក់ ម្នាក់ៗ​ថវិកា ១​ម៉ឺន​រៀល ។​

​លោក ទុន ណេ​ត អភិបាល ស្រុក​ស្ទឹងត្រង់ បាន​ឲ្យ​ដឹងថា អនុវត្តតាម​ការណែនាំ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ចូលរួមចំណែក​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជម្ងឺ​កូ​វីដ ១៩ គេ​សង្កេត​ជើ​ញ​ថា បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក បាន​ស្ម័គ្រចិត្ត​ទៅ​ទទួល​បាក់​សាំង​បង្ការ ជម្ងឺ​នេះ ជា​បន្តបន្ទាប់ ។ ដោយឡែក នៅក្នុង​ស្រុក​ស្ទឹងត្រង់​យើង ក៏បាន​រកឃើញ ព្រះសង្ឃ​មួយអង្គ និង​លោកយាយ​ម្នាក់ គឺ ÷ លោកយាយ អ៊ុច ស្រឿ​ន អាយុ ១០២​ឆ្នាំ រស់នៅ​ភូមិ​ព្រះ​អណ្ដូង​ទី​២ ឃុំ​ព្រះ​អណ្ដូង ស្រុក​ស្ទឹងត្រង់ និង​ព្រះអង្គ ព្រះនាម កង យឹម ព្រះជន្ម ១០៨​ព្រះវស្សា ដែលជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ជម្ពូ​ទិព្វវ័ន ហៅ​វត្ត​វាល​បំពង់ ស្ថិតនៅ​ភូមិ​វាល​បំពង់ ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ទទួល​ការលើកទឹកចិត្ត ពីស​ម្ដេច​តេ​ជោ ដែល​ពេលនេះ លោកជំទាវ​រដ្ឋលេខាធិកា​រ ក្រសួងសុខាភិបាល បានប្រគល់ និង​ប្រគេន អំណោយ​របស់​សម្តេច​តេ​ជោ នូវ​ថវិកា​ចំនួន ៣​លាន​រៀល និង​គ្រឿង​ឧបភោគបរិភោគ​រួមមាន អង្ករ មី ទឹកត្រី ទឹក​ស៊ី​អ៉ី​វ ទឹកបរិសុទ្ធ ប្រេងឆា ដល់​លោកយាយ និង​ព្រះអង្គ ផងដែរ ៕​