ខេត្តកំពង់ចាម ទទួលរង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ​នៅតាម​បណ្ដា​ក្រុង ស្រុក ដោយបាន​បង្ក​ការ​ខូ​ខាត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​

អត្ថបទ៖ ចិន សារ៉ាត

តាម​របាយការណ៍​ស្ដីពី​ផលប៉ះពាល់ នៃ​ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រ នៃ​ខេត្តកំពង់ចាម របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​បង្ហាញថា ខេត្តកំពង់ចាម បាន​ទទួលរង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង នៅតាម​បណ្ដា​ក្រុង ស្រុក ដោយបាន​បង្ក​ការ​ខូ​ខាត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ដែល​ក្នុងនោះ​មាន ៖ ប៉ះពាល់​ដំណាំ​ស្រូវវស្សា​ចំនួន ៧៨៣​ហ​.​ត (​ក្នុងស្រុក​ជើងព្រៃ និង​ស្រុក​ស្ទឹងត្រង់​) ។

លិច​ផ្លូវ​កៅស៊ូ​ប្រវែង ៧.៧០០​ម៉ែត្រ និង​ខូច​ស្រទាប់​គ្រឹះ ដាច់​ចិញ្ចើមផ្លូវ​ប្រវែង ៦.០០០​ម៉ែត្រ ខូច​ផ្លូវ​ក្រួស​ក្រហម​ប្រវែង ២.១០០​ម៉ែត្រ ស្រុត​ប្រេះ​តួ​ផ្លូវ​កៅស៊ូ​ប្រវែង ៥៥​ម៉ែត្រ បាក់​លូ​រំដោះ​ទឹក​បណ្ដោយ ៧​ម៉ែត្រ ។ ក្រៅពីនោះ ជំនន់​ទឹកភ្លៀង ក៏បាន​បង្ក​ឲ្យ​លិច​សាលារៀន​ចំនួន ១៨​កន្លែង (​ប៉ុន្តែ សាលា​បាន​បើក​ឲ្យ​ដំណើរការ​សិក្សា​វិញ​ហើយ ដោយសារ​ទឹកជំនន់ លិច​រយៈពេល​ខ្លី​) និង​បាក់​របង​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ ប្រវែង ៣០​ម៉ែត្រ (​នៅ​ឃុំ​ដងក្ដារ ស្រុក​ស្ទឹងត្រង់​) ។ ទន្ទឹមនឹង​ផលប៉ះពាល់ នេះដែរ អាជ្ញាធរ និង​ស្ថាប័ន​ជំនាញ ក៏បាន​ចុះជួយ​អន្តរាគមន៍ និង​ដោះស្រាយ​តាម​លទ្ធភាព បាន​មួយចំណែក ផងដែរ ។

​ដោយឡែក ជា​ទិសដៅ​ចំពោះមុខ ក្នុងនាម​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល ខេត្តកំពង់ចាម ក៏បាន​ណែនាំ​ដល់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ត្រូវ​បន្ត​ការតាមដាន​អំពី​ស្ថានភាព​អាកាសធាតុ សហការ​ជាមួយ​មន្ទីរ​ព័ត៌មាន​ខេត្ត និង​រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ឲ្យ​បាន​ជ្រាប​អំពី​ស្ថានភាព​អាកាសធាតុ ។ ដូចគ្នា​នោះដែរ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ក្រុង ស្រុក អប់រំ​ផ្សព្វផ្សាយ អំពី​វិធានការ​កាត់បន្ថយ​ជា​អតិបរិមា នូវ​ផលប៉ះពាល់​សុខភាព អាយុជីវិត មុនពេល អំឡុងពេល និង​ក្រោយពេល​គ្រោះមហន្តរាយ ឲ្យ​បាន​គ្រប់​មូលដ្ឋាន ជាពិសេស លើ​ការយកចិត្តទុកដាក់​ដ​ល់​ក្រុម​ងាយ​រងគ្រោះ ។

ទន្ទឹមនឹងនោះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​ត្រៀមលក្ខណៈ​គ្រប់ពេលវេលា និង​ប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប ដើម្បី ជម្លៀស​ប្រជាជន និង​សត្វពាហនៈ នៅក្នុង​តំបន់​រងគ្រោះ​ទៅកាន់​ទីទួល​សុង​វត្ថិ​ភាព ។ ចំណែកឯ មន្ទីរ​អង្គភាព រដ្ឋបាល​ក្រុង ស្រុក ត្រៀមលក្ខណៈ​រៀបចំ​ស្បៀង និង​សម្ភារៈ សម្រាប់​បង្កលក្ខណៈ​ឆ្លើយតប និង​អន្តរាគមន៍ ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយ​គ្រោះមហន្តរាយធម្មជាតិ ។ មួយវិញទៀត មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត រៀបចំ​ក្រុម​គ្រួ​ពេទ្យ​ប្រចាំការ និង​សម្ភារៈ​បរិ​ក្ឋា រួមទាំង ឱសថ ជាពិសេស ថ្នាំ​ការពារ​សត្វ​អាសិរពិស ។ ដូចគ្នា​នោះដែរ បងប្អូន​ប្រជាពលរដ្ឋ ក៏ត្រូវ​មានការ​ប្រុងប្រយ័ត្ន ផងដែរ ចំពោះ ហេតុការណ៍​ចៃដន្យ​ណាមួយ ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជិវិត ជាពិសេស ការប្រុងប្រយ័ត្ន ចំពោះ កុមារ ជនពិការ និង​ចាស់ជរា ៕