លោកជំទាវ អន​ហេង លក្ខិណា អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ប្រគល់ជូន យុវ​សិស្ស​ក្រីក្រ ២​រូប នៅ​ស្រុក​ព្រៃឈរ​

​ដោយ​៖ សុខ សីលា​

​លោកជំទាវ អន​ហេង លក្ខិណា ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្តកំពង់ចាម បាន​ដឹកនាំ​សហការី ទៅ​ជួប​សំណេះសំណាល​សួរសុខទុក្ខ លើកទឹកចិត្ត និង​នាំយក​អំណោយ​សប្បុរសជន ផ្តល់ជូន​ដល់​យុវ​សិស្ស​ចំនួន ២​រូប ដែល​គ្រួសារ​មាន​ជីវភាព​លំបាក​ខ្វះខាត សម្រេចចិត្ត​បញ្ចប់​ការសិក្សា រស់នៅក្នុង ភូមិ​ត្រពាំង​សង្កែ ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម នា​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០​។​

នៅក្នុង​ដំណើរ​សួរសុខទុក្ខ​យុវ​សិស្ស​ជួប​ការលំបាក​នេះ លោកជំទាវ និង​ក្រុមការងារ​ក៏បាន​អញ្ជើញ ចូលរួម​ស្តាប់ និង​គាំទ្រ​កិច្ចប្រជុំ​ប្រចាំ​ខែមករា របស់​គណកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ ឃុំ​ជ្រៃវៀន ដែល​ប្រព្រឹត្តទៅ​នៅ​សាលាឃុំ​ជ្រៃវៀន ក្នុង​គោលបំណង​ចែករំលែក​បទពិសោធន៍ និង​លើកទឹកចិត្ត​ក្រុមការងារ​នៅ​ថ្នាក់ ឃុំ ស្រុក​។​

នៅក្នុង​កិច្ច​ប្រជុំបាន​លើកយក​លទ្ធផល និង​បញ្ហា​ប្រឈម​មួយចំនួន ដែល​ក្រុមការងារ​ថ្នាក់ ឃុំ​បាន​អនុវត្ត​ដើម្បី​រួមគ្នា​រក​ដំណោះស្រាយ និង​ផែន​ការបន្ត​អនុវត្ត​នៅ​ខែ​បន្ទាប់​។ ជា​លទ្ធផល​បាន​លើកយក​បញ្ហា​មួយចំនួន​មក​ដោះស្រាយ រួមមាន​៖
•​ ​កុមារ​ភាគច្រើន​នៅ​សាលាបឋមសិក្សា​កា​ឡោ​ង មិន​បានមក​រៀន​ទៀងទាត់​ដោយសារ​កត្តា​ជីវភាព និង​កត្តា​ខ្វះខាត​សា​លាម​ត្តេ​យ្យ​សហគមន៍ ធ្វើ​ឲ្យ​កុមារ​ភាគច្រើន​ដែលមាន​ទីលំនៅ​ឆ្ងាយ មិន​ទទួលបាន​ការសិក្សា ។​
•​ ​ផែនការ​បន្ត ស្វែងរក​មូលហេតុ សិស្ស​ដែល​មិនបាន​សិក្សា​រៀនសូត្រ​ទៀត​ទាត់​
•​ ​ជួយ​ប្រជាពលរដ្ឋ​ចាស់ជរា​គ្មាន​ទីពឹង​មាន​ជំងឺ​ដែលមាន​ជីវភាព​លំបាក​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​នៅក្នុង​ឃុំ

​លោកជំទាវ អន​ហេង លក្ខិណា បាន​កោតសរសើរ​ដល់​ក្រុមការងារ​ថ្នាក់ឃុំ តាមរយៈ​របាយការណ៍ ដែលមាន​សកម្មភាព​អនុវត្ត​យ៉ាងសកម្ម​។ លោកជំទាវ​បន្តថា អា​ជ្ងា​ធរ​ថ្នាក់មូលដ្ឋាន​ពិត​ជាមាន​សារៈសំខាន់ ក្នុង​ការបន្ត​បំរើសេវា​ជូន​ប្រជាពលរដ្ឋ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព បន្ទាប់ពី​ថ្នាក់ជាតិ និង​អា​ជ្ងា​ធរ​ថ្នាក់កណ្ដាល​។

​បន្ទាប់មក លោកជំទាវ និង​ក្រុមការងារ បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​របស់​គណៈ​ក​ម្មា​ធិ​ការពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត រួមទាំង​សប្បុរសជន ប្រគល់ជូន​យុវ​សិស្ស​ចំនួន ២​រូប ដែលមាន​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​លំបាក សម្រេចចិត្ត​ឈប់រៀន​។ យុវ​សិស្ស​ទី​១ ឈ្មោះ ឆុំ សុភាព ភេទ​ស្រី អាយុ​១៧​ឆ្នាំ រៀន​ថ្នាក់​ទី​៩ បានទទួល​ការឧបត្ថម្ភ​ពី​ក្រុម​ម៉ូតូ VFB ជា​អង្ករ សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា ៧១.០០០​រៀល រួមជាមួយ​ថវិកា​ផ្ទាល់​របស់លោក​ជំទាវ ២០០.០០០​រៀល​។ ចំណែក​យុវ​សិស្ស​ទី​២ ឈ្មោះ ឈុន ឆេង​គា ភេទ​ស្រី អាយុ​១៨ រៀន​ថ្នាក់​ទី​១២ ជា​កូនកំព្រា ឧបត្ថម្ភ​ថវិកា​ផ្ទាល់​របស់លោក​ជំទាវ អន​ហេង លក្ខិណា លោកជំទាវ ជាន ឡេង​ទាង សប្បុរសជន កិច្ចការនារី​ស្រុក សរុប ២៣៥.០០០​រៀល​។​