អាជ្ញាធរខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ នៅ​ស្រុក​ព្រៃឈរ និង​ស្រុក​បាធាយ ដែលជា​គ្រាប់​ស្រូវពូជ អំណោយ​របស់​សម្ដេច ហ៊ុន សែន

អត្ថបទ៖ នួន សត្យា

អភិបាលខេត្ត​កំពង់ចាម​ ឯកឧត្តម ​អ៊ុន ​ចាន់​ដា នៅ​ព្រឹក​ថ្ងៃទី ២១ ខែវិច្ឆិកា​ឆ្នាំ ២០២០ នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ នៃ​អង្គភាព​មន្ទីរ​ជុំវិញ​ខេត្ត ចុះ​ត្រួតពិនិត្យ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​ព្រៃឈរ និង​ស្រុក​បាធាយ ដែល​ពួកគាត់​បានទទួល​អំណោយ​ស្រូវពូជ ពីស​ម្ដេច​ហ៊ុន សែន ចែកជូន​តាមរយៈ​ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ។

​បើតាម​អភិបាលស្រុក​ព្រៃឈរ លោក ឡោ ចាន់​លី បានអោយដឹងថា នៅពេល​មាន​ជំនន់​ទឹកភ្លៀង​ប្រជាពលរដ្ឋ ក្នុងស្រុក​ព្រៃឈរ មាន​២​ឃុំ ដែល​រង​ផលប៉ះពាល់ គឺ​ឃុំ​តុង​រ៉ុង និង​ឃុំ​ល្វា ។

​លោក​អភិបាលស្រុក​បន្តថា នៅក្នុង​ឃុំ​ល្វា​ប៉ះពាល់​ប្រជាពលរដ្ឋ ១៦៧ គ្រួសារ នៅលើ​ផ្ទៃដី ៨៦ ហិកតា ចំណែកឯ​ឃុំ​តុង​រ៉ុង ប៉ះពាល់​ប្រជាពលរដ្ឋ ១៣២ គ្រួសារ លើ​ផ្ទៃដី ៦៨ ហិកតា ។ ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទាំងពីរ​ឃុំ​ស្មើនឹង ២៩៩ គ្រួសារ​នោះ បានទទួល​ស្រូវពូជ ដែលជា​អំណោយ​របស់​សម្ដេច ហ៊ុន សែន ផ្ដល់ជូន​តាមរយៈ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម នាពេល​កន្លងទៅនេះ ។​

​លោក​អភិបាលស្រុក​បានបញ្ជាក់​ថា ស្រូវពូជ ដែល​បាន​ចែកជូន​ទាំងនោះ​ផងដែរ បងប្អូន​ប្រជាពលរដ្ឋ បានធ្វើការ​សាប​ព្រួស ដាំ​ដុះ​រហូតមកដល់​បច្ចុប្បន្ន​នេះ ។ លោក​ថា តាម​ការពិនិត្យ​របស់​អាជ្ញាធរ ឃើញថា​គ្រាប់​ពូជស្រូវ​នោះ​ប្រជាពលរដ្ឋ​ដាំ​ដុះ​បានល្អ​រហូតដល់​ទៅ​កម្រិត ៩៥ ភាគរយ ។ ទន្ទឹមនឹង​នោះដែរ ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​ដំណាំ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សម្ដេច ហ៊ុន សែន និង​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​អាជ្ញាធរខេត្ត​កំពង់ចាម ដែល​បាន​ផ្ដល់ជូន​នូវ​ពូជស្រូវ​ដ៏​ល្អ​ទាំងនោះ ដល់​ពួកគាត់​ធ្វើ​ការដាំដុះ​នាពេលនេះ​ផងដែរ​។

​ដោយឡែក​នៅឯ​ស្រុក​បាធាយ បើតាម​លោក​ផេ​ន សុផល អភិបាលស្រុក​បាធាយ បាន​ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា ប្រជាពលរដ្ឋ​ដែល​បានទទួល​ស្រូវពូជ ចាប់​តាំងទី​ពេល​ពួកគាត់​បានទទួល ពួកគាត់​បានធ្វើការ​ព​ង្រួ​សដាំ​ដុះ ស្រូវពូជ​ទាំងនោះ​ជា​បន្តបន្ទាប់ រហូតមកដល់​បច្ចុប្បន្ន លើ​ផ្ទៃដី​ប្រមាណ​ជាជាង ១០០ ហិកតា ។​