​អភិបាលខេត្ត​កំពង់ចាម បញ្ជា​ឲ្យ​អាជ្ញាធរ យក​គ្រឿងចក្រ​កាយ​ដាក់លូ​រំដោះ​ទឹក​ចេញ នៅលើ​ចំណុច​កំណាត់​ផ្លូវជាតិ​លេខ ៦ និង​លេខ ៧ ប្រវែង​ប្រមាណ​ជា ១.០០០​ម៉ែត្រ នៅ​ចំណុច​ភូមិ​កប្បាស ឃុំ​ខ្វិត​ធំ​ស្រុក​ព្រៃឈរ បន្ទាប់ពី​រង់​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ជន់​លិច​នោះ​

ចិន សារ៉ាត

​ជំនន់​ទឹកភ្លៀង បន្ទាប់ពី​ភ្លៀង​បាន​បង្អុរ​ជាប់ៗ​គ្នា នា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ បានធ្វើ​ឲ្យ​ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ ៦ និង​លេខ ៧ ប្រវែង​ប្រមាណ​ជា ១.០០០​ម៉ែត្រ ស្ថិតនៅ​ចំណុច​ភូមិ​កប្បាស ឃុំ​ខ្វិត​ធំ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បណ្ដាល​ឲ្យ​រំខាន​ដល់​ការធ្វើ​ចរាចរណ៍ របស់​ប្រជាពលរដ្ឋ ។ នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ចាម បាន​ដឹកនាំ​មន្ត្រី​មន្ទីរ អង្គភាព​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង ដើម្បី រក​វិធីសាស្ត្រ ជំលៀស​ទឹក កុំ​ឲ្យ​លិចលង់​បន្តទៀត ដែល​ធ្វើ​ឲ្យ​ខូចខាត ដល់​ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា ប៉ះពាល់​ដល់​លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ ផងដែរ ។​

នាឱកាស​នោះ ចុះ​ពិនិត្យ​ដល់ទី​តាំង​ទឹកភ្លៀង​ជន់​លិច​នោះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន សហការ​ជាមួយ​មន្ទីរជំនាញ យក​គ្រឿងចក្រ​កាយ​ជា​ប្រឡាយ ដាក់លូ រំដោះ​ទឹក​ចេញ ដើម្បី បញ្ចៀស​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​លិច​លង់ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ។ ជាមួយ​នោះ រាល់​មធ្យោបាយ​ធ្វើដំណើរ គឺអាច​នៅ​ចរាចរណ៍​បាន​ដដែល ប៉ុន្តែ មិន​តម្រូវ​ឲ្យ​បើកបរ​ក្នុង​ល្បឿន​លឿន ហើយក៏​មានការ​សម្រួល​ចរាចរណ៍ ពី​កងកម្លាំង​សមត្ថកិច្ច ផងដែរ ៕​