សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ចាម បាន​ចូលរួម​បំពេញការងារ​សង្គម​ជាមួយ​អាជ្ញាធរ​ស្រុក​ចំនួន ៥ ស្រុក​

នួន សត្យា

(​កំពង់ចាម​)៖ ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ចាម នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១ បាន​ចូលរួម​បំពេញការងារ​បម្រើ​ផលប្រយោជន៍​សង្គម ជាមួយ​អាជ្ញាធរ​ស្រុក​ចំនួន ៥ ស្រុក ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម ។

​ឯកឧត្តម ហាន កុសល អភិបាលរង​ខេត្តកំពង់ចាម និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ស​.​ស​.​យ​.​ក ស្រុក​ស្ទឹងត្រង់ បានមក​ចូលរួម​ជាមួយ​គណៈ​អភិបាលស្រុក ក្នុង​ពិធី​បើក​បវេសនកាល​នៅ​វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុនសែន មេសរ​ជ្រៃ ដែលមាន​ចំនួន ២៥​ថ្នាក់ មាន​សិស្សានុសិស្ស​សរុប​ចំនួន ៣៧៥​នាក់ ។

​ចំណែក ស​.​ស​.​យ​.​ក ស្រុក​ចំការលើ បាន​ចូលរួម​ជាមួយ​ក្រុមការងា​រ​ស្រុក ការិយាល័យ​អប់រំ នាយក លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាឃុំ ចុះ​ពិនិត្យ​ការស្តា​ប្រឡាយ​ចាស់​នៅ​ផ្នែក​ខាងក្រោយ​នៃ​ទីធ្លា សាលាបឋមសិក្សា​ស្ពឺ​(​ក​) ស្ថិតនៅ​ភូមិ​ស្ពឺ (​ក​) ឃុំ​ជយោ ស្រុក​ចំការលើ ដើម្បី​រំដោះ​ទឹក​កុំ​ឲ្យ​លិច​ក្នុង​ទីធ្លា​សាលា និង​ក្នុង​ការត្រៀម​បើក​សាលាបឋមសិក្សា​ឡើងវិញ នាពេលខាងមុខ ជួយ​សម្រួល​ដល់​សិស្សានុសិស្ស មក​សិក្សា​រៀនសូត្រ ឲ្យ​បានល្អ​ប្រសើរ​។​

​ដោយឡែក ស​.​ស​.​យ​.​ក ស្រុក​ព្រៃឈរ បាន​ចូលរួម​ជួយ​សម្របសម្រួល និង​រៀបចំ​សណ្តាប់ធ្នាប់​ជូន​ដល់​កុមារ អាយុ​ចាប់ពី ៦​ឆ្នាំ ដល់ អាយុ​ក្រោម ១២​ឆ្នាំ​ដែល​មកចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ដូ​ស​ទី​១ ទាំង ០៣​ទីតាំង​ក្នុងស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ ក្នុងនោះ លោក វ៉ាន់ វណ្ណា ដែលជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ព្រៃឈរ និង​ភរិយា ព្រមទាំង​បុត្រ បាន​ឧបត្ថម្ភ​ទឹក​សុទ្ធ​វី​តា​ល់ ០៤​កេស នៅ​ទីតាំង​ចាក់​វ៉ាក់សាំង មណ្ឌល​សុខភាព​គរ ឃុំ​គរ​។​

​និង​ក្រុម ស​.​ស​.​យ​.​ក​. ស្រុក​ជើងព្រៃ ឯណោះ​វិញ បាន​សហការ​ជាមួយ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ជើងព្រៃ ក្នុងការ​អនុវត្ត​វិធានការ ៣​ការពារ និង​៣​កុំ និង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​កុមារ ដែលមាន​អាយុ​ពី ៦ ដល់​ក្រោម ១២​ឆ្នាំ ក្នុងស្រុក​ជើងព្រៃ ខេត្តកំពង់ចាម នៅ​មណ្ឌល​ដូន​ដុំ ឃុំ​សូ​ទិ​ប​។​

​ចំពោះ ស​.​ស​.​យ​.​ក ស្រុក​ស្រី​សន្ធរ បាន​បន្ត​ចូលរួម​ការងារ​ចាក់​វ៉ាក់សាំង​ជូន កុមារ​អាយុ​ពី ៦​ឆ្នាំ រហូតដល់​ក្រោម​អាយុ ១២​ឆ្នាំ (​ដូ​ស​ទី​១) នៅ​មណ្ឌល​ចាក់​វ៉ាក់សាំង​ទាំង​៣ គឺ​បាន​ចំនួន ១០៥១​នាក់ ស្រី ៥២៥​នាក់ ។​

  • ការងារ​ចាក់​វ៉ាក់សាំង​ជូន កុមារ​និង​យុវវ័យ​អាយុ​ពី​១២ ឆ្នាំ​រហូតដល់​ក្រោម​អាយុ ១៨​ឆ្នាំ​(​ដូ​ស​ទី​១) នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក ដែល​បានមក​ចាក់​វ៉ាក់សាំង​បាន​ចំនួន ១៥​នាក់ ស្រី ០៤​នាក់ និង​បន្ត សហការ​ជាមួយនឹង ក្រុមគ្រូពេទ្យ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ (​ដូ​ស​ទី​១) ជូន​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក បាន​ចំនួន ២១​នាក់ ស្រី​០៨​នាក់ ។ ហើយ បន្ត​សហការ​ជាមួយនឹង ក្រុមគ្រូពេទ្យ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ (​ដូ​ស​ទី​២) ជូន​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក បាន​ចំនួន ២៨​នាក់ ស្រី​១៣​នាក់ និង​ការងារ​ចាក់​វ៉ាក់សាំង​ជូន កុមារ និង​យុវវ័យ​អាយុ​ពី​១២ ឆ្នាំ​រហូតដល់​ក្រោម​អាយុ ១៨​ឆ្នាំ​(​ដូ​ស​ទី​២) សរុប​មណ្ឌល​ចាក់​ទាំងបី​ក្នុងស្រុក ចំនួន ៣១​នាក់ ស្រី​១៨​នាក់​។